គជបបញ្ជាក់ស្ថានភាពល្អក្នុងថ្ងៃឃោសនាបោះឆ្នោតទី១០កក្កដា (Video Inside)
មន្ត្រីគណៈកម្មាធិការជាតិរៀបចញការបោះឆ្នោតបានថ្លែងថាស្ថានភាព នៃយុទ្ធនាការឃោសនាបោះឆ្នោតនៅថ្ងៃទី១០កក្កដា បានប្រព្រឹត្តទៅដោយរលួន និងគ្មានអំពើហិង្សាឡើយ។
សេចក្តីប្រកាសព័ត៌មានថ្ងៃច័ន្ទនេះ បានឱ្យដឹងថាការឃោសនាថ្ងៃនេះមានគណបក្សនយោបាយចំនួន១៤ ធ្វើសកម្មភាពឃោសនា ក្នុងនោះគណបក្សចំនួន៥បានធ្វើការហែរក្បួន។
គជប បានថ្លែងថាគណបក្សហ៊្វុនស៊ិនប៉ិច បានហែរក្បួនឃោសនានៅព្រៃវែង, គណបក្សប្រជាធិបតេយ្យមូលដ្ឋានហែរ នៅក្នុងរាជធានីភ្នំពេញ, គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ចហែរក្បួននៅខេត្តតាកែវ, គណបក្សសញ្ជាតិកម្ពុជាហែរក្បួននៅកំពង់ធំ និងគណបក្សខ្មែរឈប់ក្រ ហែរនៅខេត្តកំពង់ស្ពឺ។
គណបក្ស៩ទៀតរួមមានគណបក្សប្រជាជនកម្ពុជា, គណបក្សខ្មែររួបរួមជាតិ, គណបក្សកសិករ, គណបក្សធម្មាធិបតេយ្យ, គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ, គណបក្សស្ត្រីដើម្បីស្ត្រី, គណបក្សយុវជនកម្ពុជា, គណបក្សឯកភាពជាតិខ្មែរ និងគណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា បានធ្វើការឃោសនាតាមរយៈសកម្មភាពជួបប្រជុំ, ចាក់មេក្រូផ្សព្វផ្សាយនៅតាមទីស្នាក់ការគណបក្ស និងចល័តតាមភូមិ, ការចែកខិត្តបណ្ណតាមខ្នងផ្ទះ, ការបិតខិតបណ្ណ និងចងបដានៅទីសាធារណៈ, ការប្រគុំតន្ត្រីសម្តែងសិល្បៈ, ចាក់បញ្ចាំងស្លាយវីដេអូ នៅតាមមណ្ឌលបោះឆ្នោតដែលខ្លួនឈរឈ្មោះ។