នាយករដ្ឋមន្ត្រីកម្ពុជា អំពាវនាវតាមបណ្តាញសង្គម Twitter ដល់ប្រទេសសមាជិក អង្គការណាតូ និងសម្ព័ន្ធមិត្តអាមេរិក ចូលរួមទប់ស្កាត់កុំឱ្យប្រើប្រាស់គ្រាប់បែកចង្កោម ក្នុងសង្គ្រាមអ៊ុយក្រែន
(ភ្នំពេញ)៖នៅលើបណ្ដាញទំនាក់ទំនង Twitter កាលពីយប់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ប្រទេសដែលជាសមាជិកអង្គការណាតូ និងសម្ព័ន្ធមិត្តអាមេរិក ដែលជាប្រទេសហត្ថលេខី នៃអនុសញ្ញាគ្រាប់បែកចង្កោមឱ្យមានភាពទទួលខុសត្រូវ និងចូលរួមទប់ស្កាត់នូវការចេតនាចង់ប្រើគ្រាប់បែកនេះក្នុងសង្គ្រាមអ៊ុយក្រែន។ ការអំពាវនាវរបស់សម្ដេចតេជោនេះ គឺបន្ទាប់ពីប្រធានាធិបតី លោក ចូ បៃដិន កាលពីថ្ងៃសុក្រសប្ដាហ៍មុន បានសម្រេចប្រកាសផ្ដល់គ្រាប់បែកចង្កោមទៅឲ្យអ៊ុយក្រែន ដើម្បីធ្វើសង្រ្គាមប្រឆាំងរុស្ស៊ី ខណៈប្រទេសជាសម្ព័ន្ធមិត្តអាមេរិកមួយចំនួន សំដែងការមិនពេញចិត្តចំពោះការសម្រេចនេះ ។

សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះសារអំពាវនាវដល់ចក្រភពអង់គ្លេស អេស្ប៉ាញ អាល្លឺម៉ង់ កាណាដា ដែលជាសម្ព័ន្ធមិត្តរបស់អាមេរិកនិងជាប្រទេសហត្ថលេខីនៃអនុសញ្ញាគ្រាប់បែកចង្កោមឱ្យចូលរួមទប់ស្កាត់ឱ្យខានតែបានដល់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងប្រធានាធិបតីអ៊ុយក្រែន កុំឱ្យប្រើប្រាស់អាវុធដ៏កាចសាហាវនេះ។
យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣ សហរដ្ឋអាមេរិក មានផែនការបញ្ជូនគ្រាប់បែកចង្កោម ទៅឱ្យអ៊ុយក្រែន ដើម្បីប្រើប្រាស់នៅក្នុងការប្រយុទ្ធប្រឆាំង នឹងកងកម្លាំងឈ្លានពានរុស្ស៊ី ។ គម្រោងប្រើប្រាស់គ្រាប់បែកចង្កោមរបស់សហរដ្ឋអាមេរិក កំពុងនាំឱ្យការព្រួយបារម្ភចំពោះការនាំមកនូវមហន្តរាយយ៉ាងធ្ងន់ធ្ងរក្នុងសង្គ្រាមរវាងរុស្ស៉ី និងអ៊ុយក្រែន។ មានប្រទេសជាច្រើន រួមទាំងអង្គការសិទ្ធិមនុស្ស សម្តែងប្រតិកម្ម នឹងគម្រោងប្រើប្រាស់គ្រាប់បែកចង្កោមរបស់អាមេរិក។

នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស លោក Rishi Sunak បានលើកឡើងថា ប្រទេសអង់គ្លេស គឺជាប្រទេសហត្ថលេខី នៃអនុសញ្ញាហាមឃាត់គ្រាប់បែកចង្កោម នឹងមិនលើកទឹកចិត្តឱ្យមានការប្រើប្រាស់គ្រាប់បែកចង្កោមក្នុងសង្គ្រាមជាដាច់ខាត។ លោកថា ណាតូ នៅមានមធ្យោបាយជាច្រើនទៀត ដើម្បីជួយអ៊ុយក្រែន ដោយមិនប្រើប្រាស់គ្រាប់បែកចង្កោម ។

គ្រាប់បែកចង្កោម គឺជាទម្រង់នៃគ្រាប់បែកទម្លាក់ពីលើអាកាស ឬបាញ់ចេញពីដី ដែល បញ្ចេញ ឬបញ្ចេញគ្រាប់តូចៗជាច្រើន។ វាត្រូវបានធ្វើឡើងដើម្បីសម្លាប់សត្រូវ និងបំផ្លាញយានយន្ត។ ភាពគ្រោះថ្នាក់របស់វាមិនត្រឹមតែបង្ករគ្រោះថ្នាក់ដល់សត្រូវទេ តែវាបង្កហានិភ័យដល់ជនស៊ីវិលទាំងក្នុងអំឡុងពេលវាយប្រហារ និងក្រោយដែលមានរយៈពេលគ្រោះថ្នាក់យូរអង្វែង។

សូមជម្រាបបថា អនុសញ្ញាស្តីពីគ្រាប់បែកចង្កោមត្រូវបានអនុម័ត នៅទីក្រុង Dublin ប្រទេសអៀរឡង់ ក្នុងខែឧសភា ឆ្នាំ២០០៨។ អនុសញ្ញានេះ បានចូលជាធរមាន ហើយ បានក្លាយជាច្បាប់អន្តរជាតិ ដែលមានសុពលភាពនៅពេលផ្តល់សច្ចាប័ន លើរដ្ឋនៅ ថ្ងៃទី១ ខែសីហា ឆ្នាំ២០១០ បច្ចុបន្នអនុសញ្ញាសញ្ញានេះមានរដ្ឋរដ្ឋភាគី និងហត្ថលេខី សរុបចំនួន ១២៣ប្រទេស៕



ដោយ វណ្ណលុក