សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ គោលនយោបាយគណបក្សប្រជាជនកម្ពុជា បានធ្វើឲ្យកាន់តែប្រសើរឡើង សំដៅបម្រើប្រយោជន៍រួម ប្រជាពលរដ្ឋកម្ពុជា នៅទូទាំងប្រទេស

(ខេត្តស្វាយរៀង)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តស្វាយរៀង បានបញ្ជាក់យ៉ាងច្បាស់ថា គោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ពុំមែនមានតែក្នុងអាណត្តិទី ៧ នោះទេ គឺមានតាំងពីអាណត្តិ១ មកម្ល៉េះ និងបានបន្តដាក់ចេញជាបន្តបន្ទាប់រហូតមកដល់បច្ចុប្បន្ន ពិសេស បានតាមដាន ពង្រឹងប្រសិទ្ធភាពនៃការអនុវត្តប្រកបដោយ គុណភាព តម្លាភាព សមធម៌ សំដៅបម្រើប្រយោជន៍ជារួមដល់ប្រជាពលរដ្ឋកម្ពុជានៅទូទាំងប្រទេស ។

សម្តេចកិតិសង្គហបណ្ឌិត មានប្រសាសន៍បែបនេះខណៈសម្តេចបានអញ្ជើញបន្តឃោសនារកសម្លេងឆ្នោត នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអណត្តិទី៧ និងបង្រៀនគូសសន្លឹកឆ្នោត ដល់សមាជិក សមាជិកាបក្ស ចំនួន ជាង ១.៥០០នាក់ នៅឃុំដូនស ស្រុកធ្លក និងឃុំពោធិរាជ ខេត្តស្វាយរៀង នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់គ្នា សូមអញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ ឱ្យបានគ្រប់គ្នា ពិសេស គឺត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញា «ទេវតាបាចផ្កា» ដែលមានលេខរៀងទី ១៨ ក្នុងសន្លឹកឆ្នោត និងបានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានសិទ្ធបោះឆ្នោត ត្រូវគូសលើសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ ដើម្បីរក្សាតម្លៃនៃសន្លឹកឆ្នោត ស្របតាមទិសស្លោក សន្លឹកឆ្នោតមួយសន្លឹក ជាការគាំទ្រគណបក្សប្រជាជនមួយសម្លេង និងបានចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ ។

សូមជម្រាបថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា ការឃោសនាបោះឆ្នោតត្រូវប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ សរុបមានរយៈពេល២១ថ្ងៃ។

គណបក្សនយោបាយ ដែលត្រូវបានទទួលស្គាល់ជាផ្លូវការដោយ គ.ជ.ប ចំនួន១៨ មានសិទ្ធិធ្វើការឃោសនារកសំឡេងឆ្នោត ដោយគោរពទៅតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត សេចក្តីណែនាំ ស្តីពីការឃោសនាបោះឆ្នោត ក្នុងស្មារតីទទួលខុសត្រូវ និងត្រូវមានការយោគយល់ អធ្យាស្រ័យគ្នាទៅវិញទៅមក ៕

ដោយ ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner