ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា៖ សេដ្ឋកិច្ចកម្ពុជាឆ្នាំនេះ ត្រូវបានព្យាករថា នឹងមានកំណើន ៥.៥% ជាមួយកម្រិតអតិផរណាប្រមាណ ២%
ភ្នំពេញ៖ លោកជំទាវ បណ្ឌិត ជា សិរី ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានលើកឡើងថា សេដ្ឋកិច្ចកម្ពុជាឆ្នាំនេះត្រូវបានព្យាករថានឹងមានកំណើន ៥.៥% ជាមួយកម្រិតអតិផរណាទាបប្រមាណ ២% ។ លោកជំទាវ បានលើកឡើងក្នុងសិក្ខាសាលាស្ដីពី ការផ្សព្វផ្សាយរបាយការណ៍ស្ថានភាពស្ថិរភាពហិរញ្ញវត្ថុឆ្នាំ២០២២ នៅមណ្ឌលសិក្សាបច្ចេកទេសធនាគារ កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣ និងមានការចូលរួមពីភាគីពាក់ព័ន្ធក្នុងវិស័យសាធារណៈ និងឯកជនរួមមាន ៖ អាជ្ញាធរក្នុងវិស័យហិរញ្ញវត្ថុ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដៃគូអភិវឌ្ឍន៍ វិទ្យាស្ថានស្រាវជ្រាវ និងសាកលវិទ្យាល័យ ។
លោកជំទាវ ទេសាភិបាលរង បានបញ្ជាក់ថា «ចំពោះទស្សនវិស័យសម្រាប់ឆ្នាំ២០២៣ សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថា នឹងមានកំណើន ៥,៥% ជាមួយនឹងកម្រិតអតិផរណាទាបប្រមាណ២% ក្នុងនោះហានិភ័យសក្តានុពលចម្បងៗមានប្រភពពី កត្តាខាងក្រៅ ដោយសារការបើកចំហរសេដ្ឋកិច្ចក៏ដូចជា ការពឹងផ្អែកខ្លាំងរបស់សេដ្ឋកិច្ចកម្ពុជាលើវិស័យខាងក្រៅ» ។ចំពោះហានិភ័យទាំងនេះមានដូចជា ៖ ការអូសបន្លាយ នៃភាពតានតឹងរវាងរុស្ស៊ី និងអ៊ុយក្រែន និងការរឹតបន្តឹងនៃស្ថានភាពហិរញ្ញវត្ថុអន្តរជាតិ ដែលប៉ះពាល់ដល់ការរំពឹងទុកនៃ ការនាំចេញនិងការវិនិយោគចូលមកកម្ពុជា ។ បញ្ហាដែលអូសបន្លាយក្នុងទីផ្សារអចលនទ្រព្យរបស់ប្រទេសចិន ដែលអាចបង្អាក់កំណើនវិនិយោគ ក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា ។ការកើនឡើងអត្រាការប្រាក់ឥណទាន ដែលបណ្តាលមកពីការកើនឡើងអត្រាការប្រាក់ លើទីផ្សារអន្តរជាតិនាំឱ្យកំណើនឥណទានថយចុះ ហើយចំណាយលើការខ្ចីខ្ពស់ជាងមុន ក៏អាចកាត់បន្ថយការវិនិយោគក្នុងស្រុកផងដែរ ។
ទន្ទឹមនឹងហានិភ័យខាងក្រៅ ហានិភ័យសក្តានុពលខាងក្នុង ក៏ត្រូវយកចិត្តទុកដាក់ និងតាមដានផងដែរ ក្នុងនោះអាចកើតមានឡើងពី វិស័យអចលនទ្រព្យ ក្នុងរយៈពេលប្រមាណ ១ទសវត្សរ៍មុនពេលវិបត្តិកូវីដ-១៩ វិស័យអចលនទ្រព្យនៅកម្ពុជា មានការរីកចម្រើនយ៉ាងឆាប់រហ័ស ប៉ុន្តែការធ្លាក់ចុះសេដ្ឋកិច្ចពិភពលោក និងក្នុងស្រុកដោយសារវិបត្តិកូវីដ និងការងើបឡើងក្នុងស្ថានភាពមិនប្រាកដប្រជា បានធ្វើឱ្យតម្រូវការក្នុងវិស័យនេះធ្លាក់ចុះជាលំដាប់ ។
លោកជំទាវ បានបន្ដថា ស្ថានភាពនេះទាមទារឱ្យមានការតាមដានយ៉ាងប្រុងប្រយ័ត្ន ជាពិសេសលើការផ្តល់ឥណទានទៅកាន់វិស័យអចលនទ្រព្យ ព្រមទាំងពង្រឹងកិច្ចសហការយ៉ាងជិតស្និត រវាងអាជ្ញាធរពាក់ព័ន្ធ ដើម្បីគ្រប់គ្រងហានិភ័យដែលអាចកើតមានឡើង និងឥទ្ធិពលរាលដាលទៅកាន់វិស័យទៀត ។
តាមរបាយការណ៍បានបញ្ជាក់ថា ប្រឈមនឹងភាពមិនប្រាកដប្រជានេះ ធនាគារជាតិ នៃកម្ពុជាបាន និងកំពុងអនុវត្តវិធានការ ចាក់ចេញពីវិបត្តិដោយការពង្រឹងក្របខណ្ឌបទបញ្ញាតិឡើងវិញ ប្រកបដោយការប្រុងប្រយ័ត្ន ដើម្បីពង្រឹងភាពធនរបស់ប្រព័ន្ធធនាគារ ស្របពេលនឹងការជួយដល់វិស័យអាទិភាពដូចជា សហគ្រាសធុនតូច និងមធ្យម វិស័យកសិកម្ម អប់រំ ក្នុងដំណាក់កាលនៃងើបឡើងរបស់សេដ្ឋកិច្ច ។ ទន្ទឹមនេះការរក្សាស្ថិរភាពហិរញ្ញវត្ថុ ជាការងារអន្តរវិស័យ ដែលទាមទារឱ្យមានកិច្ចសហការ និងសម្របម្រួលទាំងពីអាជ្ញាធរ និងភាគីពាក់ព័ន្ធនានា ដោយសារប្រព័ន្ធហិរញ្ញវត្ថុមានភាពប្រទាក់ក្រឡាយ៉ាងជិតស្និទ្ធ ទាំងក្នុងចំណោមវិស័យហិរញ្ញវត្ថុ និងជាមួយវិស័យសេដ្ឋកិច្ចរូបវន្ត ៕
អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត



