មន្ត្រីជាន់ខ្ពស់ គ.ជ.ប៖ ក្នុងរយៈពេល១០ថ្ងៃ នៃការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយនៅតាមបណ្តាខេត្ត និងរាជធានី បានប្រព្រឹត្តទៅដោយរលូន

ភ្នំពេញ៖ ក្នុងរយៈពេល១០ថ្ងៃកន្លងមកនេះ ការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយនៅតាមបណ្តាខេត្ត និងរាជធានី បានប្រព្រឹត្តទៅដោយរលូន មានការយោគយល់អធ្យាស្រ័យគ្នាខ្ពស់ មានកិច្ចសហការពីបណ្តាភាគីពាក់ព័ន្ធនានាបានល្អប្រសើរ ដែលរក្សាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់របៀបរៀបរយក្នុងមណ្ឌលបោះឆ្នោតនីមួយៗ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ហ៊ែល សារ៉ាត់ សមាជិក គ.ជ.ប នៅក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធកាលពីព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ នៅទីស្តីការ គ.ជ.ប។

ឯកឧត្តម ហ៊ែល សារ៉ាត់ បានបន្តថា ផ្អែកតាមរបាយការណ៍របស់ គធ.ខប និងការតាមដានសកម្មភាពឃោសនារបស់គណបក្សនយោបាយនៅលើប្រព័ន្ធផ្សព្វផ្សាយនានាឃើញថា ក្នុងរយៈពេល១០ថ្ងៃកន្លងមកនេះ គណបក្សនយោបាយនីមួយៗ បានធ្វើសកម្មភាពឃោសនាបោះឆ្នោតតាមមធ្យោបាយផ្សេងៗ និងតាមលទ្ធភាពរៀងៗខ្លួន ដែលមានសកម្មភាពជាអាទិ៍ ការជួបប្រជុំ ជាមួយអ្នកគាំទ្រ និងសកម្មជននៅតាមទីសាធារណៈ និងតាមទីស្នាក់ការគណបក្សនយោបាយ ការចុះសួរសុខទុក្ខប្រជាពលរដ្ឋតាមខ្នងផ្ទះ ការប្រគំតន្រ្តី ការបញ្ចាំងស្លាយវីដេអូ តាមទីសាធារណៈ ការចែកខិត្តបណ្ណតាមខ្នងផ្ទះ និងតាមផ្សារ ការចាក់មេក្រូផ្សព្វផ្សាយនៅតាមទីស្នាក់ការគណបក្សនយោបាយ និងចាក់ចល័តតាមភូមិជាដើម។ ក្រៅពីនេះ ក្នុងចំណោមគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតទាំង១៨ មានគណបក្សចំនួន១៥ បានធ្វើសកម្មភាពហែក្បួនឃោសនាបោះឆ្នោតនៅតាមមណ្ឌលបោះឆ្នោតនានា ដែលខ្លួនមានបញ្ជីបេក្ខជនឈរឈ្មោះ ដែលក្នុងនោះ គ.ជ.ប បានកត់សម្គាល់ឃើញថា ក្បួនឃោសនារបស់គណបក្សប្រជាជនកម្ពុជាមានទំហំធំ​និងមានអ្នកចូលរួមច្រើនជាងគេ។ លើសពីនេះ ក៏មានការផ្សព្វផ្សាយនូវសកម្មភាពឃោសនាបោះឆ្នោត និងសារនយោបាយរបស់គណបក្សនយោបាយនៅលើបណ្តាញព័ត៌មានសង្គម FACEBOOK ជារៀងរាល់ថ្ងៃផងដែរ។

ដោយបានយល់ច្បាស់នូវភារកិច្ចរបស់ខ្លួន មន្ត្រីបោះឆ្នោតគ្រប់ជាន់ថ្នាក់ ពិសេស គធ.ខប បានអនុវត្តយ៉ាងត្រឹមត្រូវតាមបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត ក្នុងការសម្របសម្រួលជាមួយគ្រប់គណបក្សនយោបាយ ដោយឈរលើគោលការណ៍ស្មើភាព អព្យាក្រឹត ឥតលម្អៀង ដើម្បីរៀបចំ ចាត់ចែង និងបែងចែក ពេលវេលា និងទីតាំងសម្រាប់គណបក្សទាំងអស់ដែលបានដាក់បញ្ជីបេក្ខជនតាមមណ្ឌលនីមួយៗ ធ្វើសកម្មភាពឃោសនារកសំឡេងឆ្នោត។ លើសពីនេះយើងបានសង្កេតឃើញថា ជាទូទៅ គ្រប់គណបក្សនយោបាយបានជូនដំណឹងជាប់លាប់មក គធ.ខប អំពីពេលវេលា និងទីតាំងដែលពួកគេត្រូវធ្វើសកម្មភាពឃោសនា។ ដោយឡែកអាជ្ញាធរមូលដ្ឋាន ក៏បានខិតខំជួយសម្របសម្រួលដល់ការធ្វើសកម្មភាពឃោសនា ដូចជា ការការពារទីតាំង ការរក្សាសន្តិសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ពិសេសបានជួយសម្រួលចរាចរតាមដងផ្លូវនៅពេលមានការហែក្បួនឃោសនាជាដើម។

តាមរយៈសកម្មភាពដ៏វិជ្ជមានទាំងនេះ ក្នុងនាម គ.ជ.ប សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបណ្តាភាគីពាក់ព័ន្ធទាំងអស់ ពិសេស៖
-គណបក្សនយោបាយ ដែលបានចូលរួមសហការ ផ្តល់ព័ត៌មាន និងគោរពតាមការរៀបចំ ចាត់ចែង និងសម្របសម្រួលពីអាជ្ញាធរ និង គធ.ខប ហើយគោរពបាននូវក្រមសីលធម៌ក្នុងការឃោសនាបោះឆ្នោត
-អាជ្ញាធររាជធានី ខេត្ត បានផ្តល់កិច្ចសហការ ជួយសម្របសម្រួល រក្សាសន្តិសុខ សុវត្ថិភាព និងរក្សាសណ្តាប់ធា្នប់ដោយពុំមានការរើសអើង
-សូមអរគុណ និងសូមលើកទឹកចិត្តបន្តទៀតជូនមន្ត្រីរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំបំពេញតួនាទី ភារកិច្ច ស្របតាមច្បាប់ បទបញ្ជា និងនីតិវិធី ក្រមសីលធម៌ ព្រមទាំងសេចក្តីណែនាំនានាបានយ៉ាងខ្ជាប់ខ្ជួន។

ប្រភពដដែលបបានបន្តថា ក្នុងអំឡុងពេលនៃការឃោសនារកសំឡេងឆ្នោតនេះផងដែរ គណបក្សនយោបាយទាំង១៨ មានឱកាសផ្សព្វផ្សាយដោយស្មើភាពគ្នានូវគោលនយោបាយ និងកម្មវិធីនយោបាយរបស់ខ្លួនទៅកាន់អ្នកបោះឆ្នោតតាមរយៈកម្មវិធីផ្សព្វផ្សាយគោលនយោបាយរបស់គណបក្សនយោបាយ ដែលរៀបចំដោយ គ.ជ.ប។ ការផ្សព្វផ្សាយនេះធ្វើឡើងតាមវិទ្យុ និងទូរទស្សន៍របស់រដ្ឋដែលមានដូចជា៖
-ការផ្សព្វផ្សាយតាមវិទ្យុ AM 918 KHz វិទ្យុ FM 96 MHz និងវិទ្យុវត្តភ្នំ FM 105.70 MHz គណបក្សនីមួយៗទទួលបានម៉ោងផ្សាយស្មើៗគ្នាចំនួន ៧នាទីក្នុងមួយលើក និងពីរលើកក្នុងមួយថ្ងៃ។
-ការផ្សព្វផ្សាយតាមទូរទស្សន៍ជាតិកម្ពុជា ទទក គណបក្សនីមួយៗទទួលបានម៉ោងផ្សាយស្មើៗគ្នាចំនួន ៧នាទីក្នុងមួយលើក និងពីរលើកក្នុងមួយថ្ងៃ។
-ការចុះផ្សាយនូវអត្ថបទរបស់គណបក្សនយោបាយទាំង១៨ ក្នុងព្រឹត្តិបត្រគោលនយោបាយរបស់គណបក្សនយោបាយ ដែលបោះពុម្ពផ្សាយដោយ គ.ជ.ប មានចំនួនពីរលេខ។

ឯកឧត្តម ហ៊ែល សារ៉ាត់ បានបញ្ជាក់ថា ករណីបណ្តឹងអំពីការឃោសនាបោះឆ្នោត៖
គិតត្រឹមថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ គ.ជ.ប បានទទួលពាក្យបណ្តឹងសរុបចំនួន២បណ្តឹង ហើយដែលក្នុងនោះមាន៖
ទី១.កើតឡើងនៅគណៈកម្មការរៀបចំការបោះឆ្នោតឃុំទួលពង្រ នៃខេត្តបន្ទាយមានជ័យ។ ករណីនេះ គណៈកម្មការរៀបចំការបោះឆ្នោតឃុំទួលពង្រ បានបើកកិច្ចប្រជុំផ្សះផ្សា កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ ដោយទទួលបានលទ្ធផល “គូភាគីមិនព្រមសះជាឡើយ”។ ក្រោយពីថ្ងៃផ្សះផ្សាមិនសះជា ភាគីទំនាស់មិនបានដាក់ពាក្យបណ្តឹង បន្តទៅគណៈកម្មការ-រៀបចំការបោះឆ្នោត ខេត្តបន្ទាយមានជ័យឡើយ ហើយបើគិតមកដល់ពេលនេះ គឺហួសអាជ្ញាយុកាលនៃការប្តឹងទៅហើយ។
ទី២.កើតឡើងនៅគណៈកម្មការរៀបចំការបោះឆ្នោត សង្កាត់ភ្នំពេញថ្មី នៃរាជធានីភ្នំពេញ។ ករណីនេះ គណៈកម្មការរៀបចំការបោះឆ្នោត សង្កាត់ភ្នំពេញថ្មី បានធ្វើលិខិត ជូនដំណឹងតាមលិខិតរដ្ឋបាលទៅភាគីដើមបណ្តឹងរួចហើយ៕
ដោយ៖ពលជ័យ
រូបភាព៖គ.ជ.ប

ads banner