មេដឹកនាំបក្សចលនាឆ្ពោះទៅមុខជួបជុំអ្នកគាំទ្រ នៅមុនការបោះឆ្នោតសភាថៃ

បាងកក៖ មេដឹកនាំគណបក្សចលនាឆ្ពោះទៅមុខ (MFP) លោក ភីតា លីមចារើនរ៉ាត ដែលនាំមុខគេសម្រាប់តំណែងនាយករដ្ឋមន្រ្តីថៃ បានប្រាប់អ្នកគាំទ្ររូបលោក នៅថ្ងៃអាទិត្យម្សិលមិញថា លោកនឹងមិនដើរថយក្រោយឡើយ មុនពេលការបោះឆ្នោតសភានៅក្នុងសប្តាហ៍នេះ ដែលនឹងកំណត់ថាតើរូបលោកនឹងត្រូវដឹកនាំប្រទេសថៃដែរឬអត់។

មេដឹកនាំគណបក្សចលនាឆ្ពោះទៅមុខ (MFP) លោក ភីតា លីមចារើនរ៉ាត បាននិយាយនៅថ្ងៃអាទិត្យម្សិលមិញថា ប្រទេសថៃកំពុងប្រឈមមុខនឹងថ្ងៃដ៏សំខាន់មួយក្នុងសប្តាហ៍នេះ នៅពេលដែលសភាជាន់ខ្ពស់ និងជាន់ទាប នឹងធ្វើការបោះឆ្នោតជ្រើសរើសមេដឹកនាំប្រទេសថ្មី។ លោក ភីតា បានប្រាប់អ្នកគាំទ្ររាប់រយនាក់ដែលប្រមូលផ្ដុំគ្នាទាំងភ្លៀងធ្លាក់នៅកណ្តាលទីក្រុងបាងកកថា ប្រសិនបើអ្នកមិនដើរថយក្រោយទេ ខ្ញុំក៏នឹងមិនធ្វើរឿងនេះដូចគ្នាដែរ… ប្រសិនបើយើងធ្វើការសម្រេចចិត្តត្រឹមត្រូវ ហើយផ្តល់ឱកាសដល់ប្រទេសថៃ នោះប្រទេសរបស់ពួកយើងនឹងមានការអភិវឌ្ឍ។

ប៉ុន្តែប្រសិនបើសម្រេចចិត្តខុសវិញ វដ្តនៃលទ្ធិប្រជាធិបតេយ្យទន់ខ្សោយរបស់ប្រទេសថៃនឹងនៅតែបន្ត។ លោក ភីតា បានគូសបញ្ជាក់យ៉ាងដូច្នេះថា ខ្ញុំមិនដឹងថា ពួកយើងត្រូវរង់ចាំឱកាសនេះយូរប៉ុណ្ណាទេ មុនពេលដែលឱកាសមាសនៅថ្ងៃទី១៣ ខែកក្កដា នឹងមកដល់ម្ដងទៀត។ លោក ភីតា បានជំរុញសមាជិកព្រឹទ្ធសភាឱ្យចងចាំថា យើងទាំងអស់គ្នាជាអ្នកនយោបាយរបស់ប្រជាជន ហើយថា រូបលោកអរគុណចំពោះអ្នកដែលនិយាយថា ពួកគេនៅខាងប្រជាជន និងនៅខាងប្រជាជនភាគច្រើន។

បន្ទាប់ពីសុន្ទរកថារបស់ខ្លួន លោក ភីតា បានប្រាប់អ្នកសារព័ត៌មានថា រូបលោកបានរកឃើញ “ចំណុចរួមកាន់តែជិតស្និទ្ធ” ជាមួយសមាជិកព្រឹទ្ធសភា ហើយលោកសង្ឃឹមថា ក្នុងរយៈពេល ៤ថ្ងៃទៀត យើងនឹងអាចឈានដល់ការឯកភាពគ្នា ហើយជំរុញប្រទេសថៃឆ្ពោះទៅមុខ។

សូមជម្រាបផងដែរថា រដ្ឋាភិបាលថៃថ្មីនឹងត្រូវបានបង្កើតឡើងនៅខែកក្កដានេះបន្ទាប់ពីសភាតំណាងរាស្ត្រ និងព្រឹទ្ធសភាបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី ដោយសារតែការបោះឆ្នោតជាតិមិនអាចឱ្យគណបក្សនាំមុខណាមួយ ទទួលបានអំណាចដោយស្វ័យប្រវត្តិបាននោះទេ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner