ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា ៖ ប្រាក់រៀលខ្មែរ នឹងមានការប្រើប្រាស់កាន់តែទូលំទូលាយ ខណៈកម្ពុជា កំពុងបន្តធ្វើការជាមួយធនាគារកណ្តាលចិន ដើម្បីអាចចូលជាសមាជិកប្រព័ន្ធទូទាត់អន្តរធនាគារចិន

(ភ្នំពេញ)៖ លោកជំទាវ ជា សិរី ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានចាត់ទុកការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាងធនាគារជាតិនៃកម្ពុជា ជាមួយក្រុមហ៊ុន Union Pay International ស្តីពីកិច្ចសហប្រតិបត្តិការទូទាត់សងប្រាក់ឆ្លងដែនតាម ឃ្យូអរ កូត (QR Code) នឹងជំរុញដល់ការទូទាត់រូបីយវត្ថុ នៃប្រទេសទាំងពីរទៅវិញទៅមក ហើយវាគឺជាផ្នែកមួយដ៏សំខាន់ក្នុងការរួមចំណែករួមបង្កើនការប្រើប្រាស់ប្រាក់រៀលខ្មែរ ឲ្យកាន់តែទូលំទូលាយ ខណៈកម្ពុជា កំពុងបន្តធ្វើការជាមួយធនាគារកណ្តាល ចិន ដើម្បីអាចចូលជាសមាជិកប្រព័ន្ធទូទាត់អន្តរធនាគារចិន ។

ពិធីចុះហត្ថលេខាលើអនុស្សរណៈនេះ ធ្វើឡើងនាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ នៅមណ្ឌលសិក្សា បច្ចេកទេសធនាគារ ដើម្បីជំរុញនវានុវត្តន៍ និងបច្ចេកវិទ្យាហិរញ្ញវត្ថុ លើការប្រើប្រាស់សេវាធនាគារ និងហិរញ្ញវត្ថុ ប្រកបដោយជំនឿទុកចិត្ត សុវត្ថិភាព ប្រសិទ្ធភាព ស្ថិរភាព និងបរិយាបន្ន សំដៅគាំទ្រដល់ គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល។

សេចក្ដីប្រកាសព័ត៌មានរបស់ធនាគារជាតិ បានឱ្យដឹងថា អនុស្សរណៈ នៃការយោគយល់គ្នានេះ មានគោលបំណងផ្តល់នូវក្របខ័ណ្ឌជាក់លាក់សម្រាប់កិច្ចសហប្រតិបត្តិការ ដើម្បីលើកកម្ពស់ដល់ប្រតិបត្តិការទូទាត់ឆ្លងប្រទេសរវាង KHQR នៃប្រព័ន្ធបាគង ជាមួយនឹងបណ្តាញ QR Code របស់ក្រុមហ៊ុន Union Pay International។ គំនិតផ្តួចផ្តើមនេះ នឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់ប័ណ្ណទូទាត់ UPI ដែលមកទស្សនាប្រទេសកម្ពុជា នឹងអាចប្រើប្រាស់សេវាទូទាត់របស់ Union Pay ដើម្បីស្កេន KHQR Code ដែលមានភ្ជាប់ជាមួយគណនីធនាគារជាប្រាក់រៀលក្នុងស្រុក សម្រាប់ធ្វើការទូទាត់នានា ដើម្បីលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល។ ទន្ទឹមនេះ ប្រជាជនកម្ពុជា ដែលប្រើប្រាស់ប្រព័ន្ធបាគង និងមានគណនីធនាគារជាប្រាក់រៀល ក៏អាចធ្វើការស្កេន QR Code របស់ពាណិជ្ជករ UnionPay នៅក្នុងប្រទេសចិន និងទូទាំងពិភពលោកផងដែរ ដែលនឹងរួមចំណែកច្រើនក្នុងការជំរុញវិស័យទេសចរណ៍ និងសកម្មភាពពាណិជ្ជកម្ម ។

លោកជំទាវ ជា សិរី បានមានប្រសាសន៍ថា បច្ចុប្បន្នប្រជាជនកម្ពុជាជាង ១០លាននាក់ កំពុងប្រើប្រាស់កាបូបអេឡិចត្រូនិក ដែលអាចប្រើប្រាស់ KHQR បាន ដូច្នេះវានឹងផ្តល់ភាពងាយស្រួលសម្រាប់ពួកគាត់ក្នុងការទូទាត់ទំនិញ នៅពេលពួកគាត់ធ្វើដំណើរទៅប្រទេសចិន។ ចំណែកទេសចរចិន ក៏ដូចគ្នា នៅពេលពួកគាត់មកទស្សនាប្រទេសកម្ពុជា ពួកគាត់ក៏អាចទូទាត់តាមរយៈ UnionPay ដោយស្កេន QR Code ដោយមិនចាំបាច់យកលុយយ៉ន់ ទៅប្តូរយកក្រដាសប្រាក់ដុល្លារអាមេរិក ហើយយកមកចាយនៅកម្ពុជានោះទេ ពោលគឺពួកគាត់អាចដកលុយយ៉ន់ពីគណនេយគាត់ប្រើផ្ទាល់នៅកម្ពុជាតែម្តង ។

ទេសាភិបាលរងធនាគារជាតិ បានបន្តថា ពាក់ព័ន្ធដំណើរការសុំចូលជាសមាជិកប្រព័ន្ធទូទាត់អន្តរធនាគារចិន (CIPS) របស់កម្ពុជាត្រូវការពេលវេលាយូរបន្ថែមទៀត ខណៈធនាគារកណ្តាលរបស់ចិន ទាមទារលក្ខខណ្ឌច្រើនទៀត។

លោកជំទាវ ជា សិរី បានបញ្ជាក់ថា៖ យើងត្រូវធ្វើការជាមួយធនាគារកណ្តាលចិន បន្តទៀត ដើម្បីយើងអាចបំពេញលក្ខខណ្ឌហ្នឹងបាន មុននឹងអាចក្លាយជាសមាជិក។ ប៉ុន្តែបច្ចុប្បន្ន កម្ពុជា គឺជាសមាជិកប្រព័ន្ធទូទាត់អន្តរជាតិ SWIF របស់លោកខាងលិច ដែលមានធនាគារធំៗជាសមាជិកប្រមាណ ២.០០០នៅលើពិភពលោក ។

ពាក់ព័ន្ធនឹងការចូលជាសមាជិកប្រព័ន្ធទូទាត់អន្តរជាតិ SWIF វិញ មន្ត្រីជំនាញរូបនេះ បានពន្យល់ថា ដោយសារប្រព័ន្ធនេះ បានធ្វើជាមួយគ្រប់រូបីយវត្ថុទាំងអស់ ដែលខុសពី CIPS របស់ចិន គឺទូទាត់តែជាមួយប្រាក់យ៉ន់មួយប៉ុណ្ណោះ។ មួយវិញទៀត ដោយសារវាជាប្រព័ន្ធថ្មី ទើបធនាគារកណ្តាលចិន មានការប្រុងប្រយ័ត្ន ខណៈប្រព័ន្ធទូទាត់អន្តរជាតិ SWIF បានដំណើរការជាច្រើនឆ្នាំមកហើយ និងមានបទពិសោធន៍ច្រើននៅលើទីផ្សារ ។

បើតាមលោកជំទាវ ជា សិរី , CIPS ជាប្រព័ន្ធទូទាត់ថ្នាក់អន្តរជាតិ ដូចទៅនឹងប្រព័ន្ធ SWIFT របស់លោកខាងលិចដែរ ដែលផ្តល់នូវសេវាផាត់ទាត់ និងទូទាត់សម្រាប់សមាជិក ដើម្បីទូទាត់ឆ្លងព្រំដែនជាប្រាក់យ៉ន់ចិន។ CIPS ត្រូវបានបង្កើតឡើងដោយធនាគារកណ្តាលចិន នៅឆ្នាំ ២០១៥។

លោកជំទាវទេសាភិបាលរង បានបញ្ជាក់ថា គិតត្រឹមដើមឆ្នាំ២០២៣នេះ CIPS មានសមាជិកផ្ទាល់យ៉ាងហោចណាស់ចំនួន ៧៦ និងមាជិកប្រយោល ១២៦៥ គ្រឹះស្ថានដែលក្នុងនោះមកពីតំបន់អាស៊ី ៩៦៥ ទ្វីបអឺរ៉ុប ១៨៥ទ្វីបអាហ្វ្រិក ៨៦ អាមេរិកខាងជើង ២៩ ទ្វីបអូសេអានី ២៣ និងអាមេរិកខាងត្បូង ១៧ ដែលមកពី ១០៦ប្រទេស។ គោលបំណងចម្បងនៃការបង្កើតប្រព័ន្ធ CIPS គឺដើម្បីគាំទ្រអន្តរតូបនីយកម្មប្រាក់យ៉ន់ចិន ។

លោកជំទាវ បានបញ្ជាក់បន្ថែមថា បច្ចុប្បន្ន យើងបានធ្វើកិច្ចសហប្រតិបត្តិការទូទាត់សងប្រាក់ឆ្លងដែនតាម ឃ្យូអរ កូត (QR Code) ជោគជ័យជាមួយនឹងប្រទេសថៃ ។ ចំពោះប្រទេសវៀតណាម យើងកំពុងតែរៀបចំ ហើយយើងក៏កំពុងធ្វើការជាមួយប្រទេសឡាវ និងប្រទេសឥណ្ឌាមួយទៀត ៕

អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner