សួនកសិកម្មចម្រុះមោលី ផ្ដោតចម្បងលើគុណភាពកសិផល និងរកទីផ្សារជួយកសិករ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ «សួនកសិកម្មចម្រុះមោលី»ជាសហគមន៍មួយដែលមានការផ្គត់ផ្គង់នូវកសិផលជាច្រើនមុខរបស់កសិករនៅខេត្តពោធិ៍សាត់ ដែលផ្ដោតលើផលិតផលក្នុងតំបន់នានាមិនថា ត្រី សាច់ ពិសេសគឺបន្លែ និងផ្លែឈើមួយចំនួនដែលមានសក្ដានុពលប្រចាំខេត្ត។

ជាអ្នកផ្ដួចផ្ដើមគំនិតក្នុងការបង្កើតសហគមន៍នេះឡើង លោក យន់ សារិន បានប្រាប់ឱ្យដឹងទាក់ទងនឹងដំណើរដើមទងរបស់សហគមន៍នេះថា ដំបូងឡើយលោកមើលឃើញពីការលំបាករបស់ប្រជាកសិករដែលពុំមានទីផ្សារក្នុងការលក់បន្លែ ផ្លែឈើ ដែលពួកគាត់បានដាំ និងទទួលបានផលហើយនោះ។ ដូច្នេះ ក្នុងនាមជាយុវជនម្នាក់ដែលមានលទ្ធភាពអាចប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ និងបណ្ដាញសង្គមក្នុងការលក់ផលិតផលក្នុងស្រុកកំណើតផ្ទាល់របស់លោកបាន ទើបលោកសម្រេចបង្កើតជាសហគមន៍នេះឡើង ដើម្បីផ្សព្វផ្សាយនិងលក់ផលិតផលទៅកាន់អតិថិជនទូទាំងប្រទេសបាន។

លោកបានបន្តថា ដំបូងឡើយយើងផ្ដោតទៅលើក្រូចឆ្មារជាចម្បងដែលមានទីផ្សារខ្លាំងផ្គត់ផ្គង់មិនទាន់គ្រប់តាមតម្រូវការនៅឡើយ។យើងអាចផ្គត់ផ្គង់បានប្រមាណ២០០ទៅ៥០០គីឡូក្រាមប្រចាំថ្ងៃប៉ុណ្ណោះ។ ក្រៅពីនេះ សួនកសិកម្មចម្រុះមោលីរបស់យើង ក៏មានលក់នូវបន្លែផ្លែឈើតាមរដូវតែម្តង ជាក់ស្ដែងខែនេះ មានក្រូចពោធិ៍សាត់ សាវម៉ាវស្រុកវាលវែង ផាសិនអូរសោម ទុរេនអូរសោម ម្នាស់ទឹកឃ្មុំអូរសោម ប័រ និងឪឡឹកលឿងជាដើម»។

លោក យន់ សារិន បានប្រាប់ទៀតថា ចំណែកអតិថិជនវិញភាគច្រើនជាម្ចាស់ម៉ាត (mart) លក់បន្លែផ្លែឈើនៅទីក្រុងភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុជាដើម។ ក្រៅពីនេះក៏មានហាង ភោជនីយដ្ឋាននានាដែលពួកគាត់ជួយគាំទ្រផលិតផលធម្មជាតិ ដើម្បីប្រើប្រាស់ក្នុងហាង។

ម្ចាស់អាជីវកម្មរូបនេះបញ្ជាក់ទៀតថា សម្រាប់ឆ្នាំនេះសន្ទុះនៃការគាំទ្រហាក់កើនឡើងខ្លាំងជាងឆ្នាំមុន ដោយអ្នកគាំទ្រយល់ដឹងពីគុណភាព សុវត្ថិភាពកសិផលរបស់អ្នកដាំដុះនៅខេត្តពោធិ៍សាត់ច្រើន ហើយបានបន្តការគាំទ្ររាល់ផលិតផលតាមរដូវកាលនីមួយៗផងដែរ។

សូមបញ្ជាក់ដែរថា លោក សារិន បានចាប់ផ្ដើមអាជីវកម្មលក្ខណៈសហគមន៍នេះនៅឆ្នាំ២០១៩ ដែលជាសម័យនៃការរីករាលដាលជំងឺកូវីដ១៩ ។លោកបានចំណាយដើមទុនដំបូង ប្រមាណ ៧០ម៉ឺនរៀល ដែលជាទុនបង្វិលទៅឱ្យកសិករតាមភូមិដើម្បីយកក្រូចឆ្មាទៅលក់ក៏ដូចជាទទួលបានជំនួយពីមិត្តភក្ដិនៅភ្នំពេញក្នុងការយកទៅលក់នៅតាមផ្សារបន្តទៀត។

ទាក់ទងទៅនឹងផលលំបាកវិញម្ចាស់អាជីវកម្មរូបនេះ បានបញ្ជាក់ថា អាជីវកម្មផ្គត់ផ្គង់កសិផលបែបនេះមានការប្រកួតប្រជែងច្រើនជាមួយនឹងផលិតផលនាំចូល ទាំងផ្នែកតម្លៃ ការផ្គត់ផ្គង់ និងការខូចខាតដោយសាររការដឹកជញ្ជូនជាដើម។

ទោះបីជាជួបការលំបាកខ្លះៗក៏ដោយ ប៉ុន្តែនៅថ្ងៃអនាគត លោក យន់ សារិន ក៏មានគម្រោងចង់ពង្រីកការផ្គត់ផ្គង់និងទទួលទិញកសិផលឱ្យបានកាន់តែច្រើនថែមទៀតដែរ ។លោកក៏ចង់បើកជាហាង (mart) ផ្ទាល់ខ្លួននៅរាជធានីភ្នំពេញដែរ ដើម្បីឱ្យមានទីតាំងមួយច្បាស់លាស់ ក៏ដូចជាផ្នែកមួយអាចបង្កើនទំនុកចិត្តសម្រាប់អតិថិជនរបស់លោកក៏ដូចជារបស់សួនកសិកម្មចម្រុះមោលីនេះតែម្តង ដែលមានចិត្តចង់គាំទ្រផលិតក្នុងស្រុកដែលមានគុណភាព និងសុវត្ថិភាព៕ ដោយ៖ នី ស្រីពៅ

ads banner