អាល្លឺម៉ង់ គាំទ្រសហរដ្ឋអាមេរិក បញ្ជូនគ្រាប់បែកចង្កោម ទៅឱ្យអ៊ុយក្រែន

ប៊ែរឡាំង៖ ប្រធានាធិបតីអាល្លឺម៉ង់ នៅថ្ងៃអាទិត្យម្សិលមិញ បាននិយាយថា ប្រទេសអាល្លឺម៉ង់មិនគួររារាំងសហរដ្ឋអាមេរិក ក្នុងការបញ្ជូនគ្រាប់បែកចង្កោមទៅឱ្យអ៊ុយក្រែននោះទេ។

ប្រធានាធិបតីអាល្លឺម៉ង់ លោក ហ្រ្វាំង វ៉លធឺ ស្តែនម៊ែរ បាននិយាយនៅក្នុងបទសម្ភាសន៍មួយ ជាមួយទូរទស្សន៍អាល្លឺម៉ង់ ZDF ថា ជំហររបស់អាល្លឺម៉ង់ប្រឆាំងនឹងការប្រើប្រាស់គ្រាប់បែកចង្កោម គឺមានភាពយុត្តិធម៌ដូចពីមុន។

ប៉ុន្តែនៅក្នុងស្ថានភាពបច្ចុប្បន្ន យើងមិនអាចរារាំងសហរដ្ឋអាមេរិកពីការផ្គត់ផ្គង់គ្រាប់បែកចង្កោមទៅឱ្យអ៊ុយក្រែនបានទេ។ ការប្រើប្រាស់គ្រាប់បែកចង្កោមត្រូវបានហាមឃាត់ដោយប្រទេសជាច្រើន ជាពិសេសនៅអឺរ៉ុប ដែលជាប្រទេសហត្ថលេខីនៃអនុសញ្ញាអូស្លូឆ្នាំ ២០០៨។

លោក ស្តែនម៊ែរ បានរំលឹកថា រូបលោកបានចុះហត្ថលេខាលើអនុសញ្ញានេះ តាងនាមឱ្យប្រទេសអាល្លឺម៉ង់ នៅពេលដែលរូបលោកកាន់តំណែងជារដ្ឋមន្ត្រីការបរទេស ប៉ុន្តែបាននិយាយថា អាល្លឺម៉ង់ត្រូវតែបន្ត “ឈរក្បែរជនរងគ្រោះ” នៅក្នុងសង្គ្រាមនេះ។

កាលពីថ្ងៃសុក្រសប្តាហ៍មុននេះ អ្នកនាំពាក្យរដ្ឋាភិបាលអាល្លឺម៉ង់បាននិយាយថា ពួកគេជឿជាក់ថា ការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការបញ្ជូនគ្រាប់បែកចង្កោម នឹងមិនត្រូវបានធ្វើឡើងដោយខ្វះការគិតគូរល្អិតល្អន់នោះទេ ហើយថា រុស្ស៊ីបានប្រើប្រាស់អាវុធបែបនេះរួចហើយនៅលើទឹកដីអ៊ុយក្រែន។

ទោះបីជាយ៉ាងណា ប្រទេសបារាំង និងអង់គ្លេសបានសម្តែងការប្រឆាំងរបស់ពួកគេ ចំពោះការប្រើប្រាស់គ្រាប់បែកចង្កោមនៅក្នុងសង្គ្រាមអ៊ុយក្រែន ពីព្រោះអាវុធដែលមានភាពចម្រូងចម្រាសខ្លាំងនេះ អាចនឹងបណ្តាលឲ្យជនស៊ីវិលជាច្រើននាក់បាត់បង់ជីវិត៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner