បញ្ហាការនាំចេញ នាំឲ្យកំណើនសេដ្ឋកិច្ចវៀតណាមយឺត
ហាណូយ៖ កំណើនសេដ្ឋកិច្ចរបស់វៀតណាមបានធ្លាក់ចុះក្នុងឆមាសទីមួយនៃឆ្នាំនេះ ដោយសារការធ្លាក់ចុះនៃតម្រូវការ បានប៉ះពាល់ដល់ការនាំចេញ។
ប្រទេសអាស៊ីអាគ្នេយ៍ ដែលជាមជ្ឈមណ្ឌលផលិតកម្មពិភពលោកសម្រាប់សម្លៀកបំពាក់ ស្បែកជើង និងគ្រឿងអេឡិចត្រូនិកមួយនេះ បានពង្រីកកំណើនសេដ្ឋកិច្ច ៣.៧២ ភាគរយ ចន្លោះពីខែមករាដល់ខែមិថុនា ធ្លាក់ចុះពី ៦.៤២ ភាគរយក្នុងរយៈពេលដូចគ្នានៃឆ្នាំ២០២២។
ការិយាល័យស្ថិតិទូទៅ (GSO) បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះថា “កំណើនសេដ្ឋកិច្ចមិនខ្ពស់ទេ… នៅក្នុងបរិបទនៃការលំបាក និងបញ្ហាប្រឈមពីក្នុង និងក្រៅប្រទេស..មាននិន្នាការនៃការងារកាន់តែច្រើន ប៉ុន្តែទីផ្សារការងារ និងការងារបន្តប្រឈមមុខនឹងការលំបាក និងបញ្ហាប្រឈមជាចម្បងដោយសារតែការខ្វះខាតនៃការបញ្ជាទិញរបស់សហគ្រាស”។
យោងតាម GSO បានឱ្យដឹងថា មនុស្សជាង ២៤០០០០ នាក់ឈប់ពីការងារ នៅក្នុងឆមាសទីមួយនៃឆ្នាំនេះ ប្រហែល ៨០ ភាគរយនៃពួកគេធ្វើការ នៅក្នុងអាជីវកម្មដែលវិនិយោគពីបរទេស ហើយពីរភាគបីបានធ្វើការនៅក្នុងឧស្សាហកម្មស្បែក និងស្បែកជើង។
GSO បន្ថែមថា កម្មករទាំងនោះជាច្រើននាក់បានផ្លាស់ប្តូរទៅផ្នែកសេវាកម្ម ដោយ “ទទួលយកការងារដែលមានស្ថិរភាពតិច”។
ប្រទេសវៀតណាមរកចំណូលបានជាង ១៦៤ ពាន់លានដុល្លារពីការនាំចេញ នៅក្នុងឆមាសទីមួយធ្លាក់ចុះ ១២ ភាគរយ បើធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន៕ ប្រភពពី APF ប្រែសម្រួល៖ សារ៉ាត
