កិច្ចចរចាសន្តិភាពស៊ូដង់ ក្នុងប្រទេសអេត្យូពីនៅតែបន្តទៅមុខ ទោះបីរដ្ឋាភិបាលស៊ូដង់អវត្តមានក៏ដោយ

អាឌីសអាបេបា៖ ប្រទេសអេត្យូពីបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចចរចាសន្តិភាពស៊ូដង់ នៅក្នុងទីក្រុង អាឌីស អាបេបា ដោយប្រធានាធិបតីកេនយ៉ា លោក វីលៀម រូតូ ធ្វើជាប្រធាន ក្រោមវត្តមានចូលរួមពីនាយករដ្ឋមន្ត្រីអេត្យូពី លោក អាប៊ី អាម៉េដ, សហគមន៍អន្តរជាតិ និងមេដឹកនាំសង្គមស៊ីវិលស៊ូដង់ បើទោះបីជារដ្ឋាភិបាលស៊ូដង់បានបដិសេធមិនចូលរួមក៏ដោយ។

ប្លុកតំបន់អាហ្រ្វិកខាងកើត ហៅកាត់ថា IGAD បានអញ្ជើញភាគីជម្លោះនៅក្នុងប្រទេសស៊ូដង់ គឺលោកឧត្ដមសេនីយ៍ អាប់ឌែល ហ្វាតាស់ អាល់បួរហាន់ និងលោកឧត្ដមសេនីយ៍ មហាំម៉ាត់ ហំាដាន ដាហ្កាឡូ មកចូលរួមកិច្ចប្រជុំនៅរដ្ឋធានីរបស់ប្រទេសអេត្យូពី នៅក្នុងថ្ងៃចន្ទដើមសប្តាហ៍នេះ។ ប៉ុន្តែគូរភាគីជម្លោះមិនបានចូលរួមកិច្ចពិភាក្សាដោយផ្ទាល់ទេ ដោយខាងភាគីលោកឧត្ដមសេនីយ៍ ដាហ្កាឡូ បានបញ្ជូនអ្នកតំណាងរបស់ខ្លួនទៅចូលរួមកិច្ចប្រជុំ “quartet” ដែលដឹកនាំដោយប្រទេសកេនយ៉, ស៊ូដង់ខាងត្បូង, ជីប៊ូទី និងអេត្យូពី។

ថ្លែងក្នុងកិច្ចចរចាខាងលើនេះ ប្រធានាធិបតីកេនយ៉ា លោក វីលៀម រូតូ បាននិយាយយ៉ាងដូច្នេះថា យើងដឹងថា មេដឹកនាំនយោបាយដែលមានវត្តមាននៅក្នុងកិច្ចប្រជុំនេះ មិនមែនជាអ្នកតំណាងក្រុមភាគីមានជម្លោះនោះទេ ប៉ុន្តែយើងជឿជាក់ថា ដំណើរការដោយបើកចំហរ និងជាការរួមបញ្ចូលគ្នាមួយ នឹងនាំយកមេដឹកនាំនយោបាយ, ក្រុមជនស៊ីវិល និងក្រុមសង្គមស៊ីវិល ចូលរួមជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដ៏អស្ចារ្យនេះ។
ចំណែកនាយករដ្ឋមន្ត្រីអេត្យូពី លោក អាប៊ី អាម៉េដ បានសង្ឃឹមថា ភាគីជម្លោះដ៏ហិង្សានៅស៊ូដង់នឹងទម្លាក់កាំភ្លើងចុះ ហើយបង្កើតបទឈប់បាញ់ដែលគ្មានលក្ខខណ្ឌ និងគ្មានដែនកំណត់។

រីឯអគ្គលេខាធិការរងនៃអង្គការសហប្រជាជាតិ ទទួលបន្ទុកកិច្ចការមនុស្សធម៌ លោក ម៉ាទីន ហ្គី្រហ្វហ្វីត ក៏បានអះអាងដែរថា បច្ចុប្បន្ន ស៊ូដង់ប្រហែលជាប្រទេសដែលពិបាកបំផុតក្នុងពិភពលោក សម្រាប់ការផ្តល់ជំនួយមនុស្សធម៌ ហើយបញ្ហាដែលកើតឡើង នោះគឺដោយសារតែការខ្វះផ្លូវឆ្លងកាត់ប្រកបដោយសុវត្ថិភាពនៅក្នុងច្រករបៀងដែលមានសុវត្ថិភាព។

សូមបញ្ជាក់ថា មនុស្សប្រហែល ៣,០០០នាក់ត្រូវបានសម្លាប់ ចាប់តាំងពីពាក់កណ្តាលខែមេសាកន្លងមកនេះ នៅពេលដែលអំពើហិង្សា និងការប្រយុទ្ធគ្នាបានផ្ទុះឡើងរវាងកងទ័ពស៊ូដង់ដឹកនាំដោយឧត្ដមសេនីយ៍ អាប់ឌែល ហ្វាតាស់ អាល់បួរហាន់ និងទាហានប៉ារ៉ា (RSF) របស់ឧត្ដមសេនីយ៍ មហាំម៉ាត់ ហំាដាន ដាហ្កាឡូ ខណៈដែលមនុស្សជិត ៣លាននាក់ត្រូវបានបង្ខំឱ្យភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner