អ.ស.ប៖ គោលដៅសកលដើម្បីឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព កំពុងស្ថិតក្នុងការគំរាមកំហែង
អ.ស.ប៖ អង្គការសហប្រជាជាតិ(អ.ស.ប)បាននិយាយក្នុងរបាយការណ៍មួយ ដែលចេញផ្សាយកាលពីថ្ងៃចន្ទថា គោលដៅសកលដើម្បីបន្ធូរបន្ថយភាពក្រីក្រ និងចាត់វិធានការឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់មនុស្សជាតិទាំងអស់ គឺស្ថិតនៅក្នុងការគំរាមកំហែង។
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អត់តូនីញូវ ហ្គូតទែរ៉េស បានព្រមានក្នុងបុព្វបទនៃរបាយការណ៍វាយតម្លៃគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពរបស់អង្គការសហប្រជាជាតិសម្រាប់ឆ្នាំ២០៣០ ថា ៖ «ប្រសិនបើយើងមិនធ្វើសកម្មភាពឥឡូវនេះ របៀបវារៈឆ្នាំ ២០៣០ អាចនឹងក្លាយទៅជាចារិកនៅលើថ្មរបស់ពិភពលោក»។
ក្នុងឆ្នាំ ២០១៥ រដ្ឋជាសមាជិកអ.ស.ប បានអនុម័តគោលដៅចំនួន ១៧ ដែលមានបំណងកសាងអនាគតដ៏ល្អប្រសើរ និងនិរន្តរភាពបន្ថែមទៀត សម្រាប់ពិភពលោកទាំងមូលនៅចុងទសវត្សរ៍នេះ។ យ៉ាងណាមិញ របាយការណ៍ចេញផ្សាយកាលពីថ្ងៃចន្ទ បានលើកឡើងថា៖ «នៅពាក់កណ្តាលផ្លូវឆ្ពោះទៅឆ្នាំ ២០៣០ ការសន្យានោះស្ថិតក្នុងការគំរាមកំហែង» ដោយពាក់កណ្តាលនៃពិភពលោកទំនងនៅតែដើរមិនទាន់គេ។ របាយរការណ៍បន្តថា គោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពនានាក្លាយជាបាត់ស្រមោលមើលលែងឃើញ។
របាយការណ៍ដដែលបានកត់សម្គាល់ថា អ្នកជំនាញបានវាយតម្លៃគោលដៅចំនួន ១៤០ ដែលបង្កើតឡើងក្រោមគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព រាប់ចាប់ពីការទទួលបានការថែទាំសុខភាព និងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ រហូតដល់ការប្រយុទ្ធប្រឆាំងនឹងវិសមភាព និងកម្រិតនៃការទទួលបានថាមពលប្រើប្រាស់។
របាយការណ៍គូសបញ្ជាក់ទៀតថា មានគោលដៅជាង៣០ភាគរយដែលគ្មានរបាយការណ៍ស្ដីពីការរីកចម្រើន ឬមានភាពរដិបរដុបទៅមុខមិនរួចតាំងពីឆ្នាំ ២០១៥ ហើយប្រហែលពាក់កណ្ដាលនៃគោលដៅ គម្លាតនៃការឆ្ពោះទៅរកការសម្រេចបានកាន់តែឆ្ងាយទៅៗ។
ជាឧទាហរណ៍វិបត្តិនៃជំងឺរាតត្បាតកូវីដ-១៩ បានធ្វើឱ្យមនុស្សរស់នៅក្រោមបន្ទាត់ក្រីក្រ (២,១៥ ដុល្លារ/ថ្ងៃ) មាននិន្នាការកើនឡើងវិញ ហើយតាមអត្រាបច្ចុប្បន្នមនុស្ស ៥៧៥លាននាក់ នឹងនៅតែរស់ក្នុងលក្ខខណ្ឌបែបនេះនៅឆ្នាំ ២០៣០ ដែលភាគច្រើនជាប្រជាជនរស់នៅតំបន់សាប់សាហារ៉ាអាហ្វ្រិក។ ចំនួននេះ មានន័យថា ភាពក្រីក្រធ្លាក់ចុះ ៣០ ភាគរយចាប់តាំងពីឆ្នាំ ២០១៥ មក ប៉ុន្តែវានៅតែឆ្ងាយពីការរំពឹងទុកសម្រាប់ការលុបបំបាត់ភាពក្រីក្រ។
របាយការណ៍អ.ស.ប ដដែលនិយាយថា៖ «គួរឲ្យភ្ញាក់ផ្អើល ពិភពលោកបានវិលមករកកម្រិតអត់ឃ្លានវិញដែលមិនធ្លាប់មានចាប់តាំងពីឆ្នាំ ២០០៥ មក»។ របាយការណ៍បានកត់សម្គាល់ថា ប្រជាជនប្រហែល ១ ក្នុងចំណោម ៣ នាក់ ឬស្មើនឹង ២,៣ ប៊ីលាននាក់ ប្រឈមមុខនឹងអសន្តិសុខអាហារកម្រិតមធ្យម ឬធ្ងន់ធ្ងរក្នុងឆ្នាំ ២០២១ ហើយកង្វះអាហារូបត្ថម្ភរបស់កុមារនៅតែជាក្តីបារម្ភជាសកល។
របាយការណ៍គូសបញ្ជាក់ថា៖ «មនុស្សប្រហែល ១,១ ប៊ីលាននាក់បច្ចុប្បន្នរស់នៅក្នុងតំបន់អនាធិបតេយ្យ ឬដែលមានលក្ខខណ្ឌដូចអនាធិបតេយ្យនៅក្នុងទីក្រុង ដោយនឹងមាន២ប៊ីលាននាក់បន្ថែមទៀតក្នុងរយៈពេល ៣០ ឆ្នាំខាងមុខ»។
ជុំវិញបញ្ហានេះ លោក ហ្គូតទែរ៉េស ដែលបានអំពាវនាវម្តងហើយម្តងទៀតឱ្យធ្វើកំណែទម្រង់ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ បាននិយាយថា ប្រទេសកំពុងអភិវឌ្ឍន៍ ដែលកប់នៅក្រោម «ភ្នំនៃបំណុល» គឺជាអ្នករងផលប៉ះពាល់ខ្លាំងបំផុតដោយសារការបរាជ័យក្នុងការវិនិយោគនៅក្នុងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព»៕ ប្រែសម្រួល៖ ហួន ឌីណា