គ.ជ.ប អំពាវនាវចំពោះគ្រប់ម្ចាស់រោងចក្រ សហគ្រាស បង្កលក្ខណៈងាយស្រួលអនុញ្ញាតឱ្យនិយោជិតបានទៅបោះឆ្នោត
ភ្នំពេញ: គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) អំពាវនាវចំពោះគ្រប់ម្ចាស់សហគ្រាស ក្រុមហ៊ុន រោងចក្រ សណ្ឋាគារ ភោជនីយដ្ឋាន និងគ្រឹះស្ថានទាំងអស់នៅកម្ពុជា ជួយបង្កលក្ខណៈងាយស្រួល និងអនុញ្ញាតឱ្យនិយោជិត កម្មករ-កម្មការិនី បានធ្វើដំណើរទៅបោះឆ្នោតនៅពេលខាងមុខ។ នេះបើតាម
សេចក្តីអំពាវនាវរបស់ គ.ជ.ប ចុះថ្ងៃទី ០៧ ខែ កក្កដា ឆ្នាំ ២០២៣។
គ.ជ.ប ឱ្យដឹងថា ថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ គឺជាថ្ងៃដែលប្រជាពលរដ្ឋត្រូវទៅ បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧។ អនុលោមតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២២ មានសិទ្ធិបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ។
គ.ជ.ប បញ្ជាក់ថា៖«ដើម្បីឱ្យប្រជាពលរដ្ឋប្រើសិទ្ធិរបស់ខ្លួនស្របតាមច្បាប់ គណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត សូមអំពាវនាវចំពោះគ្រប់ម្ចាស់សហគ្រាស ក្រុមហ៊ុន រោងចក្រ សណ្ឋាគារ ភោជនីយដ្ឋាន និងគ្រឹះស្ថានទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សូមជួយបង្កលក្ខណៈងាយស្រួល និងអនុញ្ញាត ឱ្យនិយោជិត កម្មករ-កម្មការិនី បានធ្វើដំណើរទៅបោះឆ្នោត នៅតាមឃុំ សង្កាត់ ដែលពួកគាត់បានចុះឈ្មោះបោះឆ្នោត»។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សង្ឃឹមយ៉ាងមុតមាំថា គ្រប់ម្ចាស់សហគ្រាស ក្រុមហ៊ុន រោងចក្រ សណ្ឋាគារ ភោជនីយដ្ឋាន និងគ្រឹះស្ថានទាំងអស់ នឹងបង្កលក្ខណៈងាយស្រួល ដល់និយោជិត កម្មករ-កម្មការិនី បានទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដាឆ្នាំ២០២៣ ជាកំណត់។
ពាក់ព័ន្ធការបោះឆ្នោតនេះដែរ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃសម្ដេចក្រឡាហោម ស ខេង នៅក្នុងពេលដឹកនាំយុទ្ធនាការឃោសនាបោះឆ្នោតនៅឯខេត្តព្រៃវែង កាលពីថ្ងៃទី ៦ខែកក្កដា បានអំពាវនាវប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត ត្រៀមលក្ខណៈអញ្ជើញទៅបោះឆ្នោត ដើម្បីគាំទ្រការអនុវត្តលទ្ធិប្រជាធិបតេយ្យដែលចាក់គ្រឹះយ៉ាងរឹងមាំនៅកម្ពុជា ចាប់ពីឆ្នាំ១៩៩៣ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ ។
សូមជម្រាបថា សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី ៧ មាន ១៨ គណបក្សចូលរួមប្រកួតប្រជែង៕

ដោយ:សុខ រក្សា