បេសកជន​អាកាសធាតុ​អាមេរិក លោក ចន ឃែរី រិះគន់​ក្រុមហ៊ុនប្រេង​ធំៗ​ថាកំពុង​ដើរ​ថយក្រោយ

អាមេរិក៖ បេសកជនអាកាសធាតុអាមេរិក លោក ចន ឃែរី (John Kerry) បានរិះគន់ក្រុមហ៊ុនប្រេងធំៗចំពោះការបន្តវិនិយោគលើ​វិស័យឥន្ធនៈហ្វូស៊ីល បើទោះបីជាពួកគេធ្លាប់បានសន្យាថានឹងកាត់បន្ថយ ដើម្បីដោះស្រាយបញ្ហាការប្រែប្រួលអា​កា​សធាតុក៏ដោយ។ ការរិះគន់របស់លោក ឃែរី ជាការឆ្លើយតបទៅនឹងនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Shell ដែលបានប្រា​ប់ទៅកាន់សារព័ត៌មាន BBC អំពីការបន្តវិនិយោគលើវិស័យប្រេងនាពេលអនាគត។​

គួរដឹងដែរថា ក្រុមហ៊ុនថាមពលជាច្រើនកំពុងប្រឈមមុខនឹងការរិះគន់ជាខ្លាំងចំពោះការដើរថយក្រោយ ផ្ទុយពីការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ។ បន្ថែមលើនេះ ព្រឹទ្ធសមាជិកលោក ឃែរី បានសម្តែងការព្រួយបារម្ភទៅកាន់សារព័ត៌មាន BBC  ដោយបានបញ្ជាក់ថា សកម្មភាពទាំងឡាយណាដែលផ្ទុយទៅនឹងកា​រសន្យា គឺជាការឈានទៅរកការអភិវឌ្ឍខុសទិសដៅ។​​

ការអត្ថាធិប្បាយរបស់លោកត្រូវបានធ្វើឡើងក្នុងអំឡុងពេលកិច្ចប្រជុំជាមួយអ្នកផ្តល់ហិរញ្ញប្បទានសូន្យកាបូន និងស ប្បុរ​ស​ជនជាច្រើនទៀត ពោលគឺមុនពេលកិច្ចប្រជុំរបស់ប្រធានាធិបតី បៃដិន ជាមួយស្តេចឆាលស៍ (Charles) នៅតំបន់វីនដ៍សូ (Windsor)។ លោក ឃឺរី បាន​ព្រមានថា ៖ «សកម្មភាព​អវិជ្ជមានណាមួយ​នឹង​មិន​ចាំបាច់នោះទេ ហើយថែ​មទាំង​គ្រោះថ្នាក់ទៀតផង»។

លោកបានមានប្រសាសន៍បន្ថែមថា ៖ «អ្វីដែលយើងត្រូវការ គឺនាយកប្រតិបត្តិក្រុមហ៊ុន ដែលចេះសម្លឹងមើលទៅអ​នាគត និងការវិនិយោគនាពេលអនាគតនោះ ហើយពន្លឿនការផ្លាស់ប្តូរជាវិជ្ជមានទៅកាន់អនាគតនោះ»។

លោកបានបន្តទៀតថា ៖ «មើលចុះ! ប៉ុន្មានថ្ងៃចុងក្រោយនេះ យើងធ្លាប់បានឮអ្នកវិទ្យាសាស្ត្រលើកឡើងហើយថា វាពិតជាគួរឱ្យខ្លាចណាស់។ យើងមានអ្នកវិទ្យាសាស្ត្រលើកឡើងទៀតថា យើងកំពុងរស់នៅលើផែនដីដែលមិនមានគំ​នូសតាងច្បាស់លាស់»។

យ៉ាងណាមិញ កាលពីសប្តាហ៍មុន ថៅកែក្រុមហ៊ុន Shell លោក វែល សាវេន (Wael Sawen) បានប្រាប់ទៅកាន់ BBC ថា ៖ «ការកាត់បន្ថយផលិតកម្មប្រេង និងឧស្ម័នគឺជារឿងដែលគ្រោះថ្នាក់ និងគ្មានការទទួលខុសត្រូវ»។

លោកបានសង្កត់ធ្ងន់ថា ពិភពលោកនៅតែត្រូវការប្រេង និងឧស្ម័នយ៉ាងខ្លាំង ដោយសារការខិតខំផលិតថាមពលជំនួសវា​ ពោលគឺថាមពលកកើតឡើងវិញ គឺមិនលឿនគ្រប់គ្រាន់សម្រាប់ប្រើប្រាស់នោះទេ។ លោក សាវេន ក៏បាននិយាយផ​ង​ដែរថា ៖ «តម្លៃថាមពលអាចនឹងមានការកើនឡើងខ្ពស់ជាងនេះ ដោយសារតែការកើនឡើងនៃតម្រូវការរបស់ប្រទេ​ស​ចិន និងនៅរដូវរងារ»។

យ៉ាងណាក៏ដោយ ក្រុមអ្នកវិទ្យាសាស្ត្រអាកាសធាតុអន្តរជាតិបានរំលេចថា គម្រោងឥន្ធនៈហ្វូស៊ីលគួរតែត្រូវបានបិទចោ​ល មិនមែនគួរតែពង្រីកបន្ថែមនោះទេ។ ក្រុមអ្នកវិទ្យាសាស្ត្រក៏បានអះអាងថា ប្រសិនបើចង់រក្សាសីតុណ្ហភាពពិភពលោ​ក កើនឡើងក្រោម ១,៥ អង្សាសេ គេមិនត្រូវបង្កើតគម្រោងឥន្ធនៈហ្វូស៊ីលថ្មីនោះទេ។

កាលពីដើមខែនេះ ប្រធានទីភ្នាក់ងារថាមពលអន្តរជាតិ លោក ហ្វាទី ប៊ីរ៉ូល (Fatih Birol) បានប្រាប់សារព័ត៌មាន BBC ថា ៖ «ប្រសិនបើពិភពលោកពិតជាចង់ដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុ នោះយើងត្រូវកាត់បន្ថយការប្រើប្រាស់ប្រេង និងឧស្ម័នឱ្យបានច្រើននៅឆ្នាំក្រោយៗទៀត»។​

ស្ថិតក្នុងអំឡុងពេលព្រឹត្តិការណ៍ជាមួយគ្នានេះ លោក ហ្ក្រែន ហ្សាបស៍ (Grant Shapps) ដែលជាអគ្គលេខាធិការសន្តិ​សុខថាមពល និងសូន្យកាបូន បានសម្តែងការគាំទ្រចំពោះគោលជំហររបស់នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Shell។ ប៉ុន្តែលោក​បាន​បញ្ជាក់​ពី​តម្រូវការចាំបាច់​សម្រាប់​ការ​ផ្លាស់ប្តូរជាវិជ្ជមាន​មួយ ដោយបានថ្លែងថា «ប្រសិនបើអ្នកព្យា​យា​មធ្វើបន្តទៀត អ្នកនឹងធ្វើឱ្យប្រជាជនក្រីក្រ ហើយប្រាប់ប្រជាជនថា ពួកគេមិនអាចរស់នៅបានដោយខ្លួនឯងបាន ហើ​យ​ពួកគេមិនអាចកំដៅផ្ទះទៀតបាន»៕​

ដោយ៖ធា សុណា

ប្រភព​៖ BBC News US climate envoy John Kerry criticises big oil for backtracking

ads banner