មូលនិធិចែករំលែកសង្រ្គោះជីវិតសកល សន្យានៅតែបន្តបេសកកម្មមនុស្សធម៌ជួយកម្ពុជា

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ នៅក្នុងដំណើរបំពេញបេសកកម្មមនុស្សធម៌ជាលើកទី២នៅកម្ពុជា មូលនិធិចែករំលែកសង្រ្គោះជីវិតសកលនៃសាធារណរដ្ឋកូរ៉េបញ្ជាក់ថា​ នឹងនៅតែបន្តបេសកកម្មមនុស្សធម៌នេះដើម្បីជួយដល់ប្រទេសកម្ពុជា និងប្រជាពលរដ្ឋកម្ពុជាបន្តទៀត។

ការបញ្ជាក់ជាថ្មីនេះ ធ្វើឡើងនៅក្នុងជំនួបរវាង ប្រធានព្រឹទ្ធសភាសម្ដេចវិបុលសេនាភក្តី សាយ ឈុំ និងលោក គីម ជុង ណាម(Kim Jung Nam) ប្រធានមូលនិធិចែករំលែកសង្រ្គោះជីវិតសកល (Global Life Sharing) នៃសាធារណរដ្ឋកូរ៉េ ដើម្បីចូលជួបសម្តែងការគួរសមនាព្រឹកថ្ងៃទី០៧ ខែកក្កដានេះ នៅវិមានព្រឹទ្ធសភា។

សេចក្តីប្រកាសព័ត៌មានស្តីពីជំនួបនោះ បានឱ្យដឹងថាក្នុងឱកាសនេះសម្ដេចវិបុលសេនាភក្តី សាយ ឈុំ បានសម្តែងនូវការស្វាគមន៍ចំពោះលោកប្រធានមូលនិធិ និងគណៈប្រតិភូ ដែលបានអញ្ជើញបំពេញបេសកកម្មមនុស្សធម៌ជាលើកទី២ នៅព្រះរាជាណាចក្រកម្ពុជា។

សម្ដេចគូសបញ្ជាក់ថា៖« បេសកកម្មការងារមនុស្សធម៌កិច្ចរបស់លោកប្រធាន និងគណៈប្រតិភូ នាឱកាសនេះនឹងទទួលបានលទ្ធផលកាន់តែល្អប្រសើរ ព្រមទាំងនាំមកនូវការពង្រឹងពង្រីកទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងប្រទេស និងប្រជាជនយើងទាំងពីរឱ្យកាន់តែល្អជាងមុនទៀត ដើម្បីគុណប្រយោជន៍សម្រាប់ប្រជាជន ប្រទេសទាំងពីរ ទាំងពេលបច្ចុប្បន្ន និងពេលអនាគត»។

បន្ថែមពីនេះសម្ដេចភក្តី សាយ ឈុំ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-កូរ៉េ ដែលត្រូវបានពង្រឹងទំនាក់ទំនងជាប្រចាំ លើវិស័យនយោបាយ ការបរទេស សន្តិសុខការពារជាតិ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ សិល្បៈវប្បធម៌ អប់រំ កីឡា ការផ្លាស់ប្តូរប្រជាជននិងប្រជាជន និងចំណងមេត្រីភាពរវាងខេត្ត-ក្រុងនៃប្រទេសទាំងពីរ។

បើតាមសេចក្តីប្រកាសព័ត៌ព្រឹទ្ធសភា ក្នុងជំនួបនោះ លោក Kim Jung Nam បានជម្រាបជូនថា តាម
រយៈការចុះអនុស្សរណៈយោគយល់គ្នារវាងព្រឹទ្ធសភាកម្ពុជា ជាមួយនឹងមូលនិធិចែករំលែកសង្រ្គោះជីវិតសកលនៃសាធារណរដ្ឋកូរ៉េ កាលពីខែកញ្ញា ឆ្នាំ២០២២ ជាជំនួយរបស់មូនិធិ ដែលមានទឹកប្រាក់ចំនួន៥,៦លានដុល្លារសហរដ្ឋអាមេរិក ត្រូវបានអនុវត្តជា៥លើក ដើម្បីជួយជាសម្ភារ បរិក្ខារចំាបាច់ផ្សេងៗដល់ប្រទេសកម្ពុជា និងប្រជាជនកម្ពុជា ហើយសង្ឃឹមថា នឹងអនុវត្តអនុស្សរណៈយោគយល់គ្នា សម្រេចបានក្នុងទឹកប្រាក់ចំនួន១០លានដុល្លារសហរដ្ឋអាមេរិក ក្នុងឆ្នាំ២០២៤ខាងមុខនេះ។

លោក Kim Jung Nam បញ្ជាក់ថា៖«ដោយមើលឃើញអំពីលទ្ធផលអនុស្សារណៈយោគយល់គ្នានេះ ដែលអាចអនុវត្តសម្រេចបានលឿន ដូចនេះការចុះអនុស្សរណៈយោគយល់គ្នានាពេលបន្ទាប់ នឹងកំណត់រយៈពេល៣ឆ្នាំវិញ ដោយផ្តោតសំខាន់លើផ្នែកសុខាភិបាល វិស័យអប់រំ និងសង្គមកិច្ច»។
សេចក្តីប្រកាសបន្តថា៖«មូលនិធិចែករំលែកសង្រ្គោះជីវិតសកលនៃសាធារណរដ្ឋកូរ៉េ នឹងនៅតែបន្តបេសកកម្មមនុស្សធម៌នេះ ដើម្បីជួយដល់ប្រទេសកម្ពុជា និងប្រជាជនកម្ពុជាបន្តទៀត»។

ជាការឆ្លើយតបនោះ សម្ដេចភក្តី សាយ ឈុំ បានជម្រាបថា គណៈកម្មការទី១០នៃព្រឹទ្ធសភា បាននាំយកជំនួយទាំងនោះទៅចែកជូនប្រជាជន មន្ទីរពេទ្យ និងអាជ្ញាធរមូលដ្ឋាននៅខេត្តកំពង់ស្ពឺ ព្រៃវែង ស្វាយរៀង កណ្តាល បាត់ដំបង ពោធិ៍សាត់ បន្ទាយមានជ័យ និងខេត្តព្រះសីហនុ។ លោកបន្តថា កាយវិការដ៏សប្បុរសរបស់មូលនិធិចែករំលែកសង្គ្រោះជីវិតសកល ពិតជាបានរួមចំណែកជួយលើកកម្ពស់សុខមាលភាពរបស់ប្រជាជនកម្ពុជា។

ជាមួយគ្នានេះ សម្ដេចភក្តី សាយ ឈុំ លើកទឹកចិត្តដល់គណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយនៃព្រឹទ្ធសភា បន្តសហការជាមួយមូលនិធិចែករំលែកសង្គ្រោះជីវិតសកល អនុលោមតាមអនុស្សរណៈនៃការយោគយល់គ្នាស្តីពី ការផ្តល់ជំនួយមនុស្សធម៌ដល់ព្រឹទ្ធសភាកម្ពុជា ឆ្នាំ២០២២ ឱ្យបានល្អប្រសើរ និងពិនិត្យលទ្ធភាពជួយសាងសង់មន្ទីរពេទ្យ មណ្ឌលសុខភាព និងសាលារៀន តាមបណ្តាខេត្តផ្សេងៗក្នុងព្រះរាជាណាចក្រកម្ពុជា។

សម្ដេចភក្តី សាយ ឈុំ  មានជំនឿជឿជាក់ថា កិច្ចសហប្រតិបត្តិការរវាងព្រឹទ្ធសភាព្រះរាជាណាចក្រកម្ពុជា និងមូលនិធិចែករំលែកសង្រ្គោះជីវិតសកល គឺជាកិច្ចសហប្រតិបត្តិការដ៏ល្អដោយផ្លែផ្កា និង ក្របកដោយប្រសិទ្ធភាពជានិច្ច៕

ដោយ៖ សុខ រក្សា

ads banner