លោក ម៉ាក្រុង រងការរិះគន់ចំពោះការអំពាវនាវឱ្យកាត់​ផ្ដាច់​បណ្ដាញសង្គមក្នុងអំឡុងកុបកម្ម​នៅ​បារាំង​

ប៉ារីស៖ ប្រធានាធិបតី​បារាំង​លោក​ អេម៉ានូអែល​ ម៉ាក្រុង​ និង​រដ្ឋាភិបាល​របស់​លោក​  ​បាន​ប្រឈម​មុខ​នឹង​ការ​រិះ​គន់​កាល​ពី​ថ្ងៃ​ពុធ​ ​បន្ទាប់​ពី​​លោក​បាន​អំពាវ​នាវ​ឱ្យ​កាច់​ផ្ដាច់​​​បណ្ដាញ​សង្គម​​ក្នុង​ករណី​បើ​មាន​អំពើ​ហិង្សា​រីក​រាល​ដាល​ដូច​ជា​កុបកម្ម​កាល​ពី​សប្តាហ៍​មុន​។​ នេះ​បើ​តាម​ការ​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​ AFP។

ឆ្លើយ​តប​នឹង​ការ​អំពាវ​នាវ​នេះ​ មេ​ដឹក​នាំ​​គណបក្ស​ Greens ​លោកស្រី​ Marine Tondelier ​បាន​ប្រាប់​ទូរទស្សន៍ ​France Inter ​កាល​ពី​ថ្ងៃ​ពុធ​ថា​​៖ «​នេះ​គឺ​ជា​ការ​ព្រួយ​បារម្ភ។​ នៅ​ពេល​​​យើង​ឈាន​ដល់​ចំណុចដែល​​​​និយាយ​ថា​ ​ការ​​កាច់​​ផ្តាច់​បណ្តាញ​សង្គមគឺ​ជា​ដំណោះ​ស្រាយ​តែ​មួយ យើង​ត្រូវ​សួរ​ខ្លួន​ឯង​ថា​តើ​​ប្រទេស​បារាំង​​ឈាន​ដល់​ចំណុច​ណា​ហើយ»​។

​អ្នក​នយោបាយ​ប្រឆាំង​ផ្សេង​ទៀត​ពី​ក្រុម​ឆ្វេង​ និង​ស្តាំ​និយម​ បាន​វាយ​ប្រហារ​លើ​សំណើ​របស់​លោក​ ម៉ាក្រុង​ ដូច​គ្នា​ ។ ​​ប្រធាន​គណបក្ស​​ឆ្វេង​និយម​ France Unbowed ​លោក​ស្រី​ Mathilde Panot បាន​​ឆ្លើយ​តប​ទៅ​កាន់​លោក​ ម៉ាក្រុង​ នៅ​ក្នុង​សារ​ធ្វីតធឺរ​ថា​ «អូខេ​ លោក​ គីម ជុងអ៊ុន​»  ដែល​មាន​ន័យ​ប្រៀប​ធៀបថា​ ​លោក​ ម៉ាក្រុង​ ​​ស្មើ​នឹង​មេដឹកនាំ​ផ្ដាច់​ការ​កូរ៉េខាង​ជើង​ លោក​ គីម​។ ​

​ប្រធាន​សភា​អភិរក្ស​និយម​ លោក​ Olivier Marleix ​ក៏​បាន​សរសេរ​នៅ​លើ​បណ្ដាញ​សង្គម​ធ្វីតធឺរ​ផង​ដែរ​ថា​៖ «​កាត់​ផ្ដាច់​បណ្ដាញ​សង្គម​?​ ដូច​នៅ​ចិន​ អ៊ីរ៉ង់​ ឬ​កូរ៉េខាង​ជើង​? ទោះ​បី​ជា​វា​ការ​បង្វែរ​ការ​ចាប់​អារម្មណ៍​ក៏​ដោយ​ ក៏​សំណើ​បែប​នេះ​​មិន​អាច​ទទួល​យក​បាន​ដែរ​»។  ​

គួរ​បញ្ជាក់​ថា​ លោក​ ម៉ាក្រុង​ បាន​ប្រាប់​កិច្ច​ប្រជុំ​របស់ក្រុម​​អភិបាល​​ក្រុង​​​ថា​​៖ «​យើង​ត្រូវ​គិត​អំពី​បណ្តាញ​សង្គម​ អំពី​បម្រាម​ដែល​យើង​ត្រូវ​ដាក់​។​ នៅ​ពេល​ដែល​អ្វី​ៗ​គ្រប់​គ្រង​លែង​បាន​ ​​យើង​ប្រហែល​ជា​ត្រូវ​គ្រប់​គ្រង​ ឬ​ផ្ដាច់​វា​​ចោល​​។ នេះ​​​បើ​​​តាម​​ការ​​ចុះ​​ផ្សាយ​​របស់​​ប្រព័ន្ធ​​ផ្សព្វ​ផ្សាយ​​ផ្សេង​​កាល​​ពី​​​ថ្ងៃ​​អង្គារ​។​

លោក​ ម៉ាក្រុង​ និង​​ក្រុម​រដ្ឋ​មន្រ្តី​របស់​​លោក​ បាន​លើក​ឡើង​ពី​​វេទិកាបណ្ដាញ​សង្គម​​ផ្សេង​ៗ​ដូច​ជា​ Snapchat,​ TikTok ​និង​កម្មវិធី​ផ្ញើ​សារ​តេឡេក្រាម​ ​ដែល​មាន​តួនាទី​ក្នុង​ការ​ផ្សព្វ​ផ្សាយ​រូប​ភាព​នៃ​​អំពើ​ហិង្សា​នៅ​ពេល​យប់​ ដែល​ផ្ទុះ​ឡើង​​ក្រោយ​​ការ​បាញ់​សម្លាប់​លើ​ក្មេង​ជំទង់​អាយុ​ ១៧ ឆ្នាំ​របស់​ប៉ូលិស​បារាំង​។ ​លោក​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖ «​​នៅ​ពេល​ដែល​​បណ្ដាញ​​សង្គម​​ក្លាយ​ជា​ឧបករណ៍​សម្រាប់ការ​​រៀប​ចំ​ ឬ​ការ​​ប៉ុន​ប៉ង​បំផ្លិច​បំផ្លាញ​​ វា​គឺ​ជា​បញ្ហា​ពិត​ប្រាកដ​»​។

ចំណែក​ ការិយាល័យ​របស់​រដ្ឋ​មន្ត្រី​​​​បម្លាស់​ប្ដូរ​ឌីជីថល​ លោក​ Jean-Noel Barrot ​កាល​ពី​ថ្ងៃ​ពុធ​បាន​ប្រាប់​ France Inter ​ថា​ ការ​កាត់​ផ្តាច់​បណ្តាញ​​សង្គម​ មិន​មាន​ក្នុង​កិច្ច​ពិភាក្សា​នៅ​ពេល​នេះ​ទេ​។ ​លោក​គូស​បញ្ជាក់​ថា​ ​ជំនួស​មក​វិញ​ រដ្ឋាភិបាល​ចង់​ប្រមូល​ផ្តុំ​សមាជិក​សភា​ ដើម្បី​ពិភាក្សា​អំពី​វិធី​ល្អ​បំផុត​ដើម្បី​ កែសម្រួល​​​ច្បាប់​គ្រប់​គ្រង​បណ្ដាញ​សង្គម​ដែល​មាន​ស្រាប់​៕

ប្រែសម្រួលដោយ៖ ហួន ឌីណា ប្រភព​៖ Macron’s call to ‘cut off’ social media during riots sparks backlash in France

ads banner