សេតវិមានបើកភ្លើងបៃតងដោះស្រាយបញ្ហាកិច្ចព្រមព្រៀងសព្វាវុធជាមួយតួកគី

វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិកបានយល់ព្រមជំរុញការលក់យន្តហោះចម្បាំង F-16 ដ៏ចម្រូងចម្រាសទៅឱ្យប្រទេសតួកគី។

រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានយល់ព្រមជំរុញការលក់យន្តហោះចម្បាំង F-16 ដ៏ចម្រូងចម្រាសទៅឱ្យតួកគី ពោលគឺប៉ុន្មានម៉ោងបន្ទាប់ពីទីក្រុងអង់ការ៉ាអនុញ្ញាតឱ្យស៊ុយអែតចូលជាសមាជិកអង្គការណាតូ។ ទីប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក ជេក ស៊ូលីវ៉ាន បានប្រកាសពីការសម្រេចចិត្តនេះ នៅថ្ងៃអង្គារដោយនិយាយថា លោក បៃដិន នឹងធ្វើការជាមួយសភា ដើម្បីទទួលបានកិច្ចព្រមព្រៀងទិញលក់សព្វាវុធចុងក្រោយ។

កន្លងមក សមាជិកព្រឹទ្ធសភាអាមេរិកមួយក្រុមបានគំរាមរារាំងកិច្ចព្រមព្រៀងទិញលក់យន្តហោះ F-16 ទៅឱ្យតួកគីកាលពីខែកុម្ភៈ លុះត្រាតែទីក្រុងអង់ការ៉ាយល់ព្រមលើការដេញថ្លៃរបស់ស៊ុយអែត និងហ្វាំងឡង់ ក្នុងការចូលរួមជាមួយប្លុកយោធាដឹកនាំដោយសហរដ្ឋអាមេរិក។ បើទោះបីជាតួកគីផ្លាស់ប្ដូរគោលជំហររបស់ខ្លួនក៏ដោយ ក៏សមាជិកសភាអាមេរិកមួយចំនួននៅតែមិនពេញចិត្ត ចំពោះកិច្ចព្រមព្រៀងទិញលក់យន្តហោះចម្បាំង F-16។

សូមរម្លឹកថា ក្នុងឆ្នាំ ២០១៩ សហរដ្ឋអាមេរិកបានដកតួកគីចេញពីកម្មវិធីទិញលក់យន្តហោះចម្បាំង F-35 ដោយសារតែទីក្រុងអង់ការ៉ាទិញប្រព័ន្ធការពារដែនអាកាស S-400 ដែលផលិតដោយរុស្ស៊ី។ តួកគីបានស្នើសុំការយល់ព្រមពីអាមេរិកក្នុងខែតុលា ឆ្នាំ២០២១ សម្រាប់កិច្ចព្រមព្រៀងមានតម្លៃ ២០ពាន់លានដុល្លារ ដែលនឹងរួមបញ្ចូលយន្តហោះចម្បាំង F-16 ថ្មី ដែលផលិតដោយក្រុមហ៊ុន Lockheed Martin ក៏ដូចជាឧបករណ៍ទំនើបកម្មសម្រាប់យន្តហោះចម្បាំងដែលមានស្រាប់របស់តួកគី៕

ប្រភព៖ RT ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner