កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៦៖ រដ្ឋមន្ត្រីការបរទេសកម្ពុជាសង្កត់ធ្ងន់ថា ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយដៃគូខាងក្រៅ អាស៊ានត្រូវតែរក្សានូវមជ្ឈភាពរបស់ខ្លួន ទាំងពាក្យសំដី និងសកម្មភាពជាក់ស្ដែង
ភ្នំពេញ៖ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៦ នៅទីក្រុងហ្សាកាតា នៃសាធារណារដ្ឋឥណ្ឌូនេស៊ី កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បានសង្កត់ធ្ងន់ថា ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយដៃគូខាងក្រៅ អាស៊ានត្រូវតែរក្សានូវមជ្ឈភាពរបស់ខ្លួន ទាំងពាក្យសំដី និងសកម្មភាពជាក់ស្ដែង អំឡុងពេលដែលមានការកើនឡើងនៃការប្រកួតប្រជែងរវាងមហាអំណាចនានា ក្នុងភូមិសាស្ត្រនយោបាយ ព្រមទាំងត្រូវផ្តោតសារៈសំខាន់ទៅលើគោលការណ៍បើកចំហ តម្លាភាព និងបរិយាបន្ន។

រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាបានគូសបញ្ជាក់បន្ថែមអំពីភាពចាំបាច់ ក្នុងសមាហរណកម្មសេដ្ឋកិច្ចតំបន់ឱ្យកាន់តែស៊ីជម្រៅ តាមរយៈពាណិជ្ជកម្មសេរី ប្រកបដោយយុត្តិធម៌ បើកចំហ និងបរិយាបន្ន ក្នុងចំណោមប្រទេសសមាជិកអាស៊ាន ក៏ដូចជាជាមួយដៃគូខាងក្រៅនានា។ លើសពីនេះទៀត ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានបញ្ជាក់បន្ថែមថា អាស៊ានត្រូវតែស្វែងរកប្រភពកំណើនថ្មីៗ ដូចជា តាមរយៈឌីជីថលភាវូបនីយកម្ម ការប្រែក្លាយបៃតង បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីត្រៀម ខ្លួនជាស្រេចសម្រាប់ពេលអនាគត។
នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៦ រដ្ឋមន្ត្រីការបរទេសអាស៊ានបានពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងក្នុងការកសាងសហគមន៍អាស៊ាន នៅក្នុងបរិបទវិវឌ្ឍន៍នៃនិម្មាបនកម្មតំបន់ ក្រោមមូលបទ “សារៈសំខាន់អាស៊ាន៖ ស្នូលនៃកំណើន” និងអាទិភាពរបស់ឥណ្ឌូនេស៊ី ដែលផ្តោតលើទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ-បាស៊ីហ្វិក (AOIP)1 កិច្ចប្រជុំបានស្វាគមន៍នូវវឌ្ឍនភាពនៃការសម្រេចបានសមិទ្ធផលរបស់អាស៊ានសម្រាប់ឆ្នាំ ២០២៣ ដែលរួមមាន វឌ្ឍនភាពក្នុងការរៀបចំចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ ការពង្រឹងសមត្ថភាពនិងប្រសិទ្ធភាពស្ថាប័នអាស៊ាន និងការគាំទ្រទីម័រឡេស្តេឱ្យក្លាយជាសមាជិកពេញសិទ្ធិរបស់អាស៊ាន។

កិច្ចប្រជុំបានគូសបញ្ជាក់អំពីសារៈសំខាន់នៃការប្រកាន់ខ្ជាប់នូវមជ្ឈភាពអាស៊ាន និងសាមគ្គី អាស៊ាន នៅក្នុងកិច្ចសហការជាមួយនឹងដៃគូខាងក្រៅរបស់អាស៊ាន។ រដ្ឋមន្ត្រីការបរទេសអាស៊ាន រំពឹងទុកនូវការចុះហត្ថលេខារបស់ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត លើលិខិតូបករណ៍ចូលជាភាគី នៃសន្ធិសញ្ញាស្តីពីមិត្តភាពនិងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ និងបានស្វាគមន៍ការខិតខំប្រឹងប្រែងរបស់ប្រធានអាស៊ានចំពោះការបញ្ចូលប្រទេសម៉ិកស៊ិក ប៉ាណាម៉ា ស៊ែប៊ី និងអេស្ប៉ាញ ចូលជាភាគីនៃ TAC នៅខែកញ្ញា ឆ្នាំ២០២៣ ខាងមុខនេះ ក្នុងឱកាស នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។ រដ្ឋមន្ត្រីការបរទេសអាស៊ានបាន សម្រេចផ្តល់ឋានៈជាដៃគូសន្ទនាតាមវិស័យរបស់អាស៊ានជូនទៅសាធារណរដ្ឋអាហ្វ្រិកខាងត្បូង។

កិច្ចប្រជុំបានផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាក្តីបារម្ភ និងផលប្រយោជន៍រួម ក៏ដូចជា បញ្ហាផ្សេងៗ ដែលតម្រូវនូវការយកចិត្តទុកដាក់ និងការឆ្លើយតបរួមគ្នា។ កិច្ចប្រជុំបានសង្កត់ធ្ងន់លើសារៈសំខាន់ជាយុទ្ធសាស្ត្រនៃការថែរក្សាសន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាព នៅក្នុងកិច្ចសហប្រតិបត្តិការជាមួយដៃគូខាងក្រៅទាំងអស់។ យន្តការដែលដឹកនាំដោយអាស៊ាននៅត ជាយន្តការដែលមានសារៈសំខាន់ខ្ពស់ចំពោះការជំរុញកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការ ដែលប្រកបដោយស្ថាបនា នឹងរួមចំណែកដល់ការអភិវឌ្ឍនិម្មាបនកម្មតំបន់ ដែលកំពុងតែវិវឌ្ឍស្របតាម ទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក៕
ដោយ៖ពលជ័យ




