អង្គការសហប្រជាជាតិព្រមានថា ស៊ូដង់កំពុងប្រឈមមុខនឹងសង្គ្រាមស៊ីវិលទ្រង់ទ្រាយធំ

ខាទុំ៖ ក្រសួងសុខាភិបាលស៊ូដង់បានរាយការណ៍ថា ការវាយប្រហារតាមអាកាសកាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះ នៅក្នុងទីក្រុងអុំឌូម៉ាន់ បានសម្លាប់មនុស្ស ២២នាក់ និងរបួសជាច្រើននាក់ ក្នុងចំណោមជនស៊ីវិល។

អង្គការសហប្រជាជាតិបានព្រមាននៅថ្ងៃអាទិត្យម្សិលមិញថា ប្រទេសស៊ូដង់ដែលហែកហួរដោយជម្លោះ កំពុងស្ថិតនៅលើគែមនៃ “សង្គ្រាមស៊ីវិលទ្រង់ទ្រាយធំ” ដែលអាចធ្វើឱ្យមានអស្ថិរភាពក្នុងតំបន់ទាំងមូល បន្ទាប់ពីការវាយប្រហារតាមអាកាសទៅលើទីតាំងមានប្រជាជនរស់នៅ។

អ្នកនាំពាក្យរងរបស់ប្រមុខអង្គការសហប្រជាជាតិ គឺលោក ហ្វាហែន ហេក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់ថូនីញ៉ូ ហ្គូទែរ៉េស បានថ្កោលទោសការវាយប្រហារតាមអាកាសនៅទីក្រុង អុំឌូម៉ាន់ ដែលលោកបាននិយាយថា បានសម្លាប់មនុស្សយ៉ាងហោចណាស់ ២២នាក់ និងរាប់សិបនាក់ទៀតរងរបួស។

លោក ហេក បាននិយាយថា លោក ហ្គូទែរ៉េស នៅតែមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសង្រ្គាមដែលកំពុងបន្តរវាងកងកម្លាំងប្រដាប់អាវុធ ដែលកំពុងរុញច្រានប្រទេសស៊ូដង់ឱ្យឈានទៅដល់ដំណាក់កាលនៃសង្រ្គាមស៊ីវិលពេញលេញ ដែលអាចធ្វើឱ្យមានអស្ថិរភាពក្នុងតំបន់ទាំងមូល។

សូមបញ្ជាក់ថា មនុស្សប្រហែល ៣.០០០នាក់ហើយត្រូវបានសម្លាប់នៅក្នុងជម្លោះនៅក្នុងប្រទេសស៊ូដង់ ខណៈដែលអ្នករស់រានមានជីវិតបានរាយការណ៍ពីរលកនៃអំពើហិង្សាផ្លូវភេទ ហើយសាក្សីបាននិយាយអំពីការសម្លាប់ដែលផ្តោតគោលដៅជនជាតិភាគតិច។

បន្ថែមលើនេះ ក៏មានការរីករាលដាលនៃករណីលួចប្លន់ផងដែរ ហើយអង្គការសហប្រជាជាតិបានព្រមានអំពីឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដែលអាចកើតមាននៅក្នុងតំបន់ដាហ្វឺ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner