រដ្ឋមន្ត្រីការបរទេសកម្ពុជាបញ្ជាក់ឡើងវិញនូវការគាំទ្ររបស់កម្ពុជាចំពោះការស្ម័គ្រចិត្តរបស់ចិនក្នុងការចុះហត្ថលេខាលើពិធីសារអាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ

ភ្នំពេញ៖ នៅក្នុងកិច្ចប្រជុំគណៈកម្មការតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ (SEANWFZ) ទីក្រុងហ្សាកាតា នៃសាធារណារដ្ឋឥណ្ឌូនេស៊ី កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បានសង្កត់ធ្ងន់លើគុណសម្បត្តិនៃវិធីសាស្ត្រ “មកមុនទទួលមុន” សម្រាប់ការចុះហត្ថលេខាលើពិធីសារនៃសន្ធិសញ្ញា SEANWFZ ដោយគ្មាន “ខបម្រុង” ដើម្បីជំរុញ ដល់រដ្ឋដែលមានអាវុធនុយក្លេអ៊ែរផ្សេងទៀត ចុះហត្ថលេខាជាបន្តបន្ទាប់។ នេះបើយោងតាមលទ្ធផលនៃកិច្ចប្រជុំមន្ត្រីការបរទេសអាស៊ានលើកទី៥៦ (សម័យពេញអង្គ) កិច្ចប្រជុំគណៈកម្មការតំបន់អាស៊ីអាគ្នយ៍គ្មានអាវុធនុយក្លេអ៊ែរ និងជំនួបរវាងរដ្ឋមន្ត្រីការបរទេសអាស៊ានជាមួយតំណាងនៃគណៈកម្មការ អន្តររដ្ឋាភិបាលអាស៊ានស្ដីពីសិទ្ធិមនុស្ស ដែលផ្សព្វផ្សាយដោយក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣។

រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ក៏បានបញ្ជាក់ឡើងវិញនូវការគាំទ្ររបស់កម្ពុជា ចំពោះការស្ម័គ្រចិត្តរបស់ចិន ក្នុងការចុះហត្ថលេខាលើពិធីសារនេះមុនគេ ដោយគ្មាន “ខបម្រុង” ហើយដូចបានស្នើដោយប្រធានអាស៊ាន ការចុះហត្ថលេខាលើពិធីសារខាងលើអាចនឹងធ្វើឡើងក្នុងអំឡុងពេលកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំ កំពូលពាក់ព័ន្ធ នៅខែកញ្ញា ឆ្នាំនេះ។

កិច្ចប្រជុំគណៈកម្មការតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ (SEANWFZ) បានប្ដេជ្ញាចិត្តសារជាថ្មីចំពោះការរក្សាតំបន់អាស៊ីអាគ្នេយ៍ជាតំបន់គ្មានអាវុធនុយក្លេអ៊ែរ និងគ្មានអាវុធមហាប្រល័យផ្សេងទៀត ដូចបានកំណត់នៅក្នុងធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញ SEANWFZ ហើយ ក៏បានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការអនុវត្តសន្ធិសញ្ញានេះ រួមទាំងការអនុវត្ត ផែនការសកម្មភាព (២០២៣-២០២៧) ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព។

កិច្ចប្រជុំបានអនុម័តឯកសារទស្សនទាន ស្តីពីលទ្ធភាពនៃគំនិតផ្តួចផ្តើមរួមគ្នារវាងទីភ្នាក់ងារ សម្រាប់ការហាមឃាត់អាវុធនុយក្លេអ៊ែរ នៅអាមេរិកឡាទីន និងតំបន់ការ៉ាប៊ីន (OPANAL) និង អាស៊ាន នៅក្នុងឆ្នាំ២០២៣ នេះ ក្នុងគោលដៅលើកកម្ពស់កិច្ចសហប្រតិបត្តិការ តាមរយៈការចែក រំលែកបទពិសោធន៍ និងឧត្តម្មានុវត្ត រវាងតំបន់គ្មានអាវុធនុយក្លេអ៊ែរទាំងពីរ៕
ដោយ៖ពលជ័យ

ads banner