សភាពាណិជ្ជកម្មកម្ពុជា៖ ដំណើរទស្សនកិច្ចរបស់ប្រេសិតពិសេសរបស់អូស្ត្រាលី នឹងជួយពន្លឿនការបង្កើតតំបន់សួនកសិ-ឧស្សាហកម្មនៅកម្ពុជា
ភ្នំពេញ៖ ឧកញ៉ា លឹម ហេង អនុប្រធានសភាពពាណិ្ជកម្មកម្ពុជា បានប្រាប់ឱ្យដឹងនៅថ្ងៃទី១០ ខែកក្កដាថា ក្នុងសប្តាហ៍នេះប្រេសិតពិសេសរបស់អូស្ត្រាលីប្រចាំតំបន់អាស៊ីអាគ្នេយ៍មកបំពេញទស្សនកិច្ចនៅរាជធានីភ្នំពេញ ដោយក្នុងដំណើរទស្សនកិច្ចនេះសភាពាណិជ្ជកម្មបានជំរុញឱ្យខាងប្រេសិតពិសេសរបស់អូស្ត្រាលី ពន្លឿនការសិក្សាបង្កើតតំបន់សួនកសិ-ឧស្សាហកម្មនៅកម្ពុជា។
លោកបានឱ្យដឹងថា ចំពោះគម្រោងសួនកសិ-ឧស្សាហកម្មនៅកម្ពុជានេះ កម្ពុជា និងអូស្រ្តាលី កំពុងធ្វើការរួមគ្នាជំរុញការបង្កើតសួនកសិ-ឧស្សាហកម្មនៅកម្ពុជាឱ្យបានឆាប់ ដើម្បីជំរុញការផលិត និងកែច្នៃផលិតផលកសិកម្មនៅកម្ពុជា សម្រាប់នាំចេញទៅកាន់ទីផ្សារអន្តរជាតិ។
ឧកញ៉ា លឹម ហេង បានបញ្ជាក់ថា ៖ «បច្ចុប្បន្ននេះ សភាពាណិជ្ជកម្មកម្ពុជា បាននិងកំពុងធ្វើការរួមគ្នាជាមួយស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា តាមរយៈអង្គការកម្មវិធីខ្សែច្រវាក់តម្លៃកសិកម្មកម្ពុជា-អូស្រ្តាលី (CAVAC) ជំរុញការបង្កើតសួនកសិ-ឧស្សាហកម្មនៅកម្ពុជាឱ្យបានឆាប់ជាច្រើនគោលដៅដែលអាចធ្វើទៅបាន ហើយគោលដៅដែលអាចនឹងជ្រើសរើសបង្កើតសួនកសិ-ឧស្សាហកម្មនាពេលនេះ គឺនៅប៉ូលសេដ្ឋកិច្ចពិសេសទី ៤របស់កម្ពុជា គឺស្ថិតនៅភូមិភាគពាយព្យនៃប្រទេសកម្ពុជា»។

ឧកញ៉ាបន្តថា កិច្ចប្រជុំជាមួយប្រេសិតពិសេសរបស់អូស្ត្រាលីប្រចាំតំបន់អាស៊ីអាគ្នេយ៍នៅថ្ងៃទី១០ ខែកក្កដា គឺជាកិច្ចប្រជុំចង្អៀតមួយ ដោយបានលើកយកគម្រោងមកសំខាន់ៗមកជជែកពិភាក្សា ជាពិសេសគម្រោងបង្កើតសួនកសិ-ឧស្សាហកម្មនេះ។ការជួបពិភាក្សាការងារជាមួយប្រេសិតពិសេសរបស់អូស្ត្រាលីប្រចាំតំបន់អាស៊ីអាគ្នេយ៍ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងអូស្រ្តាលី លើវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម និងសេដ្ឋកិច្ច ដែលក្នុងកិច្ចពិភាក្សានេះ នឹងលើកយកបញ្ហាសួនកសិ-ឧស្សាហកម្មនេះ ទៅជជែកពិភាក្សាផងដែរ ដើម្បីជំរុញឱ្យសួនកសិ-ឧស្សាហកម្មនេះ អាចបង្កើតបាននៅតាមតំបន់នានា ដែលអាចបង្កើតបាន»។
បើតាមឧកញ៉ា លឹម ហេង សួនកសិ-ឧស្សាហកម្មនេះ មានសារៈសំខាន់ណាស់សម្រាប់ប្រទេសកម្ពុជា ព្រោះជាគោលដៅ នៃគោលនយោបាយរបស់កម្ពុជា ដែលបានដាក់ចេញ ដើម្បីបង្កើនឧស្សាហកម្មកែច្នៃសម្រាប់ផលិតផលកសិកម្មនៅថ្ងៃអនាគត ចៀសវាងការនាំចេញនូវវត្ថុធាតុដើមទៅទាំងស្រុង ដែលត្រូវបាត់បង់តម្លៃបន្ថែម ។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលបានកំណត់យកខេត្តគោលដៅចំនួនបី រួមមាន៖ ខេត្តបាត់ដំបង, កំពង់ស្ពឺ និងខេត្តកំពង់ធំ ដើម្បីអភិវឌ្ឍសួន-កសិឧស្សាហកម្មនៅកម្ពុជា (Agri-Food Industrial Park) ដោយធ្វើយ៉ាងណាឱ្យសួននេះមានលក្ខណៈពិសេសដូចតំបន់សេដ្ឋកិច្ចពិសេសដែរ ដើម្បីជំរុញការផលិត និងកែច្នៃផលិតកសិកម្មនៅកម្ពុជា។
លោក គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានប្រាប់ឱ្យដឹងដែរថា ការរៀបចំឱ្យមានសួនកសិ-ឧស្សាហកម្មនេះ ជាចំណុចមួយល្អណាស់ សម្រាប់ប្រមូលផ្តុំនូវខ្សែច្រវាក់ផលិតកម្មនូវការកែច្នៃកសិ-ឧស្សាហកម្មទាំងអស់នៅកម្ពុជា។លោកបានបន្ថែមថា បើមានការកសាងសួន-កសិឧស្សាហកម្ម ដែលមានគុណភាពល្អត្រូវតែមានការគាំទ្រពីរដ្ឋាភិបាល ពិសេសលើហេដ្ឋារចនាសម្ព័ន្ធអគ្គិសនី ត្រូវតែមានតម្លៃទាប ជាដើម។
បើតាមសភាពាណិជ្ជកម្មកម្ពុជា ទស្សនកិច្ចរបស់លោក Nicholas Moore ប្រេសិតពិសេសរបស់អូស្ត្រាលីប្រចាំតំបន់អាស៊ីអាគ្នេយ៍មកកាន់ប្រទេសកម្ពុជានេះ គឺជាផ្នែកមួយនៃដំណើរកិច្ចពិគ្រោះ ដើម្បីជួយគាំទ្រដល់ការអភិវឌ្ឍយុទ្ធសាស្ត្រសេដ្ឋកិច្ចអាស៊ីអាគ្នេយ៍របស់រយោបល់ថ្នាក់តំបន់របស់ដ្ឋាភិបាលអូស្ត្រាលី ដល់ឆ្នាំ ២០៤០។
លោក Nicholas Moore បានថ្លែងឡើងតាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជាស្តីពីដំណើរទ្សនកិច្ចរបស់បេសកជនពិសេសថា ៖ «ខ្ញុំរង់ចាំស្ដាប់អំពីទស្សនៈវិស័យរបស់អ្នកដែលកំពុងរស់នៅក្នុងទីក្រុងភ្នំពេញពីរបៀបដែលអូស្ត្រាលីអាចជួយបំពេញតម្រូវការសេដ្ឋកិច្ចដែលកំពុងរីកចម្រើនរបស់កម្ពុជា។ អូស្ត្រាលីមានអ្វីៗជាច្រើនដើម្បីផ្ដល់ដល់ប្រទេសកម្ពុជា និងតំបន់ទាំងមូល ក្នុងនាមជាដៃគូ ដែលគួរឲ្យជឿជាក់ និងអាចទុកចិត្តបាន»។
ជាផ្នែកមួយនៃដំណើរទស្សនកិច្ចរបស់ប្រេសិតពិសេសរបស់អូស្ត្រាលីប្រចាំតំបន់អាស៊ីអាគ្នេយ៍ លោក Nicholas Moore ក៏នឹងចូលរួមជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដាក់ឱ្យដំណើរការជាផ្លូវការនូវ «សៀវភៅស្តីពីការវិនិយោគនៅកម្ពុជា» ដែលជាការណែនាំជាក់ស្ដែងសម្រាប់អ្នកវិនិយោគអូស្ត្រាលី និងបរទេសផ្សេងៗទៀត ដែលកំពុងស្វែងរកឱកាសនៅ ក្នុងទីផ្សារកម្ពុជា ដោយផ្តោតជាពិសេសលើច្បាប់ស្តីពីការវិនិយោគឆ្នាំ២០២១ (LOI)៕ ដោយ៖ វណ្ណ សុជាតា