ខាតបង់ជាង៨.៧លានដុល្លារ ពីការឆេះឡានក្រុងក្នុងកុប្បកម្ម នៅបារាំង
ប៉ារីស៖ ឆេះឡានក្រុង១២គ្រឿង តម្លៃជាង៨.៧លានដុល្លារ ក្នុងពេលផ្ទុះកុប្បកម្ម នៅទូទាំងប្រទេសបារាំង។
មន្ត្រីជាន់ខ្ពស់ក្រសួងដឹកជញ្ជូនបារាំងបាននិយាយថា មានការខូចខាតជិត ៨ លានអឺរ៉ូ ឬជាង៨.៧លានដុល្លារ បន្ទាប់ពីឡានក្រុងបានឆាបឆេះ អំឡុងកុប្បកម្ម។
លោក ក្លេមិន បោន (Clément Beaune) អនុរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន និងលោក ហ្សង់ ខាស្ទែក ( Jean Castex) អតីតនាយករដ្ឋមន្ត្រីបារាំង និងជាប្រធានក្រុមដឹកជញ្ជូន RATP ធ្វើទស្សនកិច្ចនៅជាយក្រុងប៉ារីស អ៊ូបឺវីលឺស៍ (Aubervilliers) ជាកន្លែងដែលរថយន្តក្រុងត្រូវបានកំណត់គោលដៅដុតបំផ្លាញ នៅពេលយប់ ដែលបណ្តាលឱ្យមានការបំផ្លិចបំផ្លាញចំនួន ១២ គ្រឿង។

អំពើហិង្សាបានផ្ទុះឡើងទូទាំងប្រទេស បន្ទាប់ពីប៉ូលីសបានសម្លាប់ យុវជន ណាហែល (Nahel) អាយុ ១៧ ឆ្នាំដែលត្រូវបានបាញ់សម្លាប់នៅក្នុងឡាន អំឡុងពេលបដិសេធការបញ្ឈប់ចរាចរណ៍របស់នគរបាល។
លោកប្រធានាធិបតី ម៉ាក្រុង (Macron) បានព្យាយាមបំបាត់កុប្បកម្ម ដោយអះអាងថា បារាំងដែលមិនអាចទទួលយកបាន។
ប្រធានាធិបតីបារាំងលោក អេម មែននូអែល ម៉ាក្រុង (Emmanuel Macron) កាលពីថ្ងៃសុក្រ សប្តាហ៍នេះ បានប្រកាសវិធានការរួមទាំងប៉ូលីសបន្ថែមទៀត និងបានជំរុញឪពុកម្តាយឱ្យណែនាំកូនមិនទាន់គ្រប់អាយុ លើការធ្វើដំណើរនៅតាមផ្លូវ ខណៈដែលលោកបានប្រយុទ្ធ ដើម្បីទប់ស្កាត់កុប្បកម្មពេលយប់ ជុំវិញការបាញ់សម្លាប់យុវជនម្នាក់ ដោយមន្ត្រី នៅចំណតចរាចរណ៍៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត