សម្ដេចតេជោ ហ៊ុន សែន៖ ក្នុងនីតិកាលទី៦ នៃរដ្ឋសភា រាជរដ្ឋាភិបាល បានការពារយ៉ាងរឹងមាំនូវសន្តិភាព ស្ថិរភាព សន្តិសុខ ធានាដល់ការរស់នៅដ៏សុខសាន្ដរបស់ប្រជាជន
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងមីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៧២ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៧ នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣ នៅមុខសាលមហោស្រពកោះពេជ្រ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងថា នៅក្នុងនីតិកាលទី៦ នៃរដ្ឋសភា រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលមានរូបសម្ដេចជានាយករដ្ឋមន្ត្រី បានការពារយ៉ាងរឹងមាំនូវសន្តិភាព ស្ថិរភាព សន្តិសុខ និងសណ្ដាប់ធ្នាប់សង្គម ដែលបានធានាដល់ការរស់នៅដ៏សុខសាន្ដរបស់ប្រជាជន ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងការពង្រឹងពង្រីកប្រជាធិបតេយ្យ។
សម្ដេចបន្តថា សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋត្រូវបានគោរព ការពារ និងលើកស្ទួយ, វិស័យសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ អប់រំ សុខាភិបាល ការងារ និងវិស័យផ្សេងៗទៀតកាន់តែមានភាពរីកចម្រើន, កម្រិតជីវភាពប្រជាជនក៏កាន់តែបានប្រសើរឡើងជាលំដាប់។ សមិទ្ធផលថ្មីៗច្រើនអនេករួមមាន ផ្លូវ ស្ពាន ប្រព័ន្ធធារាសាស្ត្រ បណ្ដាញទឹកស្អាត អណ្តូងទឹក ភ្លើងអគ្គិសនី ប្រព័ន្ធព័ត៌មាន រោងចក្រ កសិដ្ឋាន សំណង់តូចធំ មណ្ឌលពាណិជ្ជកម្ម សាលារៀន មន្ទីរពេទ្យ វត្តអារាម។ល។ ត្រូវបានកសាងពង្រីកទាំងនៅទីក្រុង ទាំងនៅជនបទ និងតំបន់ព្រំដែន។ គ្មានមូលដ្ឋានណាដែលនៅឆ្ងាយដាច់ស្រយាលមិនអាចទៅដល់ និងគ្មានការអភិវឌ្ឍនោះឡើយ។

សម្ដេចតេជោ បានបន្ថែមថា ពេលត្រូវប្រឈមនឹងការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលបានដឹកនាំការប្រយុទ្ធទប់ស្កាត់ជំងឺដ៏កាចសាហាវនេះប្រកបដោយជោគជ័យ ការពារបានអាយុជីវិតប្រជាជន រក្សាបានលំនឹងជីវភាព និងលំនឹងសេដ្ឋកិច្ច និងធ្វើឱ្យសេដ្ឋកិច្ចជាតិអាចងើបឡើងវិញយ៉ាងឆាប់រហ័សក្រោយវិបត្តិជំងឺកូវីដ-១៩ ហើយកំពុងត្រឡប់មកស្ថិតលើគន្លងនៃកំណើនជាសក្ដានុពលវិញ។
សម្ដេចបញ្ជាក់ថា រាជរដ្ឋាភិបាល ក៏បានដាក់ចេញ និងអនុវត្តដោយប្រសិទ្ធភាព នូវវិធានការគោលនយោបាយជាច្រើនដើម្បីលើកស្ទួយផលិតកម្ម បង្កើនការងារ និងមុខរបររបស់ប្រជាជន ពង្រឹងពង្រីកសេវាសាធារណៈ ពង្រឹងយុត្តិធម៌ សមធម៌ និងសុខដុមនីយកម្មសង្គម ព្រមទាំងលើកកម្ពស់ការគាំពារសង្គមសម្រាប់ប្រជាជនគ្រប់រូប ជាពិសេសប្រជាជនក្រីក្រ និងងាយរងគ្រោះ ក្នុងស្មារតីមិនបោះបង់ពលរដ្ឋខ្មែរណាម្នាក់ឡើយ។
សម្ដេចថា ទន្ទឹមនឹងភាពរឹងមាំនៃកត្តាផ្ទៃក្នុងជាតិ កិត្យានុភាពកម្ពុជាកាន់តែបានលើកកម្ពស់នៅលើផ្ទៃរាបអន្តរជាតិ ជាពិសេស តាមរយៈជោគជ័យនៃការរៀបចំ និងដឹកនាំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា, ការរៀបចំអង្គរសង្ក្រាន្ដ, ការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២, ការអនុវត្តនយោបាយការបរទេសឯករាជ្យផ្អែកលើច្បាប់ និងស្មារតីមនុស្សធម៌ដ៏ធំធេង បានធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់កម្ពុជាកាន់តែលេចត្រដែតឡើង។

សម្ដេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា បានបន្តទៀតថា ឆ្លងតាមសមិទ្ធផលដ៏ថ្លៃថ្លាទាំងអស់នេះ ជាសក្ខីភាពដែលបង្ហាញច្បាស់ថា ព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងធ្វើដំណើរទៅមុខលើមាគ៌ាដ៏ត្រឹមត្រូវ ប្រកបដោយក្ដីសង្ឃឹមជឿជាក់ ឆ្ពោះទៅរកអនាគតដ៏ភ្លឺស្វាង។ ព្រមជាមួយនោះ ក៏បានឆ្លុះបញ្ចាំងឱ្យឃើញច្បាស់នូវការចូលរួមរបស់ប្រជាជនកម្ពុជាគ្រប់ស្រទាប់, គ្រប់ជនជាតិ និងគ្រប់ជំនឿសាសនា, មន្ត្រីរាជការ, កងកម្លាំងប្រដាប់ឤវុធ យុវជន-នារី កម្មករ កសិករ ព្រះសង្ឃ បព្វជិតនៃសាសនានានា បញ្ញវន្ដ វិនិយោគិន និងមជ្ឈដ្ឋានចម្រើនជឿនលឿនទាំងឡាយក្នុងសង្គម ដើម្បីឧត្តមប្រយោជន៍នៃប្រទេសជាតិ ប្រកបដោយមនសិការស្នេហាជាតិដ៏ឧត្តុង្គឧត្តម ៕
អត្ថបទ៖ វណ្ណលុក , រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ