កូរ៉េខាងជើងបាញ់មីស៊ីលរយៈចម្ងាយឆ្ងាយ មុនកូរ៉េខាងត្បូងនិងជប៉ុនជួបប្រជុំគ្នានៅក្រៅកិច្ចប្រជុំកំពូលណាតូ
ព្យុងយ៉ាង៖ កូរ៉េខាងជើងនៅថ្ងៃពុធទី១២ខែកក្កដាឆ្នាំ២០២៣នេះ បានបាញ់មីស៊ីលរយៈចម្ងាយឆ្ងាយចេញពីឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួន ។សកម្មភាពនេះកើតឡើងស្របពេលមេដឹកនាំកូរ៉េខាងត្បូង និងជប៉ុន គ្រោងនឹងជួបគ្នាក្រៅកិច្ចប្រជុំកំពូលរបស់អង្គការណាតូក្នុងប្រទេសលីទុយអានី ដើម្បីពិភាក្សាអំពីការកើនឡើងនៃការគំរាមកំហែងពីក្រុងព្យុងយ៉ាង ដែលប្រដាប់ដោយអាវុធនុយក្លេអ៊ែរ។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
ការបាញ់បង្ហោះរបស់កូរ៉េខាងជើងចុងក្រោយនេះ ធ្វើឡើងចំពេលភាពតានតឹងភូមិសាស្រ្តនយោបាយក្នុងតំបន់កើនឡើង ក្រោយក្រុងព្យុងយ៉ាងបានចោទប្រកាន់អាមេរិក ថាបានបង្ហោះយន្តហោះចារកម្មយោធារំលោភលើដែនអាកាសនៅក្នុងតំបន់សេដ្ឋកិច្ចរបស់ខ្លួន ដោយព្រមានថានឹងបាញ់វាទម្លាប់ ខណៈថ្កោលទោសការបញ្ជូននាវាទឹកដើរដោយថាមពលនុយក្លេអ៊ែររបស់អាមេរិកទៅកូរ៉េខាងត្បូងថ្មីៗនេះ។
រ៉យទ័របានចុះផ្សាយដោយស្រង់សម្ដីរបស់ឆ្មាំសមុទ្រជប៉ុន ដែលបានឱ្យដឹងថា មីស៊ីលនោះអាចជាប្រភេទមីស៊ីលផ្លោងហើយរំពឹងថានឹងធ្លាក់នៅខាងក្រៅតំបន់តំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ជប៉ុន និងប្រហែល ៥៥០ គីឡូម៉ែត្រពីភាគខាងកើតនៃឧបទ្វីបកូរ៉េ។
ជាមួយគ្នានោះ ទូរទស្សន៍ជប៉ុន TV Asahi បានចុះផ្សាយដោយស្រង់សម្តីមន្ត្រីការពារជាតិជប៉ុនថា មីស៊ីលកូរ៉េខាងជើងដដែល បានហោះក្នុងរយៈកម្ពស់ ៦ ០០០ គីឡូម៉ែត្រ និងរយៈចម្ងាយ ១ ០០០ គីឡូម៉ែត្រ ហើយប្រើពេលពេល ៧៤ នាទី ដែលនេះជាពេលវេលាហោះយូរបំផុតសម្រាប់មីស៊ីលកូរ៉េខាងជើង។
ជុំវិញការវិវត្តន៍ចុងក្រោយនេះ នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីហ្ស៊ីដា ដែលកំពុងស្ថិតនៅប្រទេសលីទុយអានី ដើម្បីចូលរួមកិច្ចប្រជុំកំពូលណាតូ បានបញ្ជាឱ្យមន្រ្តីៗប្រមូលព័ត៌មាន និងរក្សាការប្រុងប្រយ័ត្ន ដើម្បីត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍ដែលមិននឹកស្មានដល់។ នេះបើយោងតាមការិយាល័យនាយករដ្ឋមន្ត្រីជប៉ុន។
គួរបញ្ជាក់ដែរថា លោក គីហ្ស៊ីដា រំពឹងថានឹងជួបជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊កយល នៅថ្ងៃពុធនេះ ដើម្បីពិភាក្សាពីបញ្ហានៃការគំរាមកំហែងពីកូរ៉េខាងជើង ខណៈប្រធានខុទ្ទកាល័យជប៉ុនលោក Hirokazu Matsuno បាននិយាយថា កិច្ចប្រជុំកំពូលមួយក៏គ្រោងទុកជាមួយកូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់ផងដែរ ដោយលោកនិយាយប្រាប់សន្និសីទសារព័ត៌មាននាថ្ងៃពុធ នេះទៀតថា៖ «យើងនឹងឆ្លើយតបដោយកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយសហគមន៍អន្តរជាតិ»។
ទាក់ទិញនឹងការបាញ់បង្ហោះមីស៊ីលចុងក្រោយរបស់កូរ៉េខាងជើង លោក Matsuno បានលើកឡើងថា វាគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពទាំងក្នុងតំបន់ និងសហគមន៍អន្តរជាតិ ដោយវាជាការបង្កហេតុក្នុងន័យរំលោភលើទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ហើយថា ប្រទេសជប៉ុនបានធ្វើការតវ៉ាតាមរយៈប ណ្តាញការទូតនៅទីក្រុងប៉េកាំង។
ក្នុងសប្ដាហ៍នេះ កូរ៉េខាងជើងបានបង្កើនការវាយប្រហារផ្នែកវោហាសាស្រ្តរបស់ខ្លួន ដោយលោកស្រី គីម យ៉ូជុង ដែលជាប្អូនស្រីដ៏មានឥទ្ធិពលរបស់លោកមេដឹកនាំ លោក គីម ជុងអ៊ុន បានថ្កោលទោសផែនការរបស់សហរដ្ឋអាមេរិកក្នុងការពង្រាយនាវាមុជទឹកនុយក្លេអ៊ែរទៅកាន់ដែនទឹកក្បែរឧបទ្វីបកូរ៉េ និងគំរាមកំហែងបាញ់ទម្លាក់យន្តហោះចារកម្មអាមេរិក ក្រោយអះអាងថាវាបានរំលោភលើដែនអាកាសរបស់ខ្លួន។
កន្លងមក កូរ៉េខាងជើងបានធ្វើការសាកល្បងអាវុធរបស់ខ្លួនជាបន្តបន្ទាប់ ខណៈប្រទេសនេះសម្លឹងរកការធ្វើទំនើបកម្មយោធារបស់ខ្លួន។ នៅឆ្នាំនេះ រដ្ឋប្រដាប់ដោយអាវុធនុយក្លេអ៊ែរមួយនេះ បានបាញ់បង្ហោះមីស៊ីលផ្លោងអន្តរទ្វីបដែលប្រើថាមពលរឹក (ICBM) របស់ខ្លួនជាលើកដំបូង និងបានព្យាយាមបង្ហោះផ្កាយរណបចារកម្មយោធាដំបូងដូចគ្នាទៅក្នុងគន្លងតារាវិថី ប៉ុន្តែត្រូវបានបរាជ័យ។
ជារឿយៗ ការបាញ់បង្ហោះសាកល្បងអាវុធរបស់កូរ៉េខាងជើង តែងរងការថ្កោលទោសពីសហគមន៍អន្តរជាតិ លើកលែងតែពីប្រទេសសម្ព័ន្ធមិត្ត រួមមានចិន និងរុស្ស៊ីជាដើម។ ប្រទេសនេះត្រូវបានហាមឃាត់មិនឱ្យប្រើប្រាស់បច្ចេកវិទ្យាមីស៊ីលផ្លោង រួមទាំងសម្រាប់ការបាញ់បង្ហោះផ្កាយរណប ដែលនេះជាការដាក់ទណ្ឌកម្មពីអង្គការសហប្រជាជាតិ ចំពោះកម្មវិធីអាវុធនុយក្លេអ៊ែររបស់ប្រទេស។
ជាមួយគ្នានេះផងដែរ គេក៏ឃើញថា អាមេរិកបានពង្រឹងការធ្វើយោធាកម្មក្នុងតំបន់ រួមទាំងការធ្វើសមយុទ្ធយោធា ក្រោមទំនាក់ទំនងជាមួយសម្ព័ន្ធមិត្តកូរ៉េខាងត្បូង និងជប៉ុន។ សកម្មភាពយោធាបែបនេះ តែងរងការបរិហារពីកូរ៉េខាងជើង ដែលហៅការធ្វើសមយុទ្ធថាជាការត្រៀមធ្វើសង្រ្គាមឈ្លានពានខ្លួន៕
ប្រែសម្រួល៖ហួន ឌីណា
ប្រភព៖ North Korea fires long-range missile ahead of South Korea, Japan meeting