អគារថែទាំមនុស្សចាស់ជរាគ្មានទីពឹង ត្រូវបានដាក់ឱ្យដំណើរការជាលើកដំបូងក្នុងខេត្តព្រៃវែង

អត្ថបទដោយ៖
CPA

ព្រៃវែង៖ អាជ្ញាធរខេត្ត និងមន្ត្រីគណបក្សប្រជាជនកម្ពុជា បានដាក់ឱ្យប្រើប្រាស់នូវអគារថែទាំមនុស្សចាស់ជរាគ្មានទីពឹងមួយជាលើកដំបូងក្នុងខេត្តព្រៃវែង ក្នុងគោលបំណងរួមចំណែកដើម្បីជួយដល់មនុស្សចាស់ជរាគ្មានទីពឹង ឱ្យពួកគាត់ទទួលបានការស្នាក់នៅ និងការហូបចុកបានសមរម្យ។

ពិធីសម្ពោធនេះបានធ្វើឡើងក្រោមអធិបតីឯកឧត្តម សុខ ឥសាន ប្រធានគណ:កម្មការទី៤នៃព្រឹទ្ធសភា និងជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា,ឯកឧត្តម ស្បោង សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង និងឯកឧត្តម ហ៊ឺ បាវី ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកព្រះស្តេច រួមនឹងអាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋជាច្រើនរូប កាលពីសប្តាហ៍មុន។

យោងតាម រដ្ឋបាលស្រុកព្រះស្ដេច ខេត្តព្រៃវែង បានឱ្យដឹងថា អគារថែទាំមនុស្សចាស់នេះ បង្កើតឡើងក្នុងគោលបំណងរួមចំណែកដើម្បីជួយដល់មនុស្សចាស់ជរាគ្មានទីពឹងនៅក្នុងសហគមន៍ ឱ្យពួកគាត់ទទួលបានទាំងការស្នាក់នៅ និងការហូបចុកបានសមរម្យ ខណៈដែលអគារនេះ មានទីតាំងស្ថិតនៅវត្តសិម្ពិលីព្រឹក្សារកាជួរ ក្នុងភូមិរការជួរទី២ ឃុំបន្ទាយចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែង។

ឯកឧត្តម តូច ចាន់នី អ្នកនាំពាក្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានប្រាប់ឱ្យដឹងនៅថ្ងៃទី១០ ខែកក្កដាថា ការចូលរួមរបស់អាជ្ញាធរខេត្ត ក្នុងការដាក់ឱ្យប្រើប្រាស់នូវមណ្ឌលថែទាំមនុស្សចាស់ជរាគ្មានទីពឹងនេះ ជារឿងល្អណាស់ ព្រោះនេះជាការរួមចំណែកជួយដល់មនុស្សចាស់ជរាដែលគ្មានទីពឹង ដើម្បីឱ្យពួកគាត់មានកន្លែងដែលស្នាក់នៅសមរម្យ មានអ្នកមើលថែទាំ និងរួមទាំងការផ្ដល់អាហារជូនពួកគាត់ថែមទៀតផង ខណៈដែលក្រសួងសង្គមកិច្ចកំពុងមានការខ្វះខាតក្នុងការអនុវត្តកិច្ចការងារនេះ។

លោកបានបន្តថា បើទោះបីជាក្រសួងអត់មានមណ្ឌលថែទាំទាំងនេះសម្រាប់មនុស្សចាស់ជរាដែលគ្មានទីពឹងក៏ដោយ ប៉ុន្តែក្រសួងមានមណ្ឌលបណ្ដុះបណ្ដាលសម្រាប់អ្នកថែទាំមនុស្សចាស់ផងដែរ។

លោក តូច ចាន់នី បានបញ្ជាក់ថា ៖ «បើខេត្តហ្នឹងមានមណ្ឌលនេះ គឺល្អហើយ ខណៈដែលសព្វថ្ងៃនេះយើងកំពុងជំរុញ និងលើកទឹកចិត្តឱ្យវិស័យឯកជនគាត់ធ្វើកិច្ចការងារនេះដែរ ដោយសាររាជរដ្ឋាភិបាលមិនមានលទ្ធភាពគ្រប់គ្រាន់សម្រាប់ធ្វើមណ្ឌលថែទាំសម្រាប់មនុស្សចាស់នោះទេ»។

ចំណែក លោក ទុំ វីរ់ា នាយកប្រតិបត្តិអង្គការមនុស្សចាស់កម្ពុជា បានឱ្យដឹងដែរថា ក្នុងនាមជាអង្គការដែលធ្វើការជួយដល់មនុស្សចាស់ លោកសាទរចំពោះគំនិតផ្តួចផ្តើម និងសកម្មភាពទាំងនេះ ដើម្បីជួយដល់មនុស្សចាស់ជរាដែលគ្មានទីពឹង ខណៈដែលកម្ពុជាមិនទាន់មានមណ្ឌលថែទាំមនុស្សចាស់ជរា ក្រីក្រគ្មានទីពឹងនៅឡើយ។

លោកប្រាប់ថា ៖ «នេះវាជាការល្អដែលមានការបង្កើតបែបនេះ ដែលយកទីតាំងវត្តអារាម ជាកន្លែងថែទាំមនុស្សចាស់ ពីព្រោះវាអាចមានឱកាសច្រើនក្នុងការទាញយកការគាំទ្រពីវត្ត និងពុទ្ធបរិស័ទ ហើយក្រៅពីនេះទៀត មានបទពិសោធន៍ដែលអ្នកមើលថែបានបំពានលើមនុស្សចាស់ក្នុងមណ្ឌលជាច្រើនក្នុងប្រទេសអភិវឌ្ឍ»។

សូមបញ្ជាក់ថា ក្នុងរបាយការណ៍ជំរឿនឆ្នាំ២០១៩ កម្ពុជាមានប្រជាជនវ័យចំណាស់ចំនួន ១,៣៨លាន នាក់ ឬប្រហែល ៨,៩ភាគរយនៃចំនួនប្រជាជនសរុប។ ចំនួនមនុស្សវ័យចំណាស់នៅកម្ពុជាត្រូវបានព្យាករថា នឹងអាចកើនឡើងដល់ ១៣ភាគរយ នៅឆ្នាំ២០៣០ ដល់ ១៦ភាគរយនៅឆ្នាំ២០៤០ និងរហូតដល់ ២៣ភាគរយនៅឆ្នាំ២០៥០៕ ដោយ៖ ជា សុខនី

ads banner