លោក ស៊ី ជីនពីង៖ ការអភិវឌ្ឍន៍ទំនាក់ទំនងចិន និងរុស្ស៊ី គឺជាជម្រើសយុទ្ធសាស្រ្តរបស់ប្រទេសទាំងពីរ

ប៉េកាំង៖ ប្រធានក្រុមប្រឹក្សាសហព័ន្ធ ដែលជាសភាជាន់ខ្ពស់ នៃសភារុស្ស៊ី លោកស្រី វ៉ាលែនទីណា ម៉ាត់វីយែនខូ បានជួបជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅទីក្រុងប៉េកាំង។ កិច្ចប្រជុំនេះធ្វើឡើងក្នុងអំឡុងដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃមកកាន់ប្រទេសចិន ជាទីដែលលោកស្រី ម៉ាត់វីយែនខូ កំពុងធ្វើជាផ្នែកមួយក្នុងគណៈកម្មការអន្តរសភារវាងប្រទេសទាំងពីរ។

កំលុងជំនួបជាមួយប្រធានក្រុមប្រឹក្សាសហព័ន្ធ ដែលជាសភាជាន់ខ្ពស់ នៃសភារុស្ស៊ី លោកស្រី វ៉ាលែនទីណា ម៉ាត់វីយែនខូ នៅឯមហាសាលប្រជាជន ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានថ្លែងថា ការអភិវឌ្ឍន៍ទំនាក់ទំនងរវាងប្រទេសចិន និងរុស្ស៊ី គឺជាជម្រើសយុទ្ធសាស្រ្តរបស់ប្រទេសទាំងពីរ ដោយផ្អែកលើផលប្រយោជន៍ជាមូលដ្ឋានរបស់ប្រទេស និងប្រជាជនរបស់ពួកគេ។

លោក ស៊ី បន្តថា ចិនមានឆន្ទៈក្នុងការបន្តធ្វើការជាមួយរុស្ស៊ី ដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយនៃការផ្តល់ជំនួយទៅវិញទៅមក, ការធ្វើសមាហរណកម្មស៊ីជម្រៅ, នវានុវត្តន៍ ហើយនឹងការរួមបញ្ចូលកិច្ចសហប្រតិបត្តិការក្នុងយុគសម័យថ្មី។

នាឱកាសនោះដែរ លោកស្រី ម៉ាត់វីយែនខូ បានគូសបញ្ជាក់ថា ភាពជាដៃគូយុទ្ធសាស្ត្ររវាងចិន និងរុស្ស៊ី បានឈានដល់កម្រិតខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ ហើយបន្តអភិវឌ្ឍជាលំដាប់ នេះបើយោងតាមការចេញផ្សាយដោយទូរទស្សន៍ចិន CCTV។

លោកស្រីបន្ថែមថា ដំណើរទស្សនកិច្ចកាលពីខែមីនា របស់លោកប្រធានាធិបតី ស៊ី ទៅកាន់ទីក្រុងមូស្គូ ជាទីដែលរូបលោកបានជួបសមភាគីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានបញ្ចូលកម្លាំងរុញច្រានយ៉ាងខ្លាំងក្លាទៅក្នុងការអភិវឌ្ឍន៍បន្ថែមទៀតនៃទំនាក់ទំនងរវាងប្រទេសរុស្ស៊ី និងចិន៕ ប្រភព៖ AFP និងបាងកកប៉ុស្តិ៍ ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner