លោក ផាន គ័រសេង ត្រូវបានតែងតាំងជាលេខាបក្សប្រចាំធនាគារកណ្តាល

ប៉េកាំង៖ កាលពីថ្ងៃទី១ ខែកក្កដា បក្សកុម្មុយនីស្តចិនបានតែងតាំងលោក ផាន គ័រសេង (Pan Gongsheng) ដែលជាទេសាភិបាលរងនៃធនាគារកណ្តាល ជាលេខាបក្សប្រចាំធនាគារកណ្ដាល។ យោងតាមកាសែត The Wall Street Journal។ ការតែងតាំងនេះត្រូវបានគេមើលឃើញថាជាជំហានឆ្ពោះទៅរកការលើកកម្ពស់សក្តានុពលរបស់លោកទៅកាន់តួនាទីជាទេសាភិបាល។

នាយកដ្ឋានអង្គការកណ្តាលរបស់គណបក្សបានប្រកាសអំពីការសម្រេចចិត្តតែងតាំងនៅក្នុងកិច្ចប្រជុំមួយកាលពីរសៀលថ្ងៃសៅរ៍។ នេះបើយោងតាមធនាគារប្រជាជនចិន ឬហៅកាត់ថា PBOC បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើគេហទំព័ររបស់ខ្លួន។

យោងតាមរបាយការណ៍ថ្មីៗនេះដោយកាសែត The Wall Street Journal លោក ផាន ត្រូវបានគេរំពឹងថានឹងត្រូវបានតែងតាំងជាដំណែងមួយនៅក្នុងបក្ស មុនពេលត្រូវបានជ្រើសរើសដោយរដ្ឋាភិបាលឱ្យដឹកនាំធនាគារប្រជាជនចិន។ គួរបញ្ជាក់ថា ធនាគារប្រជាជនចិនមិនបានផ្តល់ការអត្ថាធិប្បាយណាមួយជាការឆ្លើយតបទៅនឹងសំណើសុំការបញ្ជាក់ពីសារព័ត៌មាន Reuters នោះទេ។

ការតែងតាំងរបស់លោក ផាន ដែលឈានចូលវ័យ ៦០ ឆ្នាំក្នុងខែនេះ ធ្វើឡើងស្របពេលដែលមានការរំពឹងទុកកាន់តែខ្លាំងពីបណ្ដាអាជ្ញាធរអនុវត្តវិធានការដើម្បីពង្រឹងសេដ្ឋកិច្ចចិនកាន់តែខ្លាំង ដោយបច្ចុប្បន្នចិនជាប្រទេសមានសេដ្ឋកិច្ចធំលំដាប់ទី២នៅលើពិភពលោក។ ការរំពឹងទុកនេះ គឺដោយសារតែសេដ្ឋកិច្ចចិនកំពុងដំណើរការយឺតយ៉ាវខ្លាំង ហើយការថយចុះនៃសកម្មភាពរបស់ពលរដ្ឋចិនបន្ទាប់ពីការបន្ធូរបន្ថយការរឹតបន្តឹងដ៏តឹងរ៉ឹងនៃវិធានការកូវីដ១៩ ក៏ជាបញ្ហាធំមួយផងដែរ។

ធនាគារកណ្តាលបានឱ្យដឹងកាលពីថ្ងៃសុក្រថា ខ្លួននឹងអនុវត្តគោលនយោបាយរូបិយវត្ថុប្រកបដោយការប្រុងប្រយ័ត្ន និងមានលក្ខណៈច្បាស់លាស់ និងដោយបង្ខំ ដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ច និងការងារក្នុងប្រទេសចិនឡើងវិញ។

គួរដឹងដែរថា លោក ផាន មានបទពិសោធន៍យ៉ាងស៊ីជម្រៅពាក់ព័ន្ធនឹងវិស័យធនាគារ និងគោលនយោបាយរបស់ចិន។ លោកបានធ្វើការស្រាវជ្រាវក្រោយថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Cambridge និងជាអ្នកស្រាវជ្រាវជាន់ខ្ពស់នៅសាកលវិទ្យាល័យ Harvard ហើយបានក្លាយជាទេសាភិបាលរងនៃធនាគារប្រជាជនចិនចាប់តាំងពីឆ្នាំ២០១២ មកម៉្លេះ ។ នេះបើយោងតាមគេហទំព័រ SAFE និង PBOC ។

ទេសាភិបាលរបស់ធនាគារបច្ចុប្បន្នលោក យី កាង (Yi Gang) ត្រូវបានគេរំពឹងថា លោកបានចូលនិវត្តន៍ចាប់តាំងពីត្រូវបានចាកចេញពីគណៈកម្មាធិការមជ្ឈិមបក្សកាន់អំណាច ក្នុងអំឡុងពេលសមាជរយៈពេលប្រាំឆ្នាំម្ដងរបស់បក្សកុ ម្មុយនីស្ដចិនកាលពីខែតុលាឆ្នាំ២០២២ កន្លងទៅ។

ក្រោមការដឹកនាំរបស់ប្រធានាធិបតីចិន លោក ស៊ី ជីនភីង (Xi Jinping) បក្សកុម្មុយនីស្តចិនបានរឹតបន្តឹងការក្ដោបក្តាប់អំណាចរបស់ខ្លួនលើប្រព័ន្ធហិរញ្ញវត្ថុ។ ដូច្នេះ អំណាចនិយតកម្មរបស់ធនាគារកណ្ដាល បានធ្លាក់ចុះតាមរយៈការរុះរើ និងការរៀបចំរចនាសម្ព័ន្ធស្ថាប័នឡើងវិញនាពេលថ្មីៗនេះទៀតផង៕ ប្រែសម្រួល៖ ធា សុណា

ads banner