៧២ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ១ពាន់ករណី (Video Inside)

ប្រទេសចំនួន ៥ នៅអាស៊ាននៅតែមានករណីឆ្លង និងស្លាប់ដោយសារកូវីដ១៩ ក្នុងនោះប្រទេសកម្ពុជា ក្នុងរយៈពេល ៧២ម៉ោងចុងក្រោយនេះ ក៏មានករណីឆ្លងថ្មីចំនួន ១ករណីផងដែរ។ យោងតាមក្រសួងសុខាភិបាលកម្ពុជា នេះជាករណីឆ្លងថយចុះមកវិញច្រើនដល់ ១១ករណីបើប្រៀបធៀបនឹងសប្តាហ៍មុន។

តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ៧២ម៉ោងចុងក្រោយនេះ មានចំនួន ១ពាន់ ៤៣៧ករណី ដែលជាតួលេខឆ្លងបន្តថយច្រើនដល់ចំនួន ៣ពាន់ ៧៥១ករណី បើប្រៀបធៀបការឆ្លងបីថ្ងៃដូចគ្នាកាលពីសប្តាហ៍មុន។

ការឆ្លងក្នុងរយៈពេល ៧២ម៉ោងកន្លងមកនេះ បានកើតលើប្រទេសចំនួន ៥ នៅអាស៊ាន រួមមានប្រទេសហ្វីលីពីន, វៀតណាម, មីយ៉ាន់ម៉ា, កម្ពុជា និងប្រទេសឡាវ។ ប្រទេសហ្វីលីពីន គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានការឆ្លងចំនួន ១ពាន់ ១៤៧ករណី។ តួលេខឆ្លងតិចជាងគេ គឺប្រទេសកម្ពុជា ដែលមានការឆ្លងតែ ១ ករណីប៉ុណ្ណោះ។ ប្រទេសសឹង្ហបុរី, ថៃ, ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី និងប្រទេសប្រុយណេ គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល ៧២ម៉ោងចុងក្រោយនេះ។ តួលេខអ្នកស្លាប់ដោយសារកូវីដ១៩ នៅក្នុងប្រទេសអាស៊ានទាំង១០ ក្នុងរយៈពេល ៧២ម៉ោងកន្លងមកនេះ មិនមានបង្ហាញឡើយ។

គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៦លាន ២៨ម៉ឺន ២ពាន់ ២៩០ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៨ពាន់ ៤៦២នាក់។ បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩ សរុបមានចំនួនជាង ៦៩១ លានករណី, និងការស្លាប់មានជាង ៦លាន ៨៩ម៉ឺននាក់៕

ads banner