មន្រ្តីអាជ្ញាធរមីន៖ ការប្រើប្រាស់គ្រាប់បែកចង្កោមនឹងបង្កការបំផ្លិចបំផ្លាញនិងបង្កវិនាសកម្មយ៉ាងធ្ងន់ធ្ងរដល់មនុស្សទាំងក្នុងសង្រ្គាមនិងក្រោយពេលសង្រ្គាម
ភ្នំពេញ៖ សហគមន៍សកម្មភាពមីនបានប្រកាសគាំទ្រទាំងនូវការអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាដែលបានស្នើឱ្យប្រធានាធិបតីអាមេរិកហាមផ្តល់និងប្រធានាធិបតីអ៊ុយក្រែនហាមប្រើប្រាស់គ្រាប់បែកចង្កោមក្នុងសង្រ្គាមរុស្សី-អ៊ុយក្រែន។ ការប្រើប្រាស់គ្រាប់បែកចង្កោមក្នុងសង្រ្គាមនឹងបង្កការបំផ្លិចបំផ្លាញ និងបង្កវិនាសកម្មយ៉ាងធ្ងន់ធ្ងរដល់មនុស្សទាំងក្នុងសង្រ្គាមនិងក្រោយពេលសង្រ្គាម។
ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១អាជ្ញាធរមីននាថ្ងៃទី១០ ខែកក្កដា តាមរយៈបណ្តាញសង្គមហ្វេសប៊ុកដោយបានបញ្ជាក់ថា៖ «ក្នុងនាមសហគមន៍សកម្មភាពមីន និងជនរងគ្រោះដោយសារគ្រាប់បែកចង្កោម ខ្ញុំសូមប្រកាសគាំទ្រនូវការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី៩ ខែកក្កដា ដែលបានសំណូមពរឱ្យប្រធានាធបតីអាមេរិកហាមផ្តល់ និងប្រធានាធិបតីអ៊ុយក្រែនហាមប្រើប្រាស់គ្រាប់បែកចង្កោមក្នុងសង្រ្គាមរុស្សី-អ៊ុយក្រែននេះ»។

ឯកឧត្តមបន្តថា ការសម្រេចចិត្តក្នុងការប្រើប្រាស់គ្រាប់បែកចង្កោមក្នុងសង្រ្គាម នឹងបង្កការបំផ្លិចបំផ្លាញ និងបង្កវិនាសកម្មយ៉ាងធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋស្លូតត្រង់ និងជនស៊ីវិលទាំងក្នុងសង្រ្គាម និងក្រោយសង្រ្គាម។ ការប្រើប្រាស់គ្រាប់បែកចង្កោមក្នុងការកម្ចាត់គ្នាទៅវិញទៅមកគ្រាន់តែរយៈពេលខ្លី ប៉ុន្តែការដោះស្រាយគឺប្រើប្រាស់រយៈពេលវែង ចំណាយធនធានច្រើន និងតែងតែបង្កការគ្រោះថ្នាក់ជាប្រចាំ ជាពិសេសកុមារា-កុមារី ក៏ដូចជាបង្កឲ្យមានវិបត្តិសង្គមធ្ងន់ធ្ងរផងដែរ។
ឯកឧត្តមបានរំលេចឱ្យឃើញថា ជាក់ស្តែងប្រទេសកម្ពុជា ជាប្រទេសមួយធ្លាប់រងគ្រោះដោយសារសង្រ្គាមរ៉ាំរ៉ៃតាំងពីទសវត្សរ៍ឆ្នាំ១៩៦០ រហូតដល់ចុងឆ្នាំ១៩៩៨។ ក្នុងនោះមានការប្រើប្រាស់នូវគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះផ្សេងៗទៀត រួមទាំងគ្រាប់បែកចង្កោម ។រហូតមកដល់ពេលនេះ កម្ពុជាប្រើប្រាស់រយៈពេលជាង ៣០ឆ្នាំ ដើម្បីធ្វើដោះស្រាយ និងកម្ទេចចោលនូវគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះទាំងនោះ។

យោងតាមរបាយការណ៍របស់អាជ្ញាធរមីនបានឱ្យដឹងថា ចាប់ពីឆ្នាំ២០០៩មក កម្ពុជាបានរំដោះផ្ទៃដីមានគ្រាប់បែកចង្កោម បានប្រមាណជា ៣៤៤ គីឡូម៉ែត្រក្រឡា ស្មើនឹង ២ ០៣១ ចម្ការគ្រាប់ ដោយរកឃើញ និងកំទេចចោលគ្រាប់បែកចង្កោមចំនួន ៤៥ ១៧៤ គ្រាប់ ក្នុងរាជធានីខេត្តចំនួន ១៧ ដោយផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋកម្ពុជាបានជាង ១ លាននាក់។
សូមរម្លឹកថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានអំពាវនាវដល់ប្រធានាធិបតីអាមេរិកចូ បៃឌិន(Joe Biden) និងប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្ស៉ីលែនស្គី (Volodymyr Zelensky) ពិចារណាកុំប្រើប្រាស់គ្រាប់បែកចង្កោម ដែលអាចមានហានិភ័យខ្ពស់ក្នុងដំណាក់កាលសង្គ្រាមនិងក្រោយសង្គ្រាម ខណៈកម្ពុជាមានបទពិសោធន៍រងវិនាសកម្មគ្រាប់បែកនេះជាង៥០ឆ្នាំមកហើយ តាំងពីទសវត្សរ៍ឆ្នាំ១៩៧០។

ការអំពាវនាវរបស់មេដឹកនាំកម្ពុជា បានធ្វើឡើង បន្ទាប់ពីសហរដ្ឋអាមេរិកប្រកាសផ្តល់ជំនួយយោធា រួមនឹងគ្រាប់បែកចង្កោមដល់អ៊ុយក្រែនក្នុងពេលថ្មីៗនេះផងដែរ។
សម្ដេចតេជោហ៊ុន សែន បានសរសរលើបណ្តាញតេឡេក្រាមថា ការផ្តល់ជំនួយយោធាលើកនេះគឺជារឿងគ្រោះថ្នាក់បំផុតមួយសម្រាប់ប្រជាជនអ៊ុយក្រែន តជំនាន់រាប់សិបឆ្នាំទៅរាប់រយឆ្នាំ បើសិនមានការប្រើប្រាស់គ្រាប់បែកចង្កោមពីសំណាក់កងទ័ពអ៊ុយក្រែនក្នុងសមរភូមិរុស្ស៊ី-អ៊ុយក្រែន ជាពិសេសការប្រើប្រាស់នៅត្រង់តំបន់ទឹកដីអ៊ុយក្រែនដែលកងទ័ពរុស្ស៊ីកំពុងកាប់កាប់។
សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា ៖ «ខ្ញុំដឹងច្បាស់ថាប្រទេសកម្ពុជាតូចហើយទន់ខ្សោយសំឡេងគ្មានទម្ងន់ តែដោយក្តីអាណិតប្រជាជនអ៊ុយក្រែន ខ្ញុំសូមអំពាវនាវប្រធានាធិបតីអាមេរិកដែលជាអ្នកផ្តល់ និងប្រធានាធិបតីអ៊ុយក្រែនដែលជាអ្នកទទួលសូមមេត្តាកុំប្រើប្រាស់គ្រាប់បែកចង្កោមក្នុងសង្រ្គាមនេះ ព្រោះអ្នករងគ្រោះពិតប្រាកដគឺប្រជាជន ពិសេសគឺអ៊ុយក្រែនតែម្តង»។
ជាមួយគ្នានេះដែរ ឯកឧត្តម លី ធុជ បានបញ្ជាក់ដែរថា ក្នុងនាមជាប្រទេសស្រឡាញ់សន្តិភាព និងធ្លាប់ទទួលផលលំបាកយ៉ាងធ្ងន់ធ្ងរទោះបីកម្ពុជាមិនទាន់បានក្លាយជារដ្ឋសមាជិកនៃអនុសញ្ញាគ្រាប់បែកចង្កោមក៏ដោយ ប៉ុន្តែកម្ពុជាជារដ្ឋអង្កេតការណ៍ ដែលសកម្មជាងគេក្នុងចំណោមរដ្ឋសមាជិកទាំងអស់ ក្នុងការដោះស្រាយបញ្ហាគ្រាប់បែកចង្កោម និងបោសសម្អាតទំហំផ្ទៃដីច្រើនជាងគេផងដែរ។
ឯកឧត្តមបន្តថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវផែនការយុទ្ធសាស្រ្តច្បាស់លាស់ ក្នុងដោះស្រាយបញ្ហាគ្រាប់បែកចង្កោម ដូចបានចែងក្នុងផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន ២០១៨-២០២៥ ។
បើតាមឯកឧត្តម លី ធុជ គិតត្រឹមខែមិថុនាឆ្នាំនេះ កម្ពុជានៅសល់ផ្ទៃដីមានគ្រាប់បែកចង្កោមប្រមាណជា ៧៣០ គីឡូម៉ែត្រក្រឡាស្មើនឹង ២ ៥១៤ ចម្ការគ្រាប់ ស្ថិតក្នុងរាជធានីខេត្តចំនួន ១៨ ដែលជាផែនការអាទិភាពទី២ បន្ទាប់ពីដោះស្រាយបញ្ហាមីនឱ្យអស់ឆ្នាំ២០២៥៕ នាង សុគន្ធា