ឆមាសទី១ឆ្នាំនេះ កម្ពុជាសម្រេចការនាំចេញកសិផលក្នុងទំហំទឹកប្រាក់ជាង ២៤០០លានដុល្លារ
ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ការនាំចេញកសិផលរបស់កម្ពុជា ទៅកាន់ទីផ្សារក្រៅប្រទេស ក្នុងឆមាសទី១ឆ្នាំ២០២៣ ដែលប៉ាន់ស្មានតម្លៃគិតជាទឹកប្រាក់ចំនួនជាង ២ ៤០០ លានដុល្លារអាមេរិក ដែលតួលេខនេះ គិតតាមឯកតាតម្លៃផ្អែកតាមវិក្កយបត្ររបស់អ្នកនាំចេញ។
អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កញ្ញា អ៊ឹម រចនា បានប្រាប់ឱ្យដឹងថា ការនាំចេញកសិផលទៅក្រៅប្រទេសដែលអគ្គនាយកដ្ឋានកសិកម្មទទួលបានផ្អែកលើប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិមានបរិមាណសរុបជិត៤លានតោន។ ក្នុងនោះមានអង្ករចំនួន ៣២៩ ៦៣៣ តោន, ស្រូវចំនួន ១ ២២៦ ៤០០ តោន។ ដោយឡែកកសិផលក្រៅពីស្រូវ-អង្ករចំនួន ២ ៣៤៥ ១៨០,៧៧ តោន ទៅកាន់ទិសដៅ ៦៧ ប្រទេស ។ចំនួននេះមានការថយចុះចំនួន ២២,៥២ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ ។
ចំពោះការនាំចេញផលិតផលកសិកម្ម ដែលមានការថយចុះនេះដែរ អ្នកនាំក្រសួងកសិកម្ម បានបញ្ជាក់ថា ៖ «ការនាំចេញកសិផលក្នុងឆមាសទី១ឆ្នាំ២០២៣ មានការថយចុះដោយសារវិបត្តិសេដ្ឋកិច្ចសកលលោកបណ្តាលឱ្យការបញ្ជាទិញទំនិញគ្រប់ប្រភេទមានការថយចុះ និងបង្អាក់ចរន្តពាណិជ្ជកម្ម»។
កញ្ញា អ៊ឹម រចនា បានបន្តថា ៖ «កំណើននៃការស្រូបទាញយកវត្ថុធាតុដើមក្នុងស្រុកដើម្បីផលិតចំណីសត្វ និងការកែច្នៃក្នុងប្រទេសបណ្ដាលឱ្យមានកំណើននៃការស្រូបយកផលិតផលស្រស់មកកែច្នៃ ជាដើម»។
កញ្ញាបានបន្តថា ផលិតកម្មដំណាំមួយចំនួនមានការថយចុះ ដោយសារស្ថានភាពមិនច្បាស់លាស់ខាងទីផ្សារ និងបញ្ហាបម្រែបម្រួលអាកាសធាតុនាំឱ្យប៉ះពាល់ដល់ទិន្នផល និងគុណភាពនៃដំណាំ ការនាំចេញដោយគ្មានការស្នើសុំវិញ្ញាបនបត្រភូតគាមអនាម័យ (ការនាំចេញក្រៅផ្លូវការ) តាមច្រករបៀងទៅកាន់ប្រទេសវៀតណាម និងប្រទេសថៃ មួយចំនួនមិនមានការកត់ត្រា។
អ្នកនាំពាក្យដដែលបានបន្ថែមទៀតថា ដំណោះស្រាយចំពោះមុខ គឺក្រសួងជំរុញវិស័យឯកជនស្វែងរកដៃគូបញ្ហាទិញឱ្យបានច្រើនជាងទីផ្សារដែលមានស្រាប់ ជំរុញការវិនិយោគក្នុងវិស័យកសិឧស្សាហកម្មដើម្បីលើកកម្ពស់ផលិតភាព និងជំរុញការនាំចេញផលិតផលកែច្នៃ។
កញ្ញា អ៊ឹម រចនា បានបញ្ជាក់ថា ៖ «យើងនឹងជំរុញការផ្សព្វផ្សាយអំពីផលិតផលកសិកម្មកម្ពុជាឱ្យកាន់តែទូលំទូលាយនៅក្នុងវេទិកានិងពិព័រណ៍នានា ដើម្បីទាក់ទាញការវិនិយោគ និងពង្រីកទីផ្សារផលិតផលកសិកម្មកម្ពុជា ជំរុញវិស័យឯកជនក្នុងការចូលរួមវិនិយោគលើការផលិតធាតុចូលកសិកម្មនៅក្នុងស្រុកដើម្បីកាត់បន្ថយថ្លៃដើមផលិតកម្ម»។
ទោះជាយ៉ាងណាក៏ដោយ មន្រ្តីអ្នកនាំពាក្យនៃក្រសួងកសិកម្មដដែល ក៏បានលើកឡើងដែរថា កំណើននៃការកែច្នៃកសិផល បានជួយស្រូបយកវត្ថុធាតុដើមក្នុងស្រុក ដោយបានចូលរួមចំណែក បង្កើនតម្លៃបន្ថែមដល់ខ្សែច្រវាក់តម្លៃដំណាំ ថ្វីត្បិតតែការនាំចេញកសិផលទៅទីផ្សារក្រៅប្រទេសមាននិន្នាការថយចុះបន្តិចមែន ប៉ុន្តែមិនបណ្តាលឱ្យប៉ះពាល់ដល់អ្នកផលិត ឬមានបញ្ហាចាល់លក់មិនអស់នោះឡើយ។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាអ្នកមានជំនួញច្រើននៅក្នុងវិស័យកសិកម្មផងនោះ ឧកញ៉ា លឹម ហេង បានប្រាប់ឱ្យដឹងនៅថ្ងៃទី៩ ខែកក្កដាថា ការនាំចេញផលិតផលកសិកម្មទៅក្រៅប្រទេស មានការថយចុះទាក់ទងទៅនឹងកត្តាមួយចំនួនដូចជាបញ្ហារដូវកាលដែលដំណាំដុះ និងបញ្ហាអតិផរណានៅតាមបណ្តាប្រទេសមួយចំនួន នៅលើពិភពលោកផងដែរ។ការនាំចេញថយចុះនេះ វាពាក់ព័ន្ធនឹងរដូវកាលនៃការប្រមូលផល បើសិនជាយើងប្រមូលផលបានតិច ការនាំចេញរបស់យើងក៏បានតិចដែរ ហើយកត្តាមួយទៀត គឺបញ្ហាអតិផរណា នៅបណ្តាលប្រទេសមួយចំនួន ដូចជាសហរដ្ឋអាមេរិក និងប្រទេសក្នុងសហគមន៍អឺរ៉ុបមួយចំនួនផងដែរ ដែលធ្វើឱ្យបញ្ជាទិញមានការថយចុះ។ ប៉ុន្តែសម្រាប់តែវត្ថុប្រើប្រាស់ទេ ដោយសម្រាប់ផ្នែកតម្រូវការម្ហូប មិនទាន់ការប្រែប្រួលខ្លាំងនៅឡើយទេ។
ឧកញ៉ា លឹម ហេង បានបន្ថែមថា កម្ពុជាមានតម្រូវការវិនិយោគលើវិស័យកសិកម្មបន្ថែមទៀត ជាពិសេសលើការកែច្នៃផលិតកសិកម្ម ដើម្បីជំរុញការនាំចេញ៕
ដោយ៖វណ្ណ សុជាតា
