គណៈវិស្វករកម្ពុជា រៀបចំវគ្គបណ្តុះបណ្តាលស្តីពី នីតិវិធីនៃការធ្វើអធិការកិច្ចវិស្វកម្មអាស៊ាន ដើម្បីបង្កើនសមត្ថភាព ប្រតិបត្តិវិជ្ជាជីវៈ ក្នុងការងារវិស្វកម្មការប្រើប្រាស់អគ្គិសនី
ភ្នំពេញ៖ អគ្គលេខាធិការដ្ឋានគណៈវិស្វករកម្ពុជា សហការ ជាមួយក្រសួងរ៉ែ និងថាម ពល បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី នីតិវិធីនៃការធ្វើអធិការកិច្ចវិស្វកម្មអាស៊ាន ក្រោម វត្តមាន ឯកឧត្តម សុខុម រិទ្ធីវុធ អគ្គលេខាធិការដ្ឋាននៃគណៈវិស្វករកម្ពុជា ដោយមានការ ចូលរួមពីវិស្វករ យ៉ាវ ចៅហ្វុង (Yau Chau Fong) ប្រធានអធិការកិច្ចវិស្វកម្មអាស៊ាននៃការតម្លើងអគ្គិសនី, ឯកឧត្តមបណ្ឌិត ចាន់ សុដាវ៉ាត រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល ជាវាគ្មិនសម្រាប់សិក្ខាសាលានេះ ព្រមទាំងមានការចូលរួម ពីអគ្គលេខាធិការរងគណៈវិស្វករកម្ពុជា វិស្វករជាតិ អន្តរជាតិជាច្រើនរូប នៅសាលសន្និសីទអគ្គនាយកដ្ឋានប្រេងកាត តាមបណ្តោយមហាវិថី សហព័ន្ធរុស្សី ក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ថ្លែងក្នុងវគ្គបណ្តុះបណ្តាលនាថ្ងៃទី៣០មិថុនា លោកជំទាវ ខ្វៃ សុភាព អគ្គលេខាធិការរងទទួលបន្ទុកផ្នែកអប់រំ និងបណ្ដុះបណ្ដាល នៃគណៈវិស្វករកម្ពុជា មានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលនេះ នឹងធ្វើឱ្យប្រសើរឡើងនូវធនធានបញ្ញាវន្តវិស្វកម្ម ទទួលបានចំណេះដឹង តាមបែបវិទ្យាសាស្ត្រទំនើប និងបទពិសោធន៍ថ្មីៗបន្ថែមទៀត ។

ឯកឧត្តម ចាន់ សុដាវ៉ាត មានប្រសាសន៍ថា ការរៀបចំវគ្គបណ្តុះបណ្ដាល ស្ដីពីនីតិវិធី នៃការធ្វើអធិការកិច្ចវិស្វកម្មអាស៊ាន ពិតជាមានសារៈសំខាន់ ដែលរូមចំណែកបង្កើនសមត្ថភាពជំនាញ និងផ្តល់បទពិសោធន៍ថ្មីៗ តាមរយៈការចែករំលែកប្រធានបទជាច្រើន។ ឯកឧត្តមរដ្ឋលេខាធិការ បានបន្តថា អគ្គិសនី កំពុងដើរតួនាទីយ៉ាងសំខាន់នៅក្នុងជីវភាពរស់នៅ របស់ប្រជាជនកម្ពុជានាពេលបច្ចុប្បន្ន និងអនាគត។ កំណើន នៃសេចក្តីត្រូវការអគ្គិសនីនេះ ក៏នាំឲ្យមានការកើនឡើងនៃប្រព័ន្ធ ចែកចាយអគ្គិសនីនៅទីសាធារណៈ ក្នុងបរិវេណអគារ និងក្នុងលំនៅដ្ឋាន។ ការកើនឡើងនៃប្រព័ន្ធអគ្គិសនីទាំងនេះ អាចបង្កើតឲ្យមានហានិភ័យ និង គ្រោះថ្នាក់ផ្សេងៗ ដែលបណ្តាលមកពី ការរៀបចំ ការតម្លើង ការប្រើប្រាស់ប្រព័ន្ធខុសលក្ខណៈបច្ចេកទេស ខ្វះគោលការណ៍សុវត្ថិភាព និងពុំមានវិធានការការពារសុវត្ថិភាពផ្សេងៗ។ ហានិភ័យគ្រោះថ្នាក់ដោយសារប្រព័ន្ធអគ្គិសនីទាំងនោះរួមមាន អគ្គិភ័យបំផ្លាញទ្រព្យសម្បត្តិ អគ្គិសនីឆក់មនុស្ស-សត្វ។ល។

ក្នុងឱកាសនេះ ឯកឧត្តម សុខុម រិទ្ធីវុធ មានប្រសាសន៍ថា ក្នុងយុគសម័យបច្ចេកវិទ្យាទំនើបនេះ ការបណ្ដុះបណ្ដាលវិស្វករ យុវវិស្វករ ដែលជាកម្លាំងចលករដ៏សំខាន់បំផុតមិនអាចខ្វះបាន ដើម្បីដើរតាមបច្ចេកវិទ្យាទំនើប និងចូលរួមបង្កើតគំនិតថ្មីៗ ទាញយកអត្ថប្រយោជន៍ជាអតិបរិមាពីបច្ចេកវិទ្យាទំនើបទាំងនោះ រួមចំណែកក្នុងការអភិវឌ្ឍសង្គមជាតិ។ ថ្ងៃនេះវាគ្មិនកម្ពុជា ម៉ាឡេស៊ី និងហ្វីលីពីន ដែលមានបទពិសោធន៍ និងជំនាញច្រើនឆ្នាំ លើវិស័យវិស្វកម្ម ដោយផ្ដល់បទបង្ហាញអំពីវិធីសាស្រ្តការពារចរន្តលើស និងតង់ស្យុងលើសក្នុងប្រព័ន្ធអគ្គិសនី ការបំពាក់ប្រព័ន្ធអគ្គិសនី តាមអគារ និងលំនៅដ្ឋាន ទិដ្ឋភាពទូទៅនៃស្តង់ដារ និងបទប្បញ្ញត្តិផលិតកម្មអាស៊ាន និងការចុះសម្រុងគ្នា នៃសៀវភៅណែនាំត្រួតពិនិត្យចំហាយក្នុងបណ្ត ប្រទេសអាស៊ាន ជូនដល់វិស្វករចុះបញ្ជីនៅគណៈវិស្វករកម្ពុជា ដើម្បីជាបច្ច័យសម្រាប់ការប្រតិបត្តិវិជ្ជាជីវៈវិស្វកម្មនៅកម្ពុជា ក៏ដូចជាក្នុងតំបន់អាស៊ានផងដែរ។

ឯកឧត្តម អគ្គលេខាធិការ បានបន្ថែមថា គណៈវិស្វករកម្ពុជា គឺជាអាជ្ញាធរវិស្វកម្មជាតិតែមួយគត់ ដែលត្រូវបានបង្កើតឡើងក្នុងគោលបំណងប្រមូលផ្ដុំចុះបញ្ជីវិស្វករគ្រប់គ្រង និងអភិវឌ្ឍជំនាញវិជ្ជាជីវៈនៅកម្ពុជា ស្របទៅនឹងការវិវឌ្ឍសង្គមសេដ្ឋកិច្ច និងកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើសេវាកម្មវិស្វកម្មតំបន់អាស៊ាន និងរួមចំណែករៀបចំការប្រតិបត្តិវិជ្ជាជីវៈវិស្វកម្មឱ្យកាន់តែល្អប្រសើរ ពង្រឹងសមត្ថភាពបច្ចេកទេសគ្រប់ជំនាញ និងពង្រីកធនធានមនុស្សឱ្យស្របតាមកាលៈទេសៈបច្ចុប្បន្ន និងអនាគត ដើម្បីធានាឱ្យការប្រកបវិជ្ជាជីវៈវិស្វកម្មមានគុណភាព ប្រសិទ្ធភាព សុវត្ថិភាព ស្ថិរភាព និងការទទួលខុសត្រូវខ្ពស់ ។ ក្នុងពិធីនេះផងដែរ ឯកឧត្តម សុខុម រិទ្ធីវុធ ក៏បានចែកវិញ្ញាបនបត្រជូនដល់សិក្ខាកាម ចំនួន២៥០នាក់ផងដែរ ៕
ដោយ៖ វណ្ណលុក
