ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញបើកយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នៃរដ្ឋសភា នៅស្រុកពាមរ ខេត្តព្រៃវែង
ព្រៃវែង៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា សមាជិក គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុ ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តព្រៃវែង នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពីធីរំលឹកខួបលើកទី៧២នៃថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា និងពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នៃរដ្ឋសភា ដោយមានការចូលរួមពីសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា យ៉ាងច្រើនកុះករ។

បន្ទាប់ពីសា្តប់សេចក្តីថ្លែងបើកយុទ្ធនាការឃោសនាបោះឆ្នោតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជន កម្ពុជា ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលដែលដឹកនាំ ដោយគណបក្សប្រជាជនកម្ពុជា មានគោលនយោបាយច្បាស់លាស់ ក្នុងការថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ ដោយកសាងបាននូវសមិទ្ធផលជាច្រើនគ្រប់វិស័យ នៅទូទាំងប្រទេស ដូចដែលយើងទាំងអស់គ្នាបានដឹង និងបានឃើញស្រាប់។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ក៏បានមានប្រសាសន៍គូសបញ្ជាក់អំពីសមិទ្ធផល និងស្នាដៃធំៗជាច្រើនដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបានក្នុងរយៈពេល៥ឆ្នាំ ក្នុងនោះមាន ដូចជាកិច្ចការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ ការគោរពប្រតិបត្តិរដ្ឋធម្មនុញ្ញ ការគោរពប្រតិបត្តិប្រកបដោយភក្ដីភាពចំពោះ អង្គព្រះមហាក្សត្រ និងរបបរាជានិយម ការបង្កាទប់ស្កាត់ជំងឺកូវីដ-១៩ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ព្រមទាំងការរៀបចំ ជោគជ័យនូវកិច្ចប្រជុំអាស៊ាន និងព្រឹត្តិការណ៍កីឡាស៊ីហ្គេមជាដើម។

ទន្ទឹមនឹងនោះឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានសុំអោយប្រជាពលរដ្ឋខេត្តព្រៃវែង និងប្រជាពលរដ្ឋទូទាំងប្រទេសទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមាន លេខ រៀងទី១ ៨ក្នុងសន្លឹកឆ្នោតដើម្បីសន្តិភាព និងការអភិវឌ្ឍន៍៕
ដោយ ហេង សម្បត្តិ

