ឯកឧត្តម សាយ សំអាល់ ៖ សូមបន្តជឿជាក់លើរាជរដ្ឋាភិបាលដឹកនាំដោយ គណបក្សប្រជាជនកម្ពុជា ព្រោះមានគោលនយោបាយច្បាស់លាស់
(ខេត្តព្រះសីហនុ)៖ ក្នុងឱកាសជួបសំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយក្រុមយុវជនក្រៅប្រព័ន្ធចំនួន ៦០០នាក់ នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ នៅមជ្ឍមណ្ឌលសេដ្ឋាច័ន្ទ ខេត្តព្រះសីហនុ ឯកឧត្តម សាយ សំអាល់ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តព្រះសីហនុ មានប្រសាសន៍ថា សូមបន្តជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ព្រោះមានគោលនយោបាយច្បាស់លាស់ប្រទេសឆ្ពោះទៅមុខបន្តទៀត ។

ឯកឧត្តម សាយ សំអាល់ បានថ្លែងអំណរគុណចំពោះបងប្អូនទាំងអស់ ដែលកន្លងមកជឿជាក់មកលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ជួយផ្សព្វផ្សាយនូវគោលនយោបាយ និងមាគ៌ាដ៏ត្រឹមត្រូវក្នុងការអភិវឌ្ឍរីកចម្រើន និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ។ ចក្ខុវិស័យរបស់រាជរដ្ឋាភិបាល គឺធ្វើយ៉ាងណាប្រែក្លាយខេត្តព្រះសីហនុបន្ថែមទៀត ដើម្បីទាក់ទាញវិនិយោគិនមកបណ្តាក់ទុនឲ្យបានច្រើន បង្កើតឱកាសការងារ បង្កើនប្រាក់ចំណូលឲ្យប្រជាពលរដ្ឋឱ្យមានជីវភាពធូរធារ ។

ឯកឧត្តម សាយ សំអាល់ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រះសីហនុ អញ្ជើញបងប្អូនប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត ទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ ដើម្បីគាំទ្របេក្ខភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីបន្តទៀត និងឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់អនាគត។

សូមបញ្ជាក់ថា ៖ នៅក្នុងខេត្តព្រះសីហនុ ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ មានចំនួន ១៤៩ ៨០៧ នាក់ មានការិយាល័យបោះឆ្នោតសរុបចំនួន ៣០៦ និងមានគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត ចំនួន១២ រួមមាន ៖ គណបក្សខ្មែរតែមួយ , គណបក្សសញ្ជាតិកម្ពុជា , គណបក្សកម្លាំងប្រជាធិបតេយ្យ , គណបក្សខ្មែររួបរួមជាតិ,គណបក្សស្រ្តីដើម្បីស្រ្តី , គណបក្សខ្មែរឈប់ក្រ , គណបក្សហ្វ៊ុនស៊ិនប៉ិច , គណបក្សធម្មាធិបតេយ្យ , គណបក្សឯកភាពជាតិខ្មែរ , គណបក្សយុវជនកម្ពុជា , គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា និងគណបក្សប្រជាជនកម្ពុជា ៕

ដោយ / គ្រី សម្បត្តិ