នាយក​រដ្ឋមន្ត្រី​ចាំផ្ទះ​ថៃ លោក ប្រាយុទ្ធ សុំ​លាឈប់​ពីកិច្ចការ​នយោបាយ

ថៃ៖ នាយករដ្ឋមន្ត្រីចាំផ្ទះរបស់ប្រទេសថៃ លោក ប្រាយុទ្ធ ចាន់អូចា (Prayut Chan-o-cha) នៅថ្ងៃ​ទី១១ ខែកក្កដា បានប្រកាសថា លោកនឹងលាឈប់ពីកិច្ចការងារនយោបាយ ហើយចាកចេញពីគណបក្សរួមគ្នាកសាងជាតិ (United Thai Nation) មុនពេលការបោះឆ្នោតសភាដើម្បីជ្រើសរើសនាយករដ្ឋមន្ត្រីសម្រាប់អាណត្តិបន្ទាប់។​

នាយឧត្តមសេនីយ៍ចូលនិវត្តន៍រូបនេះ បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុករបស់គណបក្សលោកដោយបានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋដែលតែងតែបានគាំទ្ររូបលោក និងក្រុមអ្នកនយោបាយរបស់លោក ជាពិសេសអំឡុងពេលបោះឆ្នោតសកលកាលពីថ្ងៃទី១៤ខែឧសភាកន្លងទៅ។លោក​បាន​សរសេរថា៖«​ខ្ញុំ​សូម​ប្រកាស​ថា​ខ្ញុំ​នឹង​ចូល​និវត្តន៍​ពី​នយោ​បាយ​ដោយ​លាលែង​ពី​សមាជិកភាព​របស់​គណបក្សរួមគ្នាកសាងជាតិ»។​

លោកបានបន្តថា ៖ «ខ្ញុំក៏សូមសំណូមពរដល់ថ្នាក់ដឹកនាំគណបក្ស នាយកប្រតិបត្តិគណបក្ស និងសមាជិកបក្ស បន្តសកម្មភាពនយោបាយរបស់ខ្លួន ប្រកាន់ខ្ជាប់នូវមនោគមវិជ្ជា មិនប្រែប្រួល ការពារជាតិ សាសនា និងព្រះមហាក្សត្រ និងមើលថែរក្សាប្រជាជនថៃ»។​

គួររំឭកថា ឧត្តមសេនីយ៍ ប្រាយុទ្ធ បានក្លាយជានាយករដ្ឋមន្ត្រីកាលពីឆ្នាំ២០១៤ បន្ទាប់ពីបានដឹកនាំរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យរបស់លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា (Yingluck Shinawatra’s)។ របបយោធារបស់លោក បានគ្រប់គ្រងប្រទេសថៃអស់រយៈពេលជិត ៥ ឆ្នាំ បន្ទាប់មក ការបោះឆ្នោតសកលមួយត្រូវបា​នធ្វើឡើងនៅឆ្នាំ២០១៩ ហើយបានបង្កើតរដ្ឋធម្មនុញ្ញថ្មីដែលសរសេរឡើងដោយគណៈកម្មាធិការ តែងតាំងដោយរបបយោធា។​

នៅពេលនោះ លោកគឺជាបេក្ខជននាយករដ្ឋមន្ត្រីតែមួយគត់នៃគណបក្សដែលបានគាំទ្ររបបយោធា ​គឺគណបក្សអំ​ណាចពលរដ្ឋ (Palang Pracharat)។ គណបក្សនេះបានដឹកនាំ និងបង្កើតរដ្ឋាភិបាលជាមួយនឹងសម្ព័ន្ធមិត្តន​យោបាយរបស់ខ្លួន បើទោះបីជាគណបក្សប្រឆាំងភឿថៃ (Pheu Thai) មានអាសនៈភាគច្រើននៅក្នុងសភាជាន់ទាបក៏ដោយ។​

នៅថ្ងៃទី១៤ ខែឧសភាឆ្នាំនេះ គណបក្សរួមគ្នាកសាងជាតិ ដែលជាគណបក្សថ្មីរបស់លោក បានចាញ់ការបោះឆ្នោត ដោយគណបក្សឈានឆ្ពោះទៅមុខ (Move Forward) បានដណ្ដើមជ័យជម្នះ ដោយទទួលបានសំឡេងគាំទ្ររហូតដល់ទៅ ១៥១ អាសនៈក្នុងសភា។ បន្ទាប់មកគណបក្សឈានឆ្ពោះទៅមុខ បានបង្កើតសម្ព័ន្ធភាពជាមួយសម្ព័ន្ធមិត្តនយោបាយចំនួនប្រាំពីរគណបក្សផ្សេងទៀត។ ​

គួរបញ្ជាក់ថា គណបក្សទាំងប្រាំពីរនោះរួមមាន គណបក្ស​ភឿថៃ (Pheu Thai) គណបក្សប្រាឆាឆាត (Prachachat) គណបក្សសេរីរួមថៃ (Thai Liberal) គណបក្សថៃកសាងថៃ (Thai Sang Thai) គណបក្សយុត្តិធម៌ (Fair) គណបក្សអំណាចសង្គមថ្មី (Plung Sungkum Mai) និងគណបក្សរួមគ្នាដើម្បីជាតិថៃ (Pue Thai Rumphlang)។ ​

ជារួម ពួកគេមានអាសនៈទាំងអស់ចំនួន ៣១២ អាសនៈនៅក្នុងសភាតំណាងរាស្រ្ត ដែលមានសមាជិកចំនួន ៥០០ រូប៕

ប្រែសម្រួល៖ធា សុណា

ប្រភពព័ត៌មាន៖ Channel NewsAsia Thailand caretaker PM and ex-coup leader Prayut to quit politics

ads banner