សម្ដេចតេជោ ហ៊ុន សែន អរគុណប្រជាពលរដ្ឋគ្រប់ទិសទីដែលបានផ្តល់យុត្តិធម៌ និងគាំទ្រគណបក្សប្រជាជនកម្ពុជា
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអរគុណដល់ប្រជាពលរដ្ឋគ្រប់ទិសទីដែលបានផ្តល់យុត្តិធម៌ និងគាំទ្រគណបក្សប្រជាជនកម្ពុជា ធ្វើឲ្យគណបក្សមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបំពេញលទ្ធភាព បម្រើប្រជាជន និងជាតិបានយ៉ាងជោគជ័យរយៈពេល ៤៤ឆ្នាំកន្លងមកនេះ។
សម្តេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជាបានថ្លែងដូច្នេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងមីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៧២ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៧ នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣ នៅមុខសាលមហោស្រពកោះពេជ្រ ។

សម្ដេចតេជោ បានលើកឡើងថា ការកសាងមាតុភូមិកម្ពុជា គឺជាការផ្លាស់ប្តូរដ៏ធំធេងរបស់ព្រះរាជាណាចក្រកម្ពុជា ខណៈដែលគណបក្សប្រជាជនកម្ពុជា បាននាំមកជូនប្រជាជនដោយសច្ចធម៌ប្រវត្តិសាស្ត្រ ដែលគ្មានជនណា ឬកម្លាំងណា អាចបដិសេធបានឡើយ។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ក្នុងឱកាសដ៏វិសេសវិសាលនេះ ទូលបង្គំយើងខ្ញុំទាំងអស់គ្នា សូមសម្តែងគារវៈភក្ដីភាព និងកតញ្ញូតាធម៌ថ្វាយព្រះករុណា ព្រះបរមនាថ នរោត្តម សីហមុនី ព្រះហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចព្រះមហាក្សត្រិយ៍ នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គលជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតដែលកំពុងគង់ប្រថាប់ជានិមិត្តរូប នៃឯកភាពជាតិ និងនិរន្តរភាពជាតិ និងជាម្លប់ដ៏ត្រជាក់សុខក្សេមក្សាន្ត នៃប្រជាជាតិខ្មែរទាំងមូល។
សម្តេចតេជោ បានបន្តថា អស់រយៈពេល ៤៤ឆ្នាំកន្លងទៅនេះ បន្ទាប់ពីជ័យជម្នះ៧ មករាជាប្រវត្តិសាស្រ្តរំលំរបបប្រល័យពូជសាសន៍ គណបក្សប្រជាជនកម្ពុជាបានផ្សារភ្ជាប់រួមសុខ រួមទុក្ខជាមួយប្រជាជន៕
អត្ថបទ៖ វណ្ណលុក , រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ