លោក ពូទីន ព្រមទទួលយកការអញ្ជើញរបស់លោក ស៊ី ទៅបំពេញទស្សនកិច្ចនៅប្រទេសចិន ក្នុងខែតុលាខាងមុខ

មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន តាមសេចក្តីរាយការណ៍ បានទទួលយកការអញ្ជើញរបស់សមភាគីចិនលោក ស៊ី ជីនពីង ដើម្បីមកបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំង ក្នុងខែតុលាខាងមុខនេះ។

ផែនការដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន មកបំពេញទស្សនកិច្ចនៅប្រទេសចិន ក្នុងខែតុលាខាងមុខ បានលេចចេញជារូបរាងកាលពីថ្ងៃចន្ទសប្តាហ៍នេះ នៅពេលដែលលោក ស៊ី បានជួបជាមួយប្រធានក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី លោកស្រី វ៉ាលែនទីណា ម៉ាត់វីយែនខូ។

នាឱកាសនោះ លោក ស៊ី បានប្រាប់លោកស្រី ម៉ាត់វីយែនខូ ថា រូបលោកកំពុងរៀបចំសម្រាប់លោក ពូទីន មកបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំង ក្នុងខែតុលាខាងមុខ ដើម្បីចូលរួមក្នុងវេទិកាខ្សែក្រវាត់ និងផ្លូវលើកទី ៣ របស់ប្រទេសចិន សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ។នេះបើតាមសារព័ត៌មានរុស្ស៊ី TASS ដកស្រង់ការអត្ថាធិប្បាយរបស់អនុប្រធានក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី លោក អង់ដ្រេ ឌេននីសូវ។

សូមបញ្ជាក់ថា លោក ស៊ី បានអញ្ជើញលោក ពូទីន សាជាថ្មីម្តងទៀត បន្ទាប់ពីរូបលោកបានធ្វើទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ទីក្រុងមូស្គូ ក្នុងខែមីនា ជាទីដែលមេដឹកនាំទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដើម្បីនាំយកទំនាក់ទំនងចិន-រុស្ស៊ី ឆ្ពោះទៅកាន់ “យុគសម័យថ្មី” នៃកិច្ចសហប្រតិបត្តិការ។ ដោយឡែកលោកស្រី ម៉ាត់វីយែនខូ កំពុងបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំងក្នុងសប្តាហ៍នេះ ជាផ្នែកមួយនៃគណៈប្រតិភូសភាសហព័ន្ធ ដើម្បីអនុវត្តកិច្ចព្រមព្រៀងដែលលោក ពូទីន និងលោក ស៊ី បានចុះហត្ថលេខាកាលពីខែមីនាកន្លងទៅ៕

ប្រភព៖ RT ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner