ទិវារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិចក្រភពខ្មែរ នៅតំបន់អង្គរ នឹងពង្រឹងឡើងវិញ ជាការទាក់ទាញ ទេសចរណ៍ នៅអង្គរ

ភ្នំពេញ៖ ក្នុងសន្និសីទកាសែត កាលពីព្រឹកថ្ងៃទី១១ ខែកក្កដា នៅអាគារគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានថ្លែងថា ទិវារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិចក្រភពខ្មែរនៅតំបន់អង្គរ នឹងត្រូវពង្រឹងឡើងវិញ ដើម្បីជាការទាក់ទាញទេសចរណ៍ នៅអង្គរ ដ្បិតទិវារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិចក្រភពខ្មែរមួយនេះត្រូវបានអាក់ខានរៀបចំឡើង កាលពីឆ្នាំ២០២០ និងឆ្នាំ២០២១ ដោយសារមានការផ្ទុះឡើង និងរីករាលដាលខ្លាំងនៃជំងឺកូវីដ១៩ ជាកសល និងឆ្នាំ២០២២ក៏មិនទាន់ទទួលបានជោគជ័យវិញប៉ុន្មានដែរ ព្រោះមានអ្នកចូលរួមប្រមាណ១ពាន់នាក់ប៉ុណ្ណោះ។ ហេតុនេះ កម្ពុជា បាននឹងកំពុងរៀបចំព្រឹត្តិការណ៍នេះ ឱ្យបានកាន់តែល្អវិញ សម្រាប់ការរៀបចំ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣ខាងមុខនេះ។

ឯកឧត្តម វ៉ាត់ ចំរើន បានគូសបញ្ជាក់ថា តំបន់អង្គរវត្ត ជាតំបន់បេតិកភណ្ឌ និងជាតំបន់គោលដៅទេសចរណ៍ឯក គ្មាន ២ នៅលើលោក ដែលមានការទាក់ទាញខ្លាំងសម្រាប់អ្នកទេសចរណ៍។ ហេតុដូច្នោះហើយ រាជរដ្ឋាភិបាល ក៏ដូចជា ក្រសួងទេសចរណ៍ បានដាក់ចេញនូវយុទ្ធសាស្រ្ត ក្នុងការបង្កើតឱ្យមានព្រឹត្តិ ការណ៍កីឡាទេស ចរណ៍បែបនេះ ឱ្យមានភាពសម្បូរបែប និងគ្រប់រូបភាព ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ ដោយសារតែកម្ពុជា ជាប្រទេសសក្កានុពលទេសចរណ៍។

ឯកឧត្តម វ៉ាត់ ចំរើន បានថ្លែងទៀតថា ព្រឹត្តិការណ៍ម៉ារ៉ាតុង និងពាក់កណ្តាលម៉ារ៉ាតុង នៅសៀមរាបនេះ ជាចំណូលមួយ ក្នុងការទាក់ទាញ ទេសចរណ៍ បង្កើតនូវការងារ និងចំណូល ចាក់ចូលទៅក្នុងចរន្តសេដ្ឋកិច្ចក្រៅប្រព័ន្ធច្រើន។មានន័យថា អ្នកផ្តល់ សេវាលើការស្នាក់នៅ ហូបចុក និងសេវាទេសចរណ៍ផ្សេងៗទៀត ទទួលបានផលចំ ណេញពីការរៀបចំព្រឹ ត្តិការណ៍កីឡា នៅខេត្តសៀមរាបនេះ។

ឯកឧត្តម បានគូសបញ្ជាក់បន្ថែមថា ការរៀបចំទិវារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិចក្រភពខ្មែរ លើកទី៨ នៅឆ្នាំ២០២៣នេះ យើងចាប់ផ្តើមជំរុញការរៀបចំនេះឱ្យបានល្អជាងមុន។ ទន្ទឹមជាមួយគ្នានេះ ឯកឧត្តម វ៉ាត់ ចំរើន បានអំពាវនាវដល់អ្នកស្នេហាវិស័យកីឡារត់ប្រណាំងនៅក្នុងស្រុក សូមមកចុះឈ្មោះឱ្យបានរួសរាន់ គឺចៀសវាងជិតដល់ថ្ងៃប្រកួត ទើបមកចុះឈ្មោះ នាំឱ្យមានហានិភ័យទៅលើការរៀបចំ និងការគ្រប់គ្រង ព្រោះគណៈកម្មការ ត្រូវរៀបចំមេដាយ អាវ និងសម្ភារផ្សេងៗទៀត ទៅតាមចំនួនមនុស្ស ដើម្បីឱ្យការចូលរួមរបស់ពួកគាត់ពេញលក្ខណៈ ហើយប្រាក់កម្រៃ ទទួលបានពីការរៀបចំព្រឹត្តិការណ៍នេះ នឹងត្រូវយកទៅជួយដល់សង្គមវិញ គឺមិនមែនធ្វើ ដើម្បីរកផលចំណេញនោះឡើយ។

ចំណែកលោក សែម ផល្លា នាយកប្រតិបត្តិព្រឹត្តិការណ៍ពាក់កណ្តាលម៉ារ៉ាតុង និងម៉ារ៉ាតុង នៅកម្ពុជា បានឱ្យដឹងដែរថា ទិវារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិចក្រភពខ្មែរ លើកទី៨ ឆ្នាំ២០២៣ នៅថ្ងៃទី៦ ខែសីហា ខាងមុខនេះ មានការប្រកួតម៉ារ៉ាតុងចម្ងាយ៤២គីឡូម៉ែត្រ ពាក់កណ្តាលម៉ារ៉ាតុងចម្ងាយ២១គីឡូម៉ែត្រ រត់ចម្ងាយ១០គីឡូម៉ែត្រ និងរត់កម្សាន្តលក្ខណៈគ្រួសារចម្ងាយ៣គីឡូម៉ែត្រ។ចំពោះឧបករណ៍ សម្ភារ និងការងារបច្ចេកទេសផ្សេងៗទៀត សម្រាប់បម្រើដល់ការរៀបចំទិវារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិចក្រភពខ្មែរនេះ ត្រូវបានលោក សែម ផល្លា បញ្ជាក់ថា បានរៀបចំរួចរាល់អស់ហើយ តាមលក្ខណៈស្តង់ដារអន្តរជាតិ ដើម្បីផ្តល់សុខ សុវត្ថិភាពដល់អ្នកចូលរួមទាំងអស់ ហើយការរៀបចំព្រឹត្តិការណ៍នេះ ក៏ដើម្បីប្រកួតប្រជែងជាមួយបណ្តាប្រទេសនៅក្នុងតំបន់ផងដែរ។ លោក សែម ផល្លា បានបញ្ជាក់ថា៖ នៅខែសីហា ជារដូវភ្លៀង ហើយក្នុងឆ្នាំនេះ ភ្ញៀវទេសចរណ៍របស់យើង ក៏មិនសូវមានវត្តមានច្រើនប៉ុន្មាននោះដែរ អ៊ីចឹងទេយើងត្រូវនាំគ្នាធ្វើឱ្យវិស័យកីឡារត់ប្រណាំង នៅក្នុងប្រទេសរបស់យើង មានការរីកចម្រើន ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ ព្រមទាំងលើកស្ទួយកិត្យានុភាពនៃព្រឹត្តិការណ៍កីឡាម៉ារ៉ាតុងរបស់យើង នៅលើឆាកអន្តរជាតិ។

សូញ្ជាក់ថា គិតត្រឹមថ្ងៃទី១១នេះ យើងទទួលបានអ្នកចុះឈ្មោះចូលរួមជាង២ពាន់នាក់ហើយ ក្នុងនោះមានជនបរទេសប្រមាណ៥០០នាក់ ដែលភាគច្រើនជាជនជាតិជប៉ុន ចិន និងវៀតណាម ចំណែកជនជាតិកម្ពុជាមានជាង១៦០០នាក់ ហើយចំនួននេះ អាចនឹងមានការកើនឡើងជាបន្តទៀត ព្រោះការចុះឈ្មោះ យើងបន្តបើកនៅឡើយទេ៕

អត្ថបទ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner