ក្រសួងការងារ៖ ការប្រមូលភាគទានរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន បានសរុបប្រមាណ ៦៨លាន ៩៤០ពាន់ដុល្លារ

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឱ្យដឹងថាក្នុងការអនុវត្ត អំពីរបប សន្តិសុខសង្គមផ្នែកប្រាក់សោធនចាប់ពីខែតុលា ឆ្នាំ២០២២ មកក្រសួង បានចុះបញ្ជី សហគ្រាស គ្រឹះស្ថាន ចំនួន ១៥ ៥៤៤ មានកម្មករនិយោជិត ២ ៦២៩ ៥៥៣ នាក់ ក្នុងនេះបានប្រមូលភាគទានពីនិយោជក និង កម្មករនិយោជិតសរុបបានប្រមាណ ២៧៩ពាន់ ២៧៨លានរៀល (ស្មើនឹងប្រមាណ ៦៨លាន ៩៤០ពាន់ដុល្លាអាមេរិក)។

បើតាម ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាបានថ្លែង ក្នុងពិធី សម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “អគារស្នាក់ការកណ្តាលបេឡាជាតិ សន្តិសុខសង្គម (ប.ស.ស.) នាពេលថ្មីៗមកនេះបានឱ្យដឹងថា៖ច្បាប់ស្តីពីរបបសន្តិសុខសង្គមថ្មី បានកំណត់ ការគ្រប់គ្រងរបបសន្តិសុខសង្គមរបស់ កម្ពុជា រួមមាន៖

ផ្នែកហានិភ័យការងារ, ផ្នែកថែទាំ សុខភាព, ផ្នែកប្រាក់សោធន និងផ្នែកនិកម្មភាពការងារ ហើយដែលមានវិសាលភាពគ្របដណ្តប់ ទាំងវិស័យឯកជននិងវិស័យសាធារណ: មកដល់ពេលនេះយើងបាន អនុវត្តរបបសន្តិសុខសង្គម ចំនួន ៣រួមមាន៖ ទី១.ផ្នែកហានិភ័យការងារ ទី២.ផ្នែកថែទាំសុខភាព និងទី៣.ផ្នែកប្រាក់ សោធន ដាក់ឱ្យអនុវត្តចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ ហើយការដាក់ឱ្យអនុវត្តរបបសន្តិសុខ សង្គមផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិ នៃច្បាប់ស្តីពី ការងារ គឺជា ជំហានថ្មីមួយទៀត ដែលជា “ជំហានឆ្ពោះទៅកាន់ការអភិវឌ្ឍប្រព័ន្ធសន្តិសុខសង្គម ពេញលេញនៅកម្ពុជា” និងជា ចំណែកក្នុងការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមមួយដ៏រឹងមាំ ប្រកបដោយចីរភាព និងបរិយាបន្ន ដើម្បីជាប្រយោជន៍ សម្រាប់ប្រជាជនគ្រប់ក្រុមគោលដៅ។

ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងបញ្ជាក់បន្ថែមថាការផ្តល់ប្រាក់សោធនដែរគឺរាជរដ្ឋាភិបាលបានគិតគូរ ផ្តល់កិច្ចគាំពារដល់កម្មករនិយោជិត ទាំងក្នុងពេលបំពេញការងារ រហូតដល់ពេលធ្វើការលែងកើត និងឈានដល់វ័យចាស់ ដែលសុខភាពចុះខ្សោយ មិនអាចប្រកបរបរ ឬធ្វើការងារពេញលេញរកប្រាក់ចំណូលបានដូចពីនៅមានកម្លាំងពលកម្ម។

គួរបញ្ជាក់ដែរថាកម្ពុជាបានដាក់ឱ្យដំណើរការនូវរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន កាលពីខែ តុលា ឆ្នាំ ២០២២ ដោយក្នុងនេះបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) មានកាតព្វកិច្ចក្នុងការគ្រប់គ្រង និងចាត់ចែងរបបសន្តិសុខសង្គមផ្នែកប្រាក់សោធននេះ ព្រមទាំងមានកាតព្វកិច្ចប្រមូលភាគទានផ្នែកប្រាក់សោធន សម្រាប់ជាប្រយោជន៍ដល់កម្មករនិយោជិតនៅពេលចាស់ទៅ ចាប់ពីអាយុ ៦០ឆ្នាំឡើងដើម្បីមានប្រាក់ចូលនិវត្តន៍សម្រាប់ទ្រទ្រង់ជីវិត៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner