គ.ជ.ប៖ ស្ថានភាពថ្ងៃទី១ នៃការឃោសនាបោះឆ្នោតបានប្រព្រឹត្តទៅដោយរលូន គ្មានអំពើហិង្សា មានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ
ភ្នំពេញ៖ នៅថ្ងៃដំបូងនៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ត្រូវនឹងថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ គណបក្សនយោបាយឈរឈ្មោះបោះឆ្នោតទាំងអស់ បានធ្វើសកម្មភាពឃោសនាបោះឆ្នោតតាមការកំណត់ និងតាមរូបភាពផ្សេងៗគ្នា ដែលរួមមានជាអាទិ៍ ការជួបប្រជុំ ការសម្ដែងសិល្បៈ ការហែក្បួនឃោសនា ការចាក់មេក្រូផ្សព្វផ្សាយនៅទីស្នាក់ការគណបក្ស និងចល័ត តាមភូមិ និងការចែកខិត្តបណ្ណជាដើម។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប នៅល្ងាចថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣នេះ។

គ.ជ.ប បានបន្តថា ផ្អែកតាមរបាយការណ៍របស់គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធខប) បានកត់សម្គាល់ឃើញថា គណបក្សប្រជាជនកម្ពុជា បានធ្វើសកម្មភាពហែក្បួនឃោសនាទ្រង់ទ្រាយធំនៅ គ្រប់មណ្ឌលបោះឆ្នោតទាំងអស់ ដែលមានអ្នកចូលរួមជាច្រើនកុះករ។ ដោយឡែក គណបក្សនយោបាយមួយចំនួនទៀត ដូចជា គណបក្សខ្មែរួបរួមជាតិ គណបក្សខ្មែរឈប់ក្រ និងគណបក្សឯកភាពជាតិខ្មែរ ក៏បានធ្វើសកម្មភាពហែក្បួនឃោសនាបោះឆ្នោតនៅតាមមណ្ឌលបោះឆ្នោតមួយចំនួនដែលខ្លួនឈរឈ្មោះបោះឆ្នោតផងដែរ។

ជារួមដោយសារមានកិច្ចសហការល្អពីសំណាក់អាជ្ញាធរដែនដី កងកម្លាំងមានសមត្ថកិច្ច ជាមួយគណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ និងគណបក្សនយោបាយផងនោះ ដំណើរការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយនៅថ្ងៃដំបូងនេះ បានប្រព្រឹត្តទៅដោយរលូន គ្មានអំពើហិង្សា មានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ និងពុំមានបាតុភាពណាមួយកើតឡើងគួរឱ្យ កត់សម្គាល់ឡើយ។

សូមជម្រាបជូនថា ការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ មានរយៈពេល២១ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣។
ដោយ៖ពលជ័យ
