មេបញ្ជាការយោធាខេត្តកំពង់ធំ អំពាវនាវដល់យោធិន និងក្រុមគ្រួសារ អញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣

(កំពង់ធំ)៖ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារយោធាសន្តិសុខប្រចាំខែមិថុនា និងដាក់ចេញនូវទិសដៅសម្រាប់អនុវត្តបន្តប្រចាំខែកក្កដា នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ ឧត្តមសេនីយ៍ទោម សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានអំពាវនាវដល់យោធិនគ្រប់រូប និងក្រុមគ្រួសារដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ត្រូវត្រៀមខ្លួន និងឯកសារគ្រប់គ្រាន់ ដើម្បីទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះឲ្យបានគ្រប់ៗគ្នាកុំបីខានឡើយ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងកោតសរសើរចំពោះលទ្ធផលការងារកន្លងមក ទទួលបានជោគជ័យគួរជាទីមោទនៈ ដោយបានប្រគល់ភារកិច្ចសំខាន់ៗមួយចំនួន ដែលត្រូវអនុវត្តបន្ត រួមមាន ៖

ទី១-ត្រូវបន្តសកម្មភាពអនុវត្តន៍កិច្ចសហប្រតិបត្តិការការពារសន្តិសុខសុវត្ថិភាពនិងសណ្ដាប់ធ្នាប់ ជូនគណបក្សនយោបាយនានា និងប្រជាពលរដ្ឋ ក្នុងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧នៃរដ្ឋសភា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ឲ្យទទួលបានជោគជ័យ។ ជាមួយនេះ គ្រប់បណ្ដាកងឯកភាព ត្រូវយកចាត់ទុកដាក់ការអប់រំរៀនសូត្រអំពីក្រមសីលធម៌ សម្រាប់យោធិននៃកងយោធពលខេមរភូមិន្ទក្នុងដំណើរការបោះឆ្នោត។

ទី២-បន្តសកម្មភាពហ្វឹកហ្វឺនបំប៉នពង្រឹងផ្នែកយុទ្ធវិធី និងអប់រំចិត្តសាស្ត្រជូនកងកម្លាំង តាមផែនការ របស់បញ្ជាការដ្ឋានកងទ័ពជើងគោក និងបញ្ជាការដ្ឋានយោធភូមិភាគទី៤ ដែលទើបបើកវគ្គហ្វឹកហ្វឺននាពេលថ្មីៗនេះ ឲ្យទទួលបានលទ្ធផលល្អ ៕

ដោយ ៖ ប៊ុន រដ្ឋា

ads banner