អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិចូលរួមការបោះឆ្នោតសកលមានជាង៨ម៉ឹននាក់ (Video Inside)

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានថ្លែងនៅថ្ងៃច័ន្ទនេះ គជបបានសម្រេចទទួលស្គាល់អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិជាង៨ម៉ឺននាក់ ដើម្បីចូលរួមឃ្លាំមើលការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនាពេលខាងមុខនេះ។

អ្នកនាំពាក្យគជប លោក ហង្ស ពុទ្ធា បានថ្លែងកត់សម្គាល់ថាការស្នើសុំចូលរួមជាអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ សម្រាប់ការបោះឆ្នោត ក្នុងនីតិកាលទី៧នេះ មានចំនួនច្រើនជាងមុន បើធៀបទៅនឹងចំនួនចូលរួមក្នុងនីតិកាលទី៦។

ការប្រកាសបិទបញ្ចប់ការស្នើសុំរបស់អ្នកសង្កេតការណ៍ជាតិនឹងធ្វើនៅថ្ងៃទី១២កក្កដា… ចំណែកចំពោះអ្នកសង្កេតការណ៍អន្តរជាតិ នឹងត្រូវបិទថ្ងៃទី១៩ កក្កដា។ មន្ត្រីនាំពាក្យ គជប ដដែលបានបន្តថាគេបានបណ្តុះបណ្តាល និងកំណត់ពីតួនាទី និងភារកិច្ចរបស់អ្នកសង្កេតការណ៍ទាំងអស់ ដែលមកពីជាង១០០ស្ថាប័នស្មើនឹងជាង៨ម៉ឺននាក់ បានយ៉ាងត្រឹមត្រូវ ដើម្បីធានាថាអ្នកសង្កេតការណ៍ទាំងអស់អនុវត្តដោយក្រមសីលធម៌ និងជាសាក្សីរស់ក្នុងការឃ្លាំមើល នៃដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនាពេលខាងមុខនេះ។

លោក ហង្ស ពុទ្ធា បានថ្លែងថា «អ្នកសង្កេតការណ៍គឺជាអ្នកប្រើប្រាស់ភ្នែក, ប្រើប្រាស់ដៃក្នុងការកត់ត្រា និងប្រើប្រាស់ត្រចៀកក្នុងការស្តាប់ ប៉ុន្តែអ្នកសង្កេតការណ៍នឹងមិនមានការផ្តល់យោបល់ក្នុងការិយាល័យបោះឆ្នោតនោះទេ»។

លោកបន្តថា អ្នកសង្កេតការណ៍គឺដែលជាសាក្សី នៅក្នុងការបោះឆ្នោតនោះនឹងរាយការណ៍ទៅកាន់ស្ថាប័នសង្កេតការណ៍របស់ខ្លួន ដើម្បីការចេញជារបាយការណ៍។ 

លោក ហង្ស ពុទ្ធា នៅបានអំពាវនាវដល់អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិត្រូវបំពេញកាត្វកិច្ចប្រកបដោយភាពត្រឹមត្រូវទៅតាមច្បាប់សំដៅឆ្លុះបញ្ចាំងដល់កិច្ចសហការល្អរវាងមន្រ្តីបោះឆ្នោតជាមួយអ្នកសង្កេតការណ៍គ្រប់រូប។

ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត នីតិកាលទី៧ នឹងប្រព្រឹត្តទៅនៅថ្ងៃ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដោយមានគណបក្សនយោបាយចំនួន១៨ ខណៈតួលេខនៃប្រជាពលរដ្ឋមានសិទ្ធិបោះឆ្នោតដែលត្រូវចូលរួម មានជាង៩ លាន៧សែននាក់, ការិយាល័យដែល ត្រូវបម្រើដល់ការបោះឆ្នោតនៅទូទាំងប្រទេសមានជាង ២ម៉ឺនការិយាល័យ៕

ads banner