សម្តេចតេជោ ហ៊ុន សែន អំពាវនាវសហរដ្ឋអាមេរិក និងអ៊ុយក្រែនជុំវិញការផ្តល់ និងទទួលគ្រាប់បែកចង្កោម (Video Inside)

សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវសហរដ្ឋអាមេរិក និងប្រទេសអ៊ុយក្រែន ខណៈមានសេចក្តីរាយការណ៍អំពីការផ្តល់គ្រាប់បែកចង្កោម របស់សហរដ្ឋអាមេរិកដល់ប្រទេសអ៊ុយក្រែន។

សម្តេចតេជោបានសរសេរកាលពីថ្ងៃទី៩កក្កដា នៅក្នុងបណ្តាញសង្គមបញ្ជាក់ថា «បទពិសោធន៍ឈឺចាប់របស់កម្ពុជា ដែលទទួលការទម្លាក់គ្រាប់បែកចង្កោម ពីអាមេរិកនាដើមទសវត្ស១៩៧០ មកដល់ពេលនេះ គឺជាងកន្លះសតវត្សរ៍ហើយ ដែលគេនៅមិនទាន់រកវិធីបំផ្លាញចោលអស់នៅឡើយ»។

សហរដ្ឋអាមេរិកបានប្រកាសកាលពីថ្ងៃសុក្រសប្តាហ៍កន្លងមកនេះថា នឹងផ្ដល់គ្រាប់បែកចង្កោមទៅឲ្យប្រទេសអ៊ុយក្រែន ដែលជាផ្នែកមួយនៃកញ្ចប់ជំនួយយោធាតម្លៃ ៨០០លានដុល្លារ ដោយសារតែអ៊ុយក្រែនខ្វះគ្រាប់រំសេវ។

សម្តេចតេជោបានសរសេរបញ្ជាក់ថា គ្រាប់បែកចង្កោម «វានឹងក្លាយទៅជាគ្រោះថ្នាក់ធំបំផុត សម្រាប់ប្រជាជនអ៊ុយក្រែនរាប់សិបឆ្នាំ ឬដល់រយឆ្នាំទៀតផង ប្រសិនគ្រាប់បែកចង្កោមនេះយកទៅប្រើប្រាស់ក្នុងតំបន់ដែលរុស្ស៉ី កាន់កាប់ក្នុងទឹកដីអ៊ុយក្រែន»។

កម្ពុជាគឺជាប្រទេសមួយនៃសមាជិកអាស៊ាន។ ការអំពាវនាវនេះបានធ្វើឡើងក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ដែលជាប្រទេសធ្លាប់រងគ្រោះនឹងគ្រោះថ្នាក់ដោយសារគ្រាប់បែកចង្កោមទម្លាក់ដោយសហរដ្ឋអាមេរិក។

សម្តេចតេជោបានថ្លែងទៀតថា សម្តេចទោះបាន «ដឹងច្បាស់ថាប្រទេសកម្ពុជាតូចហើយទន់ខ្សោយ…សម្លេងគ្មានទម្ងន់ក៏ដោយ ប៉ុន្តែដោយក្តីអាណិតដល់ប្រជាជនអ៊ុយក្រែន» សម្តេច «សូមអំពាវនាវប្រធានាធិបតីអាមេរិក ដែលជាអ្នកផ្តល់ និងប្រធានាធិបតីអ៊ុយក្រែន ដែលជាអ្នកទទួល សូមមេត្តាកុំប្រើប្រាស់គ្រាប់បែកចង្កោម ក្នុងសង្រ្គាមនេះ ពីព្រោះអ្នករងគ្រោះពិតប្រាកដ គឺប្រជាជនពិសេសគឺអ៊ុយក្រែនតែម្តង»។

ads banner