គយ និងប្រៃសណីយ៍កម្ពុជា ចុះអនុស្សរណៈជាមួយគ្នា ដើម្បីការគ្រប់គ្រងនិងការផ្លាស់ប្តូរព័ត៌មានកញ្ចប់បញ្ញើប្រៃសណីយ៍
ភ្នំពេញ៖ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងប្រៃសណីយ៍កម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់គ្នា(MoU)ស្តីពីការគ្រប់គ្រងនិងការផ្លាស់ប្តូរព័ត៌មានកញ្ចប់បញ្ញើប្រៃសណីយ៍ ដែលអនុស្សរណៈនេះ គឺជាជំហានដ៏សំខាន់មួយទៀតក្នុងការពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រង ពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងកាត់ព្រំដែន (Cross Border e-Commerce)។
ពិធីចុះអនុស្សរណៈនេះធ្វើឡើងកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ នៅអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដែលមានការចូលរួមផ្ទាល់ពីថ្នាក់ដឹកនាំនិងមន្ត្រីអង្គភាពពាក់ព័ន្ធក្រោមឱវាទស្ថាប័នទាំងពីរ និងតាមប្រព័ន្ធវីដេអូពីតំណាងក្រសួងពាណិជ្ជកម្ម, Global Alliance for Trade Facilitation/Swisscontact, UNCTAD, សហភាពប្រៃសណីយ៍សកល (UPU) និងអ្នកជំនាញការមួយចំនួនផងដែរ។
ឯកឧត្តម គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (e-Commerce) មានការកើនឡើងជាបន្តបន្ទាប់ និងមានលក្ខណៈកាន់តែស្មុគ្រស្មាញ។ ឯកឧត្តមថា៖« ការធ្វើសន្ធានកម្មប្រព័ន្ធស្វ័យប្រវត្តិកម្មនៃស្ថាប័នទាំងពីរ គឺដើម្បីផ្លាស់ប្តូរ វិភាគ និងគ្រប់គ្រងព័ត៌មានបញ្ញើប្រៃសណីយ៍ សំដៅពង្រឹងអនុលោមភាពនៃការបំពេញកាតព្វកិច្ចពន្ធអាករ និងកាតព្វ-កិច្ចផ្សេងទៀត ដែលតម្រូវឱ្យមាន អាជ្ញាប័ណ្ណ លិខិតអនុញ្ញាត ឬវិញ្ញាបនបត្រនានា»។
ឯកឧត្តមបានបន្ថែមថា ខាងគយពិតជាអរគុណដល់គម្រោង Go4eCAM និងសម្ព័ន្ធសកលសម្រាប់កិច្ចសម្រួលពាណិជ្ជកម្ម (GATF) តាមរយៈគម្រោង SeT4SME រួមជាមួយនឹងដៃគូអនុវត្តគម្រោងដទៃទៀត ជាពិសេសគឺ Swisscontact, UNCTAD និងសហភាពប្រៃសណីយ៍សកល (UPU) សម្រាប់ការគាំទ្រធនធានផ្នែកបទពិសោធន៍និងហិរញ្ញវត្ថុ ដើម្បីឱ្យគម្រោងនេះអាចដំណើរការទៅបាន។
ឯកឧត្តម ថេន សំវិសុទ្ធ អគ្គនាយកប្រៃសណីយ៍កម្ពុជា បានលើកឡើងបន្ថែមថា ការធ្វើសន្ធានកម្មប្រព័ន្ធស្វ័យប្រវត្តិកម្មនេះ នឹងដោះស្រាយបាននូវបញ្ហាប្រឈមនានាកន្លងមក ដើម្បីធ្វើឱ្យដំណើរការបំពេញបែបបទបញ្ញើប្រៃសណីយ៍កាន់តែមានភាពឆាប់រហ័ស និងអាចគ្រប់គ្រងបាននូវហានិភ័យនានាជាយថាហេតុ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការជំរុញពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។
សូមបញ្ជាក់ផងដែរថា គម្រោងធ្វើសន្ធានកម្មប្រព័ន្ធស្វ័យប្រវត្តិកម្មទិន្នន័យគយ (ASYCUDA) របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងប្រព័ន្ធប្រកាសគយ (CDS) របស់ប្រៃសណីយ៍កម្ពុជា នឹងចូលរួមគាំទ្រពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកបន្ថែមទៀត ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតនិងចក្ខុវិស័យវែងឆ្ងាយរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងស្របតាមឧត្តមានុវត្តនិងគោលការណ៍ណែនាំជាអន្តរជាតិ ជាពិសេសសេចក្តីណែនាំរបស់អង្គការគយពិភពលោកនិងសហភាពប្រៃសណីយ៍សកល៕ ដោយ៖ វណ្ណ សុជាតា