រដ្ឋមន្ត្រីការបរទេសកម្ពុជានឹងអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន លើកទី៥៦ និងកិច្ចប្រជុំពាក់ព័ន្ធ នៅឥណ្ឌូនេស៊ី ពីថ្ងៃទី១១-១៤ ខែកក្កដា

ភ្នំពេញ៖ តបតាមការអញ្ជើញរបស់លោកជំទាវ រ៉េតណូ ម៉ារស៊ូឌី រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៦ និងកិច្ចប្រជុំពាក់ព័ន្ធ ក្រោមមូលបទ «សារៈសំខាន់អាស៊ាន៖ ស្នូលនៃកំណើន» ដែលនឹងប្រព្រឹត្តទៅ ពីថ្ងៃទី១១ ដល់ទី១៤ ខែកក្កដា ឆ្នាំ២០២៣ នៅរដ្ឋធានីហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣។

ក្នុងឱកាសនៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស អាស៊ានលើកទី៥៦ និងកិច្ចប្រជុំពាក់ព័ន្ធ រដ្ឋមន្រ្តីការបរទេសអាស៊ាន និងអគ្គលេខាធិការអាស៊ាន នឹងអញ្ជើញចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម ចូកូ វីដូដូ ប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ព្រមទាំងធ្វើជាសាក្សីនៃការចុះហត្ថលេខាលើលិខិតុបករណ៍ នៃការចូលជាភាគីនៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ (TAC) ដោយប្រទេសមួយចំនួន។

កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៦ និងកិច្ចប្រជុំពាក់ព័ន្ធ នឹងពិភាក្សារិះរកអភិក្រម និងមធ្យោបាយប្រកបដោយនវានុវត្តន៍ ដើម្បីជំរុញបន្ថែមទៀតនូវដំណើរការកសាងសហគមន៍អាស៊ាន ព្រមទាំងជំរុញឱ្យមានឯកភាព និងសាមគ្គីភាពអាស៊ានកាន់តែខ្លាំងឡើង តាមរយៈសកម្មភាពជាក់ស្តែងនានា។ កិច្ចពិភាក្សានេះក៏នឹងគ្របដណ្ដប់លើការរក្សាតួនាទីដ៏សំខាន់របស់អាស៊ាន ជាកាតាលីករសម្រាប់កំណើនសកលប្រកប ដោយចីរភាព និងផ្ដោតលើបញ្ហាតំបន់និងអន្តរជាតិដែលជាផលប្រយោជន៍ និងក្តីបារម្ភរួមផងដែរ។

កិច្ចប្រជុំនេះ ផ្តល់កាលានុវត្តភាពក្នុងការពង្រឹងបន្ថែមទៀតនូវមជ្ឈភាពអាស៊ាន និងបង្កើនទំនាក់ទំនងខាងក្រៅរបស់អាស៊ាន ជាមួយដៃគូសន្ទនាអាស៊ានទាំងអស់ ព្រមទាំងភាគីខាងក្រៅផ្សេងទៀត ដើម្បីធានាថា អាស៊ាននៅតែរក្សាបាននូវភាពពាក់ព័ន្ធដ៏សំខាន់ ជា «ស្នូលនៃកំណើនសកល»៕

ads banner