តុលាការថៃនឹងសម្រេចកាត់ក្តីលើបណ្ដឹងដកសិទ្ធិលោក ភីតា ពីការក្លាយជានាយករដ្ឋមន្រ្តី
ថៃ៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក និងប្រភពពីគណៈកម្មាធិការរៀបចំការបោះឆ្នោតថៃ បានឱ្យដឹងនៅថ្ងៃពុធទី១២ខែកក្កដាថា គណៈកម្មាធិការរៀបចំការបោះឆ្នោតថៃនឹងប្រគល់សំណុំរឿងដកបេក្ខភាពនាយករដ្ឋមន្រ្តីរបស់លោក ភីតា លីមចារើនរ៉ាត ចំពោះការកាន់កាប់ភាគហ៊ុនក្នុងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ ទៅឱ្យតុលាការធម្មនុញ្ញដើម្បីធ្វើការសម្រេចចិត្តកាត់ក្ដី។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
ប្រភពពីគណៈកម្មាការបានប្រាប់រ៉យទ័រថា ស្ថាប័ននឹងស្នើឱ្យ លោក ភីតា មេដឹកនាំបក្សចលនាឆ្ពោះទៅមុខ (MFP) ដែលនាំមុខគេក្នុងការបោះឆ្នោតកាលពីខែឧសភា ព្យួរតំណែងក្នុងនាមជាសមាជិកសភាដោយរង់ចាំការសម្រេចពីតុលាការ។
ប្រភពដដែលបានបដិសេធមិនបញ្ចេញឈ្មោះដោយសារមិនមានសិទ្ធិក្នុងការទម្លាយព័ត៌មានទៅប្រព័ន្ធផ្សព្វផ្សាយ ខណៈពេលវេលានៃការសម្រេចរបស់តុលាការនោះ មិនទាន់បានដឹងនោះទេ។
ការបញ្ជូនសំណុំរឿងទៅតុលាការធម្មនុញ្ញរបស់គណៈកម្មាធិការរៀបចំការបោះឆ្នោតថៃ ធ្វើឡើងមួយថ្ងៃមុនសភាទាំងពីររបស់ថៃ នឹងជួបប្រជុំគ្នាដើម្បីធ្វើការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្រ្តីជុំទី១ នៅថ្ងៃព្រហស្បតិ៍នេះ។
ពេលនេះ អនាគតវាសនាជានាយករដ្ឋមន្រ្តីរបស់លោក ភីតា ស្ថិតនៅក្នុងភាពស្រពិចស្រពិល ដោយគណបក្សនយោបាយចំនួន៨ក្នុងសម្ព័ន្ធភាពរបស់លោក មិនអាចផ្ដល់សំឡេងគាំទ្រគ្រប់គ្រាន់ក្នុងការឱ្យលោកទទួលបានដំណែងមួយនេះ។ លោក ភីតា ត្រូវការសម្លេងគាំទ្រយ៉ាងតិច ៣៧៦ ទាំងពីសមាជិកសភា និងព្រឹទ្ធសភា ប៉ុន្តែសម្ព័ន្ធភាពចម្រុះរបស់លោក អាចផ្ដល់សម្លេងគាំទ្រត្រឹមតែ ៣១២ ពីសមាជិកសភាប៉ុណ្ណេះ។
កន្លងមក បញ្ហាដែលថាលោកកាន់កាប់ភាគហ៊ុនប្រព័ន្ធផ្សព្វផ្សាយ iTV Plc ដែលផ្ទុយពីធម្មនុញ្ញថៃចំពោះការប្រកួតប្រជែងការបោះឆ្នោត គឺជារឿងចម្រូងចម្រាស់រួចស្រាប់ទៅហើយ បន្ថែមពីលើគោលជំហររបស់បក្សចំពោះច្បាប់ស្ដីពីការប្រមាថស្ដេចដ៏តឹងតែង។ យ៉ាងណាមិញ លោក ភីតា បានលើកឡើងម្ដងហើយម្ដងទៀត ថាលោកមិនមានការព្រួយបារម្ភជុំវិញបញ្ហានេះទេ។
ប៉ុន្តែជុំវិញការវិវត្តចុងក្រោយនេះ គណបក្ស MFP របស់លោក ភីតា បានចោទប្រកាន់គណៈកម្មាធិការរៀបចំការបោះឆ្នោតក្នុងសេចក្តីថ្លែងការណ៍ថា ប្រញាប់ប្រញាល់បញ្ជូនសំណុំរឿងទៅតុលាការពេក ហើយបានលើកឡើងថា លោក ភីតា គួរតែទទួលបានឱកាសដើម្បីឆ្លើយតប និងបដិសេធការចោទប្រកាន់។ នេះបើតាមរ៉យទ័រ៕
ប្រែសម្រួល៖ហួន ឌីណា ប្រភព៖ Thai court to decide case seeking PM-hopeful Pita’s disqualification