ទិវាជាតិអន្តរសាសនាលើកទី៧ នឹងរៀបចំឡើងដើម្បីផ្សារភ្ជាប់សាសនា ប្រយុទ្ធប្រឆាំងទៅនឹងអំពើជួញដូរមនុស្សកម្ពុជា

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ក្រសួងមហាផ្ទៃ និងស្ថាប័នពាក់ព័ន្ធ គ្រោងរៀបចំទិវាជាតិអន្តរសាសនាលើកទី៧នៅក្នុងឆ្នាំនេះ ដើម្បីផ្សារភ្ជាប់សាសនាប្រយុទ្ធប្រឆាំងទៅនឹងអំពើជួញដូរមនុស្សនៅកម្ពុជា ពីព្រោះមានតែសាសនាទេ ដែលអប់រំផ្លូវចិត្តរបស់មនុស្សមានសីលធម៌ និងមានគុណធម៌ កុំឱ្យប្រព្រឹត្តនូវអំពើទុច្ចរិត។

យោងតាមគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានឱ្យដឹងនៅថ្ងៃ១០ ខែកក្កដាថា ស្ថាប័នពាក់ព័ន្ធរួមមាន ក្រសួងមហាផ្ទៃ, ក្រសួងធម្មការ និងសាសនា, គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំ ពើ ជួញដូរមនុស្ស, អង្គការការីតាសកម្ពុជា, តំណាងឥស្លាមសាសនា គ្រិស្តសាសនា និងព្រះពុទ្ធសាសនា បានពិភាក្សាគ្នាពីការត្រៀមរៀបចំទិវាជាតិអន្តរសាសនាដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជា។

ទាក់ទងនឹងទិវានេះ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានប្រាប់ឱ្យដឹងនៅថ្ងៃទី១១ ខែកក្កដាថា អាជ្ញាធរតែងតែធ្វើទិវានេះរៀងរាល់ឆ្នាំ នាថ្ងៃទី២០ ខែសីហា ខណៈដែលឆ្នាំនេះជាលើកទី៧ហើយ ដែលទិវាអន្តរសាសនានេះ ត្រូវបានរៀបចំប្រារព្វជាមួយស្ថាប័នពាក់ព័ន្ធនានា។

លោកជំទាវបន្តថា ទិវាជាតិអន្តរសាសនាដើម្បីប្រឆាំងការជួញដូរមនុស្សនេះ ក៏ជាកម្មវិធីមួយដ៏មានសារៈសំខាន់ដែលរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឱ្យការប្រារព្វទិវានេះធ្វើឡើងទាំងថ្នាក់ជាតិ រហូតដល់ថ្នាក់ខេត្តនៅទូទាំងប្រទេសកម្ពុជា។

លោកជំទាវ ជូ ប៊ុនអេង មានប្រសាសន៍ថា ៖ «យើងគិតថា មានតែសាសនាទេដែលបានអប់រំ និងជួយអប់រំផ្លូវចិត្តទៅដល់មនុស្សគ្រប់រូប ហើយបើគ្រប់គ្នាបានទទួលការអប់រំផ្លូវចិត្តឱ្យបានល្អ មានសីលធម៌ មានគុណធម៌ និងការរស់នៅក្នុងសង្គមបានល្អ គឺគាត់នឹងមិនប្រព្រឹត្តនូវអំពើទុច្ចរិតបែបនេះទេ ហើយការកសាងនូវសុខដុមរមនារវាងសាសនាទាំងអស់ ត្រូវតែរួមគ្នាដើម្បីការពារកុំឱ្យមនុស្សលោកធ្លាក់ចូលទៅក្នុងភាពរងគ្រោះនៃអំពើជួញដូរមនុស្ស»។

សម្រាប់ប្រធានបទនៃទិវាជាតិអន្តរសាសនាដើម្បីប្រឆាំងការជួញដូរមនុស្សឆ្នាំនេះដែរ ភាគីពាក់ព័ន្ធកំពុងពិភាក្សាគ្នានៅឡើយ ដោយមិនទាន់សម្រេចត្រូវយកអ្វីមួយជារួមនៅឡើយទេ ប៉ុន្តែលោកជំទាវ ជូ ប៊ុនអេង បានបញ្ជាក់ដែរថា ក្នុងកិច្ចពិភាក្សាគ្នាកាលពីថ្ងៃទី១០ ភាគីពាក់ព័ន្ធចង់ផ្សារភ្ជាប់អន្តរសាសនាជាមួយនឹងសន្តិភាព ទៅនឹងបញ្ហាការជួញដូរមនុស្ស។

ថ្លែងក្នុងវេទិកាអន្តរសាសនាថ្នាក់ជាតិដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សលើកទី៦ កាលពីឆ្នាំ២០២២ កន្លងទៅសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានលើកឡើងដោយមានជំនឿថា យុទ្ធនាការបង្ក្រាបល្បែងស៊ីសង នឹងរួមចំណែកកាត់បន្ថយការជួញដូរមនុស្ស និងបង្កើនសុវត្ថិភាព ភូមិ-ឃុំមានសុវត្ថិភាពផងដែរ។

សូមបញ្ជាក់ដែរថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានប្រកាសយកថ្ងៃទី ២០ ខែសីហា ជារៀងរាល់ឆ្នាំប្រារព្ធទិវាជាតិអន្តរសសាសនាប្រឆាំងការជួញដូរមនុស្ស ដែលសម្ដេចតេជោបានបញ្ជាក់ថា ទិវានេះមិនធ្វើតែមួយថ្ងៃ២០សីហានោះទេ គឺត្រូវធ្វើជារៀងរាល់ថ្ងៃតែម្ដង ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំង ទប់ស្កាត់ការជួញដូរមនុស្សនៅកម្ពុជា៕ ប្រែសម្រួល៖ ជា សុខនី

ads banner