ឯកឧត្តម ឌិត ទីណា អរគុណចំពោះការស្ម័គ្រចិត្តចូលរួមរបស់សកម្មជនគណបក្សចំនួន ៣.០៧៦រូប ព្រមទាំងអបអរសាទរសមាជិកថ្មីទាំង ១.២៨៥រូប
(ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា ប្រធានគណៈកម្មាធិការគណបក្ស ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅល្ងាចថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញជួប សំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងសមាជិក សមាជិកា គណបក្ស នៃគណៈកម្មាធិការគណបក្ស ក្រសួងកសិកម្ម នាវិមាន៧មករា។

ឯកឧត្តម បានសម្តែងនូវអារម្មណ៍សប្បាយរីករាយ និងថ្លែងអំណរគុណចំពោះការស្ម័គ្រចិត្តចូលរួមរបស់សកម្មជនគណបក្សចំនួន ៣.០៧៦រូប ព្រមទាំងអបអរសាទរសមាជិកថ្មីទាំង ១.២៨៥រូបផងដែរ។

ឯកឧត្តម ឌិត ទីណា បានសង្កត់បញ្ជាក់ថា ភាពជាសមាជិកបក្សមានកាតព្វកិច្ចគឺត្រូវបោះឆ្នោតជូនបក្ស ហើយសកម្មជនបក្សត្រូវជួយការងារបក្ស ជួយបក្សឱ្យឈ្នះឆ្នោត ជូនថ្នាក់ដឹកនាំតាមការចាត់តាំង ដែលការងារនេះត្រូវមានភាពវៃឆ្លាតក្នុងការងារមូលដ្ឋាន និងផ្សព្វផ្សាយតាមបណ្តាញសង្គមផ្សេងៗតាមគ្រប់រូបភាព ដើម្បីទទួលបានជ័យជំនះជូនគណបក្ស ។

គួរជម្រាបថា យុទ្ធនាការឃោសនាបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ បានប្រព្រឹត្តទៅរយៈពេល២១ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី០១ ខែកក្កដា ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ នេះបើតាមប្រតិទិនរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ។ សម្រាប់ថ្ងៃទី២២ ខែកក្កដា គឺជាថ្ងៃស គ.ជ.ប បានហាមប្រាមដល់គណបក្សនយោបាយទាំងអស់មិនឱ្យធ្វើសកម្មភាពឃោសនា ឬសកម្មភាពនយោបាយអ្វីមួយនោះឡើយ ពោលគឺគ្រប់គណបក្សនយោបាយទាំងអស់ត្រូវរក្សាភាពស្ងប់ស្ងាត់ ។ ការបោះឆ្នោតនឹងប្រព្រឹត្តទៅរយៈពេល១ថ្ងៃ គឺនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ៕
ប្រភព៖ក្រសួងកសិកម្ម

