ដំរី Sak Surin គ្រោងនឹងបញ្ជូនពីស្រីលង្កាមកដល់ថៃវិញ នៅថ្ងៃអាទិត្យ
បាងកក៖ សត្វដំរីមានជំងឺ Sak Surin នឹងត្រូវបញ្ជូនពីប្រទេសស្រីលង្កា មកកាន់ប្រទេសថៃវិញ នាថ្ងៃទី២ កក្កដា ខាងមុខនេះ។
មជ្ឈមណ្ឌលអភិរក្សដំរីថៃបាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះថា ប្រជាជន និងសារព័ត៌មាន ត្រូវបានអញ្ជើញឱ្យទៅស្វាគមន៍ ដំរី “Sak Surin” ដែលជាដំរីថៃមួយក្បាល ក្នុងចំណោមបីក្បាល ដែលបានផ្តល់ជាអំណោយដល់ប្រទេសស្រីលង្កា នាថ្ងៃអាទិត្យ ២ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ។
ដំរី Sak Surin ត្រូវបានផ្តល់ជាអំណោយដល់ប្រទេសស្រីលង្កា ក្នុងឆ្នាំ ២០០១ ដោយពេលនោះ ដំរីមានអាយុប្រហែល ១០ ឆ្នាំ។ រដ្ឋាភិបាលស្រីលង្កាបានផ្ទេរកម្មសិទ្ធិលើ Sak Surin ទៅប្រាសាទ Kande Vihara ដើម្បីបម្រើជាអ្នកដឹកជញ្ជូនព្រះសារីរិកធាតុ របស់ព្រះពុទ្ធដ៏បរិសុទ្ធ ក្នុងអំឡុងពេលពិធីគោរពបូជា។ ក្រោយមក គេបានរកឃើញថា ដំរី Sak Surin មានបញ្ហាសុខភាពធ្ងន់ធ្ងរ បន្ទាប់ពីព្យាបាលមិនបាន។
មជ្ឈមណ្ឌលបាននិយាយថា ការហោះហើររបស់ដំរី ពីស្រីលង្កាទៅកាន់ប្រទេសថៃនឹងចំណាយពេលប្រហែលប្រាំមួយម៉ោង។ ប្រភពបានបន្ថែមថា មន្ត្រី រួមទាំងពេទ្យសត្វ នឹងធានាថា សត្វដំរីនេះ នឹងមានភាពសុខសាន្ត បន្ទាប់ពីការវិលត្រឡប់មកវិញ និងទទួលការព្យាបាល និងការស្តារឡើងវិញ។
ដំរី Sak Turin នឹងស្នាក់នៅមជ្ឈមណ្ឌលអភិរក្សដំរីថៃ ក្នុងស្រុក Hang Chat នៃខេត្ត Lampang យ៉ាងហោចណាស់ ៣០ ថ្ងៃ ផ្អែកតាមបទប្បញ្ញត្តិគ្រប់គ្រងជំងឺឆ្លងរីករាលដាល នៃសត្វ។
មជ្ឈមណ្ឌលបានបន្ថែមថា នឹងមានការអនុញ្ញាតឱ្យប្រជាជនបានឃើញដំរី Sak Surin ទល់មុខគ្នា នៅពេលដែលដំរីបានជាសះស្បើយ និងស្គាល់ផ្ទះថ្មីរបស់វា៕ ប្រភពពី The Nation ប្រែសម្រួល៖ សារ៉ាត


