អង្គការសង្គមស៊ីវិលអំពាវនាវពលរដ្ឋមិនត្រូវចាញ់នូវឧបាយកលទុច្ចរិត ក្រុមនយោបាយប្រឆាំង (Video Inside)
បណ្តុំអង្គការសង្គមស៊ីវិល បានអំពាវនាវប្រជាពលរដ្ឋសូមប្រើប្រាស់សិទ្ធិដ៏សំខាន់របស់ខ្លួន ក្នុងការចេញទៅបោះឆ្នោត និងមិនត្រូវជឿលើការញុះញង់ឱ្យពលរដ្ឋគូសបំផ្លាញសន្លឹកឆ្នោត របស់ខ្លួនចោលឡើយ។
សេចក្តីថ្លែងការណ៍របស់បណ្តុំអង្គការសង្គមស៊ីវិលចុះថ្ងៃទី១០កក្កដា បានសរសេរថា «ការបោះឆ្នោតគឺជាផ្នែកមួយមិនអាចខ្វះបាននៅក្នុងប្រទេសមានសន្តិភាព និងសង្គមប្រជាធិបតេយ្យ ដែលអនុញ្ញាតឱ្យប្រជាពលរដ្ឋ ប្រើសិទ្ធិសម្រេចជោគវាសនាប្រទេសជាតិរបស់ខ្លួន តាមរយៈការជ្រើសរើសតំណាង និងថ្នាក់ដឹកនាំ ដែលខ្លួនគាំទ្រស្រឡាញ់ពេញចិត្ត ពីក្នុងចំណោមគណបក្សនយោបាយ ដែលបានចុះបញ្ជីប្រកួតប្រជែងស្របតាមបទបញ្ញត្តិច្បាប់ជាធរមាន»។
សេចក្តីថ្លែងការណ៍ដដែល បានថ្កោលទោសអ្នកញុះញង់បំផុសបំផុល ការគូសបំផ្លាញសន្លឹកឆ្នោតថា «កំពុងបំផ្លាញសិទ្ធិរបស់ប្រជាពលរដ្ឋ និងញុះញង់ប្រជាពលរដ្ឋឱ្យប្រព្រឹត្តអំពើផ្ទុយនឹងច្បាប់ ព្រមទាំងប្រឆាំងនឹងព្រះរាជបន្ទូលអំពាវនាវរបស់អង្គព្រះមហាក្សត្រខ្មែរ» តាមព្រះរាជសារថ្ងៃទី៨ កុម្ភៈ ឆ្នាំ២០២៣។
សេចក្តីថ្លែងការណ៍របស់បណ្តុំអង្គការស៊ីវិលបានលើកឡើងទៀតថា អំពើញុះញង់បំផ្លាញលទ្ធផល នៃការបោះឆ្នោតនោះ បានផ្ទុយនឹងច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត ដែលត្រូវបានប្រកាសឱ្យប្រើប្រាសតាមព្រះរាជក្រមចុះថ្ងៃទី៤ កក្កដា ឆ្នាំ២០២៣។
សេចក្តីថ្លែងការណ៍ដដែលបានសរសេរបញ្ជាក់ចុងក្រោយថា «សូមប្រជាពលរដ្ឋដែលមានឈ្មោះ ក្នុងបញ្ជីប្រើប្រាស់សិទ្ធិរបស់ខ្លួន ដោយអញ្ជើញទៅបោះឆ្នោតថ្ងៃទី២៣កក្កដាខាងមុខនេះ ដោយជ្រើសរើសគណបក្សនយោបាយដែលខ្លួនស្រឡាញ់ពេញចិត្ត ដើម្បីបន្តថែរក្សាការពារសន្តិភាព, ភាពសុខសាន្ត និងការអភិវឌ្ឍន៍ នៃសង្គមជាតិកម្ពុជា…និងមិនត្រូវចាញ់លើការឃោសនាអកុសលពីបុគ្គលអគតិមួយចំនួនតូច» ទាំងនោះឡើយ។