តុលាការកំពូលជប៉ុន៖ ដែនកំណត់នៃបន្ទប់ទឹកសម្រាប់ស្ត្រីកែភេទជារឿងមិនអាចទទួលយកបាន
តូក្យូ៖កាលពីថ្ងៃទី១១ខែកក្កដា តុលាការកំពូលរបស់ប្រទេសជប៉ុនបានសម្រេចថា ការរឹតត្បិតស្ត្រីកែភេទពីការប្រើបន្ទប់ទឹកនៅកន្លែងធ្វើការរបស់ពួកគេ ជារឿងដែលមិនអាចទទួលយកបាន។
ការសម្រេចរបស់តុលាការជប៉ុនបែបនេះ បានក្លាយជាផ្នែកមួយនៃការជួយលើកកម្ពស់សិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា ឬហៅម៉្យាងទៀតថា LGBT។ គួរដឹងដែរថា ក្នុងចំណោមបណ្ដាប្រទេស G7 ទាំងអស់ មានតែជប៉ុនមួយគត់ដែលជាប្រទេសគ្មានការការពារផ្លូវច្បាប់សម្រាប់សហជីពអ្នកស្រឡាញ់ភេទដូចគ្នា។
នេះជាលើកដំបូងហើយដែលតុលាការកំពូលរបស់ប្រទេសជប៉ុនបានដាក់ចេញសេចក្តីសម្រេចស្តីពីបរិយាកាសការងារសម្រាប់បុគ្គល LGBT។ សេចក្តីសម្រេចនេះធ្វើឡើងបន្ទាប់ពីមានសេចក្តីសម្រេចរបស់តុលាការក្នុងតំបន់ បានបង្កលក្ខណៈអំណោយផលភាគច្រើនទៅដល់អាពាហ៍ពិពាហ៍រវាងមនុស្សស្រឡាញ់ភេទដូចគ្នា និងការអនុម័តច្បាប់ដើម្បីជំរុញការយល់ដឹង និងការទទួលយកសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា។
គួរដឹងដែរថា ថ្មីៗនេះ មន្ត្រីកែភេទម្នាក់នៅក្រសួងសេដ្ឋកិច្ចបានដាក់ពាក្យបណ្តឹងទៅតុលាការ បន្ទាប់ពីនាងត្រូវបានគេបដិសេធមិនឱ្យចូលបន្ទប់ទឹកស្ត្រីនៅក្បែរនោះ ហើយត្រូវបានគេបង្គាប់ឱ្យទៅប្រើបន្ទប់ទឹកនៅជាន់ផ្សេងដែលនៅឆ្ងាយ។ នៅឆ្នាំ២០១៩ តុលាការក្រុងតូក្យូធ្លាប់បានប្រកាសថា ការរឹតបន្តឹងនេះជារឿងខុសច្បាប់ ប៉ុន្តែនៅឆ្នាំ២០២១ តុលាការជាន់ខ្ពស់ទីក្រុងតូក្យូបានបដិសេធការសម្រេចមួយនេះ។
នៅប្រទេសជប៉ុន អ្នកកែភេទអាចផ្លាស់ប្តូរភេទរបស់ពួកគេដោយស្របច្បាប់នៅលើបញ្ជីគ្រួសាររបស់ពួកគេ ប្រសិនបើពួកគេបានទទួលការវះកាត់ប្តូរភេទ។ យ៉ាងណាក៏ដោយ ប្រព័ន្ធផ្សព្វផ្សាយបានឱ្យដឹងថា ស្ត្រីនៅក្នុងសំណុំរឿងរបស់តុលាការខាងលើមិនអាចធ្វើដូច្នេះបានទេ ដោយសារហេតុផលសុខភាពរបស់នាង។
ក្រសួងបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ៖ «យើងនឹងពិនិត្យសេចក្តីសម្រេចយ៉ាងយកចិត្តទុកដាក់ និងចាត់វិធានការសមស្របណាមួយ បន្ទាប់ពីបានពិគ្រោះជាមួយក្រសួង និងស្ថាប័នពាក់ព័ន្ធ»។ ក្រសួងបានបន្ថែមថា ខ្លួននឹងបន្តខិតខំប្រឹងប្រែងដើម្បីគោរពភាពសម្បូរបែប និងភាពចម្រុះនៃបុគ្គលិករបស់ខ្លួន។
ក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ មានសំណុំរឿងតុលាការក្នុងស្រុកចំនួន ៥ ដែលមានជាប់ទាក់ទងនឹងការរៀបការភេទដូចគ្នា។ ក្នុងនោះ ៤ ករណីត្រូវបានតុលាការប្រកាសថា ការហាមឃាត់ការរៀបអាពាហ៍ពិពាហ៍ភេទដូចគ្នាគឺមិនស្របតាមរដ្ឋធម្មនុញ្ញ។ ទោះជាយ៉ាងណា ១ ករណីទៀតត្រូវបានតុលាការបានតម្កល់ធម្មនុញ្ញភាពនៃការមិនអនុញ្ញាតឱ្យមានការរៀបការភេទដូចគ្នា។
កាលពីថ្ងៃទី១៦ ខែមិថុនា ប្រទេសជប៉ុនបានអនុម័តច្បាប់មួយដើម្បីលើកកម្ពស់ការយល់ដឹង និងការទទួលយកសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា។ អ្នករិះគន់បានអះអាងថា ច្បាប់នេះខ្វះការការពារសិទ្ធិមនុស្ស ខណៈសមាជិកសភាមួយចំនួនបានសម្ដែងការព្រួយបារម្ភអំពីការអនុញ្ញាតរបស់ច្បាប់នេះជ្រុលហួសហេតុ។
បើទោះបីជាច្បាប់នេះត្រូវបានទទួលសម្ពាធពីសមាជិកសភាអភិរក្សនិយមក៏ដោយ ក៏ច្បាប់នៅតែបង្កឱ្យមានការឆ្លើយតបជាអវិជ្ជមានចំពោះអ្នកប្តូរភេទ។ យ៉ាងណាក៏ដោយ តំណាងរាស្រ្តមួយក្រុមបានចេញមកតស៊ូមតិ ដោយលើកឡើងអំពីសុវត្ថិភាពរបស់ស្ត្រីនៅក្នុងបន្ទប់ទឹក កន្លែងងូតទឹកសាធារណៈ និងកន្លែងងូតទឹកក្តៅជាដើម៕
ប្រែសម្រួល៖ធា សុណា
ប្រភពព័ត៌មាន៖ Reuters Toilet limits for transgender woman ‘unacceptable,’ Japan’s top court